អមដំណើរលោកប្រធានាធិបតី Trump ក្នុងដំណើរទស្សនកិច្ចនេះ មានមេដឹកនាំសហគ្រាសឈានមុខគេរបស់អាមេរិក រួមទាំងមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ផងដែរ។

បន្ទាប់ពីមកដល់ទីក្រុងរីយ៉ាដ ប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman បានជួបពិភាក្សាការងារ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ថាមពល និងការពារជាតិ។ ក្នុងឱកាសនេះ លោកប្រធានាធិបតី Donald Trump និងព្រះរាជទាយាទ Mohammed Bin Salman បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។ កិច្ចព្រមព្រៀងនេះរួមមានអនុស្សរណៈការយោគយល់គ្នានិងកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យថាមពល ការជីកយករ៉ែ និងការពារជាតិ រួមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដែលមានតម្លៃជិត ១៤២ ពាន់លានដុល្លារអាមេរិក ផ្តោតលើការធ្វើទំនើបកម្មសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត។

ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងជំនួបនៅទីក្រុង Riyadh ថ្ងៃទី ១២ ឧសភា ឆ្នាំ ២០២៥។ រូបថត៖ AA/VNA

បន្ទាប់ពីអារ៉ាប៊ីសាអូឌីត នាថ្ងៃទី ១៤ ឧសភា (ម៉ោងក្នុងស្រុក) ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកាតា និងទៅបំពេញទស្សនកិច្ចនៅ UAE នៅថ្ងៃទី ១៥ឧសភា។ លើសពីនេះ លោកប្រធានាធិបតី Trump ក៏អាចធ្វើដំណើរទៅកាន់ប្រទេស ទួរគី នៅថ្ងៃទី ១៥ ខែឧសភា ប្រសិនបើការចរចាដោយផ្ទាល់រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រព្រឹត្តិទៅនៅប្រទេសនេះ៕