ច្រកចូលតំបន់ទេសចរណ៍សហគមន៍ល្បាក់ទឹក Dak Loi ភូមិ Kon Jong ឃុំ Ngoc Reo។ (រូបថត៖ A Saly/VOV-Tay Nguyen)

តំបន់ល្បាក់ទឹក Dak Loi ឃុំ Ngoc Reo ច្រាំងទាំងសង្ខាងគ្របដណ្តប់ដោយម្លប់ដើមឈើ ខ្យល់អាកាសបរិសុទ្ធ និងត្រជាក់ស្រួលពេញមួយឆ្នាំ ព្រមទាំងទេសភាពក៏មានលក្ខណៈមនោរម្យផងដែរ។ កន្លែងនេះត្រូវបានអាជ្ញាធរមូលដ្ឋាន រៀបចំជាគោលដៅទេសចរណ៍សហគមន៍។ ដោយមានជំនួយពីរដ្ឋ ប្រជាជនក្នុងសហករណ៍កសិកម្មសេវាកម្ម និងទេសចរណ៍ Ngoc Reo បានសង់ខ្ទមរាប់សិបខ្ទម ដោយវត្ថុធាតុដើមធម្មជាតិដែលមានស្រាប់ ដើម្បីបើកស្តង់តាំងបង្ហាញផលិតផលប្រចាំមូលដ្ឋាន សម្រាប់បម្រើភ្ញៀវទេសចរ។ លោក A Thao លេខាបក្សភូមិ Kon Jong បានឲ្យដឹងថា ទេសចរណ៍សហគមន៍កំពុងបើកទិសដៅថ្មីសម្រាប់បងប្អូនជនជាតិ Xo Dang។ បច្ចុប្បន្ន ក្នុងនាមជានាយកនៃសហករណ៍ កសិកម្មសេវាកម្ម និងទេសចរណ៍ Ngoc Reo លោក A Thao បានឲ្យដឹងថា ជោគជ័យដ៏ធំបំផុតនៃគំរូនេះគឺជួយប្រជាពលរដ្ឋផ្លាស់ប្តូរបន្តិចម្ដងៗ នូវផ្នត់គំនិត របៀបធ្វើការ ពីជីវភាពប្រចាំថ្ងៃទៅធ្វើការងារសេដ្ឋកិច្ច៖

“ជាក់ស្តែងគឺ នៅក្នុងភូមិ ខ្ញុំរៀបចំបណ្ដុះពូជផ្កា និងកូនដើមឈើបៃតង ហើយចែកជូនគ្រួសារនីមួយៗយកទៅដាំតាមដងផ្លូវ និងក្នុងបរិវេណផ្ទះផងដែរ។ នៅល្បាក់ទឹក Dak Loi យើងក៏សម្អាតអនាម័យជាប្រចាំ ដាំដើមឈើ សង់ខ្ទម ហើយស្នើទៅថ្នាក់លើដើម្បីជួយឧបត្ថម្ភថវិកាសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ មកទល់ពេលនេះ ចំនួនអ្នកភូមិដែលចូលរួមក្នុងសហករណ៍ទេសចរណ៍ល្បាក់ទឹក Dak Loi បានឡើងដល់ទៅ២០នាក់”។

ជនជាតិ Xo Dang នៅខេត្ត Ngoc Reo កំពុងថែរក្សា និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។ (រូបថត៖ Ngoc Chi/VOV)

ថែទាំសួនផ្កានៅមុខផ្ទះយ៉ាងយកចិត្តទុកដាក់ អ្នកស្រី Y Doan បានឲ្យដឹងថា ចាប់តាំងពី Kon Jong អភិវឌ្ឍន៍ទេសចរណ៍សហគមន៍មក បណ្ដាគ្រួសារជានិច្ចកាលត្រៀមលក្ខខណ្ឌល្អបំផុតដើម្បីស្វាគមន៍ភ្ញៀវទេសចរ។ ជាពិសេស ចាប់តាំងពីបង្កើតសហករណ៍កសិកម្មសេវាកម្ម និងទេសចរណ៍ Ngoc Reo មក ប្រជាជនតែងតែរក្សាទេសភាពបរិស្ថាន ទាញយកតម្លៃវប្បធម៌ប្រពៃណីដូចជា៖ គងឃ្មោះ ចម្រៀងប្រជាប្រិយ អភិវឌ្ឍន៍របរបិតស្រាពាង របរតម្បាញចរបាប់ ធ្វើម្ហូបជនជាតិ ជាដើម។ អ្នកស្រី Y Doan ចែករំលែកដោយក្តីរំភើបរីករាយថា៖

“យើងបានត្រៀមរៀបចំយ៉ាងពេញលេញនូវស្រាពាង ម្ហូបប្រពៃណី និងភេសជ្ជៈសម្រាប់ភ្ញៀវទេសចរ។ យើងត្រៀមខ្លួនបម្រើយ៉ាងពេញទំហឹង ដើម្បីឲ្យភ្ញៀវទេសចរចងចាំយើង ភ្ញៀវទេសចរដែលបានមកទីនេះម្តង នឹងចង់មកទីនេះលើកទីពីរ លើកទីបីទៀត”។

ឃុំ Ngọk Reo មានភូមិចំនួន ៧ ប្រជាជនជាង ៥៦០០ នាក់ ជនជាតិភាគតិច ស្រូបយក ៩៩% (ភាគច្រើនជាជនជាតិ Xo Dang - សាខា Tơ Dra)។ ប្រជាពលរដ្ឋជនជាតិ Xơ Đăng នៅទីនេះមានជីវភាពខាងវប្បធម៌ និងស្មារតីដ៏សម្បូរបែប បង្កប់ដោយវប្បធម៌ព្រៃភ្នំ និងស្រែចំការ ដែលត្រូវបានថែរក្សា និងបន្សល់ទុកជាច្រើនជំនាន់មក។ ក្នុង នោះត្រូវនិយាយដល់គងឃ្មោះ របាំ xoang ពិធីបុណ្យប្រពៃណី និងមុខរបរប្រពៃណី។ ដូច្នេះហើយ នៅពេលអភិវឌ្ឍន៍ទេសចរណ៍
សហគមន៍ ជារៀងរាល់សប្តាហ៍ សិប្បករបានរួមគ្នាបង្រៀនលេងគងឃ្មោះ រាំរបាំ xoang ទាំងដើម្បីបង្រៀនជូនជំនាន់វ័យក្មេងផង និងហាត់សមសម្រាប់បម្រើភ្ញៀវទេសចរផង។ បច្ចុប្បន្ននេះ ឃុំ Ngok Reo បានកសាង ផ្ទះរ៉ុងប្រពៃណីឡើងវិញ; បង្កើតក្រុមគងឃ្មោះ ក្រុមរាំរបាំ xoang គ្រប់វ័យ ដើម្បីរក្សាការហាត់សមនិងការសម្តែង; មុខរបរតម្បាញឬស្សី តម្បាញចរបាប់ ជាងដែក និងជាងចម្លាក់ត្រូវបានថែរក្សា។

អ្នកស្រី Y Hoa ប្រធានក្រុមសហការផលិតស្រាពាង Kon Jong។ (រូបថត៖ A Saly/VOV-Tay Nguyen)

អ្នកស្រី Y Hoa ប្រធានក្រុមសហការផលិតស្រាពាង Kon Jong បានឲ្យដឹងថា សហករណ៍និងប្រជាជនបានកសាងស្តង់ទំនិញ ដើម្បីឧទ្ទេសនាមអំពីផលិតផល OCOP ក្នុងស្រុក (កម្មវិធី ឃុំមួយផលិតផលមួយ) ដូចជា៖ ទឹកឃ្មុំ ពន្លកឬស្សីស្ងួត កាហ្វេ ហើយជាពិសេសស្រាពាងប្រពៃណី ដែលជាផលិតផលពិសេសរបស់ Kon Jong។ ដំបូងឡើយនាង បិតស្រាដើម្បីបម្រើតម្រូវការរបស់ប្រជាជនក្នុងតំបន់។ ក្រោយមក មានអ្នកបញ្ជាទិញតាមបណ្តាញសង្គមកាន់តែច្រើនឡើងៗ ហើយទីកន្លែងទេសចរណ៍ក៏បានបើកដំណើរការ ធ្វើឱ្យការបិតស្រាពាង ក្លាយជាមុខរបរមួយ ដែលបង្កើតប្រាក់ចំណូលដល់ស្ត្រីជាច្រើននៅក្នុងភូមិ។ ស្រានេះផលិតពីអង្ករដំណើប ដែលប្រជាជនដាំដុះដោយផ្ទាល់ ហើយប្រើដំបែពីស្លឹកព្រៃឈើ ដែលផ្តល់រសជាតិពិសេសដ៏គួរឲ្យទាក់ទាញ៖

“ដើម្បីបម្រើការធ្វើទេសចរណ៍បានល្អ ខ្ញុំផលិតស្រាពាងតាមរបៀបដែលរក្សាបាននូវរសជាតិប្រពៃណីផង និងធានាអនាម័យ សុវត្ថិភាពចំណីអាហារ ដោយមានស្លាកសញ្ញា និងការវេចខ្ចប់យ៉ាងស្រស់ស្អាតផង។ តាំងពីផលិតស្រាពាងមក ខ្ញុំឃើញថាវានាំមកនូវតម្លៃសេដ្ឋកិច្ច អាស្រ័យហេតុនោះបានទាក់ទាញស្ត្រីនៅក្នុងភូមិឲ្យរួមគ្នាផលិតស្រាពាង។ យើងបានពង្រីកផ្ទៃដីដាំស្រូវអង្ករដំណើប ដែលជាវត្ថុធាតុដើមស្នូលសម្រាប់ផលិតស្រាពាង ដើម្បីបម្រើភ្ញៀវទេសចរ”។

មកដល់ទីកន្លែងទេសចរណ៍សហគមន៍ល្បាក់ទឹក Dak Loi ភ្ញៀវទេសចរអាចជ្រមុជខ្លួននៅក្នុងធម្មជាតិ ទទួលបានបទពិសោធន៍អំពីវប្បធម៌ និងម្ហូបអាហារប្រពៃណីរបស់ជនជាតិ Xo Dang។ ធម្មជាតិដ៏ស្រស់បំព្រង និងអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាល កំពុងជួយប្រជាពលរដ្ឋជនជាតិ Xo Dang នៅ Kon Jong, Ngoc Reo, Quang Ngai មានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ៕