រាល់គោលដៅដែល Forbes ជ្រើសរើសទាំងនោះ ត្រូវឆ្លើយតបនឹងបទដ្ឋាន ខ្ពស់ជាច្រើនដូចជា៖ មុខមាត់កំពុងមានការផ្លាស់ប្ដូរថ្មី ឬអាចជាមជ្ឈមណ្ឌល វប្បធម៌ថ្មី ឬក៏មជ្ឈមណ្ឌលម្ហូបអាហារថ្មី ផងដែរ។

ក្រោយនេះគឺជាបញ្ជីឈ្មោះគោលដៅទេសចរណ៍គួរអោយចាប់អារម្មណ៍បំផុតទាំង១៤ក្នុងឆ្នាំ២០១៩ដែលត្រូវបានជ្រើសរើសដោយទស្សនាវដ្ដី Forbes៖

១. សឹង្ហបុរី

សឹង្ហបុរីជាគោលដៅទេសចរណ៍ល្បីល្បាញតាំងពីយូរណាស់មកហើយ ក៏ប៉ុន្តែប្រទេសនេះកាន់តែល្បីល្បាញថែមទៀតក្នុងឆ្នាំ២០១៨ តាមរយៈការចាក់បញ្ចាំងខ្សែភាពយន្ត “Crazy Rich Asians” និងការទទួលរៀបចំកិច្ចប្រជុំកំពូលអាមេរិក-ស.ប.បកូរ៉េលើកទី១។ ក្នុងឆ្នាំ២០១៩ សឹង្ហបុរីនឹងរំលឹកខួបអនុស្សាវរីយ៍លើកទី២០០នៃទិវាបង្កើតប្រទេស ដោយការរៀបចំពិធីបុណ្យ ពិព័រណ៍ជាច្រើន ក៏ដូចជាបើកសម្ពោធបណ្ដុំលេងកំសាន្ត Jewel នៅក្នុងព្រលានយន្តហោះ Changgi ផងដែរ។

ជើងមេឃនៅសឹង្ហបុរី (រូបថត៖ SINGAPORE TOURISM BOARD)

២. Hudson Yards ទីក្រុងញូវយ៉ក (អាមេរិក)

តំបន់ទីក្រុងពហុមុខងារ Hudson Yards ដោយមានផ្ទៃដី២៨ហិកតា (ជាតំបន់ទីក្រុងឯកជនធំបំផុតនៃសហរដ្ឋអាមេរិក) នៅតាមមាត់ទន្លេ Chelsea ទីក្រុងញូវយ៉កត្រូវបានជ្រើសរើស ដោយសារតែនាខែមេសាខាងមុខ នៅទីនេះនឹងបើកសម្ពោធ The Shed ជាសំណង់ស្ថាបត្យកម្មដ៏ស្អាតអស្ចារ្យមួយដោយមានរោងល្ខោន និងវិចិត្រសាលសិល្បៈជាច្រើន។ មុននោះ នាខែមីនា អគារ The Shops នឹងត្រូវបានបើកសម្ពោធជាមួយហាងលក់រាយប្រមាណ១០០កន្លែង។

តំបន់ទីក្រុងពហុមុខងារ Hudson Yards (រូបថត៖ Hudson Yards)

៣. ទីក្រុង Williamsburg រដ្ឋ Virginia (អាមេរិក)

ដើម្បីរំលឹកខួបលើកទី៤០០នៃទិវាបង្កើតក្រុមប្រឹក្សានីតិបញ្ញាត្តិដើមដំបូង និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងៗទៀត ទីក្រុង Williamsburg និងទីក្រុងជុំវិញមួយចំនួននឹងរៀបចំសកម្មភាពដ៏សម្បូរបែប។ ឧទ្យាន Busch Gardens និងឧទ្យានទឹក Water Country USA ក៏បានបង្ហាញមុខល្បែងកំសាន្តថ្មីៗផងដែរ។

សណ្ឋាគារ Williamsburg (រូបថត៖ Williamsburg INN)

៤. Central Coast រដ្ឋ California (អាមេរិក)

ឆ្នេរសមុទ្រនេះជានិច្ចកាលជាទីបង្អង់ដំណើរគួរអោយចងចាំនៅ California។ ឆ្នាំនេះ Pebble Beach Resorts នឹងរំលឹកខួបលើកទី១០០នៃទិវាបង្កើត ដោយមានព្រឹត្តិការណ៍ធំៗជាច្រើន។

ឆ្នេរសមុទ្រ Rosewood Miramar (រូបថត៖ ROSEWOOD MIRAMAR BEACH MONTECITO)

៥. វៀតណាម

ពិតណាស់ថា Pho ជាមុខម្ហូបឈ្ងុយឆ្ងាញ់គួរអោយទាក់ទាញយ៉ាងខ្លាំងក៏ប៉ុន្តែវៀតណាមនៅតែមានវត្តអារ៉ាមដ៏ស្អាតអស្ចារ្យនិងពិធីបុណ្យទានរស់រវើកជាច្រើនទៀតផង។ មានបទពិសោធន៍ថ្មីថ្មោងដែលលោកអ្នកមិនគប្បីរំលងឡើយដូចជា៖ រមណីយដ្ឋានលំហែកាយ Nam Hai Hoi An បើកសេវា spa ថ្មី សណ្ឋាគារ InterContinental Danang Sun Peninsula ដាក់បន្ថែមការជិះទូកកញ្ច្រែងចូលក្នុងទួរទេសចរណ៍ ហើយសណ្ឋាគារ Pullman Danang បើកថ្នាក់រៀនឆុងកាហ្វេដ៏វិសេសវិសាល។

Resort Nam Hai Hoi An (រូបថត៖ FOUR SEASONS RESORT THE NAM HAI, HOI AN)

៦. Grand Canyon រដ្ឋ Arizona (អាមេរិក)

ជាគោលដៅគួរអោយទាក់ទាញចំពោះសិល្បៈករនិងអ្នកស្រឡាញ់ដំណើរផ្សងព្រេង សួនឧទ្យានជាតិគួរអោយនិយមចូលចិត្តនេះ បានរំលឹកខួបលើកទី១០០នៃទិវាបង្កើតកាលពីខែកុម្ភៈឆ្នាំ២០១៩ ហើយនឹងរៀបចំសកម្មភាពដ៏សម្បូរបែបពេញមួយឆ្នាំ។

Grand Canyon សម្លើងមើលពីសណ្ឋាគារ L’Auberge de Sedona (រូបថត៖ L’AUBERGE DE SEDONA)

៧. St. Barts (បារាំង)

ខ្យល់ព្យុះ Irma បានបំផ្លាញខ្ទេចខ្ទីកោះការ៉ាបៀនចំណុះប្រទេសបារាំងនេះ ប៉ុន្តែកោះបានរស់រៀនមានជីវិតឡើងវិញហើយ។ បណ្ដាសណ្ឋាគារនិងភោជនីយដ្ឋាននៅលើកោះល្បីល្បាញនេះក៏កំពុងស្ដារឡើងវិញជាជំហានៗផងដែរ។

សណ្ឋាគារ Le Guanahani (រូបថត៖ LE GUANAHANI)

៨. Istanbul (ទួរគី)

ទីក្រុងនេះកំពុងកសាងមជ្ឈមណ្ឌលវប្បធម៌ថ្មីមានឈ្មោះថា Ataturk។ សំណង់ក្នុងតម្លៃរាប់លានដុល្លាអាមេរិកនេះ គ្រោងនឹងមានរោងភាពយន្តមួយ លំហតាំងពិព័រណ៍មួយ ភោជនីយដ្ឋានមួយលើដំបូល និងរោងល្ខោនអូប៉េរ៉ាទំនើបមួយដោយមានកៅអីចំនួន២៥០០។ មជ្ឈមណ្ឌលថ្មីនេះនឹងត្រូវបានបើកសម្ពោធនាឆ្នាំ២០២១។ ក្នុងឆ្នាំ២០១៩នេះដែរ ទីក្រុង Istanbul ក៏នឹងបើកសម្ពោធព្រលានយន្តហោះធំបំផុតលើពិភពលោក ផងដែរ។

ទីក្រុង IstanbulI (រូបថត៖ STOCK_EXPLORA_2005)

៩. San Diego រដ្ឋ California (អាមេរិក)

ក្នុងឆ្នាំ២០១៩ ទីក្រុងនេះនឹងរំលឹកខួបលើកទី២៥០នៃទិវាបង្កើតទីក្រុង រំលឹកខួបរដូវកាលប្រកួតលើកទី៥០នៃក្រុមបេស្ស៍ប័ល San Diego Padres រំលឹកខួបរយៈពេល៥០ឆ្នាំនៃមហោស្រព Comic-Con ហើយជាឆ្នាំដំបូងដែលប្រព្រឹត្តទៅពានរង្វាន់កីឡាឆ្នេរសមុទ្រពិភពលោក ANOC ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥ខែតុលា)។

ទីក្រុង San Diego (រូបថត៖ JOANNEDIBONA/SANDIEGO.ORG)

១០. Muscat (អូម៉ាណ)

ជារតនភណ្ឌនៅមជ្ឈឹមបូព៌ា រដ្ឋធានីស្រស់ស្អាតដូចជាផ្ទាំងគំនូរមួយរបស់អូម៉ាណ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនេះ អាស្រ័យដោយវត្តមានរបស់សណ្ឋាគារប្រណិតជាច្រើននិងសារមន្ទីរជាតិស្អាតឆើតឆាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

រមណីយដ្ឋានលំហែកាយ Six Senses Zighy Bay (រូបថត៖ SIX SENSES ZIGHY BAY RESORT)

១១. Perth (អូស្ត្រាលី)

ក្នុងឆ្នាំ២០១៩ ទីក្រុងនេះនឹងជាកន្លែងដែលប្រព្រឹត្តទៅមហោស្រពម្ហូបអាហារ Gourmet Escape ភាគខាងលិចអូស្ត្រាលីដែលអូសបន្លាយក្នុងរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។

កំពង់ផែ Elizabeth (រូបថត៖ TOURISM AUSTRALIA)

១២. Amsterdam (ហូឡង់)

ឆ្នាំនេះជាឆ្នាំរំលឹកខួបលើកទី៣៥០នៃទិវាលាចាកលោករបស់វិចិត្រករល្បីល្បាញ Rembrandt van Rijin។ ទីក្រុងនេះនឹងរៀបចំព្រឹត្តិការណ៍និងពិព័រណ៍ពិសេសជាច្រើនដើម្បីជួយអោយភ្ញៀវទេសចរមានឱកាសគយគន់ដោយផ្ទាល់ភ្នែកនូវគំនូររបស់វិចិត្រករនេះ។

សារមន្ទីរ Rijks (រូបថត៖ NBTC HOLLAND MARKETING)

១៣. ប៉ារីស (បារាំង)

ពេលណាយើងក៏មានមូលហេតុគ្រប់គ្រាន់ដើម្បីមកដល់ “រាជធានីពន្លឺ” នេះតែម្ដង។ ប៉ុន្តែ ប្រសិនបើលោកអ្នកចង់មានមូលហេតុថែមទៀតគឺយើងខ្ញុំសូមជម្រាបថា៖ ពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកនារីពិភពលោកនឹងប្រារព្ធឡើងនៅទីក្រុងប៉ារីសនាខែមិថុនាឆ្នាំនេះ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅទីក្រុងជាច្រើន ប៉ុន្តែការប្រកួតចុងក្រោយគឺប្រព្រឹត្តទៅនៅពហុកីឡាដ្ឋាន Stade de France ទីក្រុងប៉ារីស ជាពុំខាន។ ក្រៅពីនោះ ទីក្រុងនេះទើបនឹងបានបើកសម្ពោធមជ្ឈមណ្ឌលសិល្បៈថ្មីមួយមានឈ្មោះថា Atelier des Lumieres។

ទីក្រុង Paris (រូបថត៖ SARAH SERGENT)

១៤. Anguilla (អង់គ្លេស)

កោះស្រស់ស្អាតនេះកំពុងរស់រៀនមានជីវិតឡើងវិញយ៉ាងខ្លាំងក្លា ក្រោយពីទទួលរការខូចខាតដោយខ្យល់ព្យុះធំៗបង្កឡើងកាលពីឆ្នាំ២០១៧៕

សណ្ឋាគារ Belmond Cap Juluca (រូបថត៖ BELMOND CAP JULUCA)