សំណល់រថយន្តមួយគ្រឿងនៅកន្លែងកើតហេតុ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក លើទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ (រូបថត៖ ISNA/REUTERS)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពិសេសបន្ទាន់មួយកាលពីម្សិលមិញនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ នៅពេលចាប់ផ្តើមកិច្ចប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារលើអ៊ីរ៉ង់ ដោយព្រមានថា សកម្មភាពយោធានៅមជ្ឈិមបូព៌ាអាចបណ្តាលផលវិបាកដែលមិនអាចទាយទុកជាមុនបាន និងអាចបង្កឱ្យមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលគ្មាននរណាម្នាក់អាចគ្រប់គ្រងបាននៅក្នុងតំបន់ដែលមិនស្ថិតស្ថេរបំផុតរបស់ពិភពលោក។ ប្រមុខអង្គការសហប្រជាជាតិបានជំរុញឱ្យសហគមន៍អន្តរជាតិ "ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីរាំងស្កាត់កាកើនឡើងនៃភាពតានតឹងបន្ថែមទៀត"។

នៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត និងតំណាងការទូតនៃរដ្ឋជាសមាជិកក្រុមប្រឹក្សាសន្តិសុខ និងបណ្តាប្រទេសមជ្ឈិមបូព៌ាបានធ្វើបច្ចុប្បន្នភាពស្ថានភាព និងបញ្ជាក់ពីជំហររបស់ខ្លួន។ ឯកអគ្គរដ្ឋទូតបារាំង លោក Jérôme Bonnafont បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបានបញ្ជាក់ថា ការគោរពច្បាប់អន្តរជាតិគឺជាតម្រូវការជាមុនសម្រាប់សន្តិសុខរយៈពេលវែងនៅមជ្ឈិមបូព៌ា និងពិភពលោក។

ឯកអគ្គរដ្ឋទូតចិន លោក Fu Cong បានវាយតម្លៃថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជា "គំរោះគំរើល" ហើយបានថ្កោលទោសការប្រើប្រាស់កម្លាំងណាមួយដើម្បីដោះស្រាយជម្លោះអន្តរជាតិ។ អ្នកការទូតចិនរូបនេះបានសង្កត់ធ្ងន់ថា អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ និងប្រទេសដទៃទៀតនៅក្នុងតំបន់ត្រូវតែគោរព។ ចំពោះខ្លួនវិញ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily A. Nebenzia បានថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលសំដៅលើអ៊ីរ៉ង់ ដែលជា "រដ្ឋសមាជិកអង្គការសហប្រជាជាតិឯករាជ្យ និងមានអធិបតេយ្យភាព"។

កាលពីម្សិលមិញផងដែរ ប្រទេសជាច្រើននៅជុំវិញពិភពលោកបានឡើងសំឡេងអំពីភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា។ ប្រទេសឥណ្ឌាបានអំពាវនាវឱ្យមានដំណោះស្រាយការទូតដើម្បីបន្ថយភាពតានតឹងនៅក្នុងតំបន់ ដោយសង្កត់ធ្ងន់ថា អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រជាជាតិទាំងអស់ត្រូវតែគោរព។ នៅក្នុងសេចក្តីប្រកាសដែលចេញផ្សាយកាលពីម្សិលមិញ ប្រទេសទួរគី និងអេហ្ស៊ីបបានព្រមានអំពីហានិភ័យនៃជម្លោះកាន់តែទូលំទូលាយដែលអាចគំរាមកំហែងដល់អនាគតនៃតំបន់ និងស្ថិរភាពសកល; សង្កត់ធ្ងន់លើសារៈសំខាន់នៃដំណោះស្រាយនយោបាយ និងសន្តិភាព។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃដដែលនោះ លោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ បន្ថយភាពតានតឹង និងត្រឡប់ទៅតុចរចាវិញ។

ដោយបង្ហាញពីសាមគ្គីភាពជាមួយអ៊ីរ៉ង់ ក្រុមហាម៉ាស និងក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន (PIJ) បានបញ្ជាក់ថា អ៊ីរ៉ង់មានសិទ្ធិ «ការពារខ្លួន និងទប់ស្កាត់» ប្រឆាំងនឹងការវាយប្រហារទាំងនេះ។ អ៊ីរ៉ាក់ក៏បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសជិតខាងរបស់ខ្លួនគឺអ៊ីរ៉ង់ និងបានព្រមានប្រឆាំងនឹងការទាញអ៊ីរ៉ាក់ចូលទៅក្នុងជម្លោះនេះ។

បន្ទាប់ពីការវាយប្រហារតបតវិញរបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ រួមទាំងអារ៉ាប់រួម (UAE) បារ៉ែន កាតា គុយវ៉ែត និងហ្ស៊កដានី រដ្ឋឈូងសមុទ្របានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដោយបញ្ជាក់ថា សកម្មភាពរបស់អ៊ីរ៉ង់បានរំលោភលើអធិបតេយ្យភាពរបស់ពួកគេ និងបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋរបស់ពួកគេ។ ក្រសួងការបរទេសគុយវ៉ែតបានបញ្ជាក់ថា ប្រទេសនេះមានសិទ្ធិពេញលេញក្នុងការការពារខ្លួន និងរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងដែនអាកាសរបស់ខ្លួន៕