(VOVWORLD) - វាលខ្សាច់ពណ៌សដែលលាតសន្ធឹងយ៉ាងធំល្វឹងល្វើយ ពន្លឺរស្មីព្រះអាទិត្យភ្លែចែងចាំងលើគ្រាប់ខ្សាច់ បទពិសោធន៍ប្លែកៗដូចជាជិះអូដ្ឋ បើកម៉ូតូត្រៃ ឬស្លៀកសំលៀក បំពាក់ដូចអ្នកពនេចរនៅកណ្ដាលវាលខ្សាច់... ទាំងអស់នេះបានបង្កើតឡើងភាពទាក់ទាញពិសេសសម្រាប់តំបន់ទេសចរណ៍ Bau Trang ខេត្ត Lam Dong។ ទីកន្លែងនេះកំពុងក្លាយជាជម្រើសកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅទាំងក្នុងនិងក្រៅប្រទេស។
តង់សម្រាប់គេងពេលថ្ងៃត្រង់ រចនាតាមបែបម៉ុងហ្គោលី នៅតំបន់ទេសចរណ៍ Bau Trang U&Me ក្នុងខេត្ត Lam Dong។ (រូបថត៖ The Hung/VOV5) |
មកដល់ Bau Trang នៅចំពោះមុខភ្ញៀវទេសចរ គឺទិដ្ឋភាពដ៏ធំល្វឹងល្វើយ នៃវាលខ្សាច់ពណ៌សដែលលាតសន្ធឹងតន្ទុយគ្នាឥតឈប់ឈរ។ នៅក្រោមពន្លឺថ្ងៃ ខ្យល់បក់តាមផ្ទៃវាលខ្សាច់ បង្កើតជាខ្សែបន្ទាត់ដ៏ទន់ភ្លន់ ធ្វើឱ្យកន្លែងនេះត្រូវបានប្រៀបប្រដូចជា "វាលខ្សាច់ខ្នាតតូច" របស់ប្រទេសវៀតណាម។
អង្គុយលើខ្នងអូដ្ឋ ភ្ញៀវទេសចរធ្វើដំណើរយ៉ាងសប្បាយរីករាយតាមវាលខ្សាច់។ នៅលើផ្ទៃមេឃពណ៌ខៀវស្រងាត់ ស្រមោលរបស់សត្វអូដ្ឋលាតសន្ធឹងនៅលើវាលខ្សាច់ បង្កើតជាទេសភាពដែលធ្វើឲ្យយើងនឹកឃើញដល់ខ្សែភាពយន្តអំពីវាលខ្សាច់មួយអញ្ចឹង។ អ្នកស្រី Marina ជាភ្ញៀវទេសចរជនជាតិរុស្ស៊ី បានចែករំលែកចំណាប់អារម្មណ៍ថា៖
"ការជិះអូដ្ឋគឺស្រដៀងនឹងជិះសេះដែរ ប៉ុន្តែយឺតជាង និងយោលយោងជាងប៉ុន្តែពួកវាគួរឱ្យស្រឡាញ់ណាស់"។
ភ្ញៀវទេសចរជិះអូដ្ឋ។ (រូបថត៖ The Hung/VOV5) |
ការជិះអូដ្ឋនេះមិនកំណត់អាយុទេ ដរាបណាអ្នកក្លាហានបន្តិច អ្នកអាចសាកល្បងសេវាកម្មដ៏គួរឱ្យចាប់អារម្មណ៍នេះ។ កុមារា Thai An អាយុ ១២ឆ្នាំ បានចែករំលែកចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងសប្បាយរីករាយ បន្ទាប់ពីជិះអូដ្ឋនៅ Bau Trang យ៉ាងដូច្នេះថា៖
“នេះជាលើកទីមួយហើយ ដែលខ្ញុំបានជិះអូដ្ឋ។ ពីដំបូង ខ្ញុំក៏ខ្លាចបន្តិច ព្រោះមិនទំលាប់ទេ ប៉ុន្តែសន្ទុះក្រោយមក ខ្ញុំចូលចិត្ត ហើយមានអារម្មណ៍សប្បាយណាស់ ជាពិសេសនៅពេលស្លៀកសម្លៀកបំពាក់ជាខូវប៊យនៅលើវាលខ្សាច់”។
មិនត្រឹមតែផ្ដល់នូវបទពិសោធន៍ជិះអូដ្ឋប៉ុណ្ណោះទេ នៅតាមទីកន្លែងទេសចរណ៍នៅ Bau Trang ក៏មានសេវាកម្មជួលសំលៀកបំពាក់ផងដែរ។ នៅទីនេះ ភ្ញៀវទេសចរអាចស្លៀកពាក់សំលៀកបំពាក់ជាជនពនេចរ។ អាវវែង កន្សែងរុំក្បាល ជាមួយវាលខ្សាច់ដ៏ធំល្វឹងល្វើយ អ្វីៗគ្រប់យ៉ាងបានប្រែក្លាយទីនេះទៅជាទីកន្លែងថតភាពយន្តដ៏រស់រវើក។ លោកស្រី Vu Tuyet Minh ភ្ញៀវទេសចរមកពីទីក្រុងហាណូយ បន្ទាប់ពីទទួលបានរូបថតជាទីពេញចិត្តនៅ Bau Trang ក្នុងសំលៀកបំពាក់ជនពនេចរ បានចែករំលែកយ៉ាងរីករាយថា៖
"ខ្ញុំចាប់អារម្មណ៍នឹងទេសភាពនៅទីនេះខ្លាំងណាស់ វាលខ្សាច់នេះប្រៀបប្រដូចវាលខ្សាច់សាហារ៉ាខ្នាតតូចមួយអញ្ចឹង ទេសភាពពិតជាស្អាតអស្ចារ្យណាស់។ ខ្ញុំក៏បានជួលសម្លៀកបំពាក់តាមរចនាបទពនេចរដើម្បីជិះអូដ្ឋ ហើយសម្លៀកបំពាក់ទាំងនេះពិតជាសាកសមសម្រាប់ការថតរូបជាមួយនឹងទេសភាពនៅទីនេះ។ ថ្ងៃនេះខ្ញុំបានថតរូបជាទីពេញចិត្តជាច្រើននៅទីកន្លែងទេសចរណ៍ Bau Trang នេះ។"
កន្លែងជួលសំលៀកបំពាក់នៅទួលខ្សាច់ Bau Trang ក្នុងតំបន់ទេសចរណ៍ Bau Trang U&Me។ (រូបថត៖ The Hung/VOV5) |
ប្រសិនបើចង់ទទួលបានបទពិសោធន៍បែបផ្សងព្រេង ភ្ញៀវទេសចរអាចជ្រើសរើសការបើកម៉ូតូត្រៃ។ សូរសំឡេងម៉ាស៊ីនលាន់រំពង កង់ម៉ូតូផ្លុំខ្សាច់ពាសពេញ។ អ្វីៗគ្រប់បែបយ៉ាងសុទ្ធតែនាំមកនូវអារម្មណ៍ដ៏ខ្លាំងក្លានិងគួរឲ្យរំភើប សម្រាប់ភ្ញៀវទេសចរជាច្រើន។ លោក Le Ngoc Diep បាននិយាយដោយក្ដីរំភើបចិត្តថា៖
"ការជិះម៉ូតូត្រៃគឺស្រស់ស្រាយណាស់។ វាលខ្សាច់ទន់ ធំទូលាយ មានលក្ខណៈពិបាកផង តែសុវត្ថិភាពផង។ ខ្ញុំប្រាកដថា នឹងត្រឡប់មកទីនេះជាមួយក្រុមមិត្តខ្ញុំម្ដងទៀត"។
នៅតំបន់ទេសចរណ៍ Bau Trang U&Me សេវាកម្មទាំងអស់ត្រូវបានបណ្តាក់ទុនរៀបចំទុកជាមិនដោយមានរបៀបរៀបរយ និងសុវត្ថិភាព។ ពីក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានជំនាញវិជ្ជាជីវៈ ប្រព័ន្ធយានជំនិះទំនើបដែលអាចប្រើបានក្នុងស្ថានភាពដីទាំងអស់ (ATV) រហូតដល់សេវាកម្មជួលសំលៀកបំពាក់ សេវាម្មថតរូបបែបសិល្បៈ ទាំងអស់នេះបានបង្កើតភាពទាក់ទាញសម្រាប់ដំណើរទេសចរណ៍។ លោក Dac Khiem នាយកតំបន់ទេសចរណ៍ Bau Trang U&Me បានឲ្យដឹងថា៖
"ពេលចូលមកតំបន់ទេសចរណ៍ Bau Trang U&Me ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍
ជិះឡាន ATV ឬឡាន Jeep ឡើងទួលខ្សាច់ ទទួលទានម្ហូបអាហារពិសេសប្រចាំតំបន់។ ក្រៅពីនោះ ក៏មានសេវាកម្មជិះអូដ្ឋទស្សនាជុំវិញវាលខ្សាច់ផងដែរ។ ពេលជិះម៉ូតូ ភ្ញៀវទេសចរនឹងត្រូវបានបំពាក់មួកសុវត្ថិភាព។ បញ្ហាធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ តែងតែត្រូវបានយើងយកចិត្តទុកដាក់ជានិច្ច។"
ជាមួយនឹងវាលខ្សាច់សដ៏ធំល្វឹងល្វើយ និងសេវាកម្មទាក់ទាញជាច្រើន តំបន់ទេសចរណ៍ Bau Trang កំពុងក្លាយជាគោលដៅដែលមិនគួររំលងនៅលើផែនទីទេសចរណ៍វៀតណាម។ បទពិសោធន៍នីមួយៗនៅទីនេះ បន្សល់ទុកមកនូវសញ្ញាសម្គាល់ដែលមិនអាចបំភ្លេចបាន ដែលរួមចំណែកនាំឱ្យ Bau Trang ក្លាយជាម៉ាកយីហោទេសចរណ៍ដ៏លេចធ្លោនៃទឹកដី Lam Dong៕