(VOVWORLD) - ពេលនិយាយអំពី Tam Dao មនុស្សជាច្រើនតែងតែគិតដល់ទីរួមស្រុកមួយដែលគ្រប់ដណ្ដប់ដោយអ័ព្ទនៅ Vinh Phuc។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា នៅភាគខាងកើតនៃជួរភ្នំនេះ ក្នុងស្រុក Dai Tu ខេត្ត Thai Nguyen នៅមានពិភពមួយទៀតដ៏ខុសគ្នាទាំងស្រុង៖ ចង្កេះភ្នំភាគខាងកើត Tam Dao ដែលនៅតែរក្សាបាននូវភាពស្រស់ស្អាតដ៏រហោស្ថាននៃព្រៃស្រោងនិងពោរពេញដោយការសាកល្បងសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែប trekking។
ដំណើរ trekking នៅតាមចង្កេះភ្នំខាងកើត Tam Dao។
(រូបថត៖ Ngoc Linh/thainguyentourism.vn) |
នាបច្ចុប្បន្ន ការធ្វើដំណើរ trekking នៅតាមចង្កេះភ្នំភាគខាងកើត Tam Dao ភាគច្រើនចាប់ផ្តើមពីឃុំ La Bang ឬឃុំ Ky Phu។ ពីទីនេះ ភ្ញៀវទេសចរនឹងឆ្លងកាត់ផ្លូវព្រៃស្រោង ទឹកជ្រោះ ទឹកអូរ និងច្រាំងថ្មដ៏ចោតបញ្ឈរគ្របដណ្ដប់ដោយស្លែ ដើម្បីចាប់ផ្តើមដំណើរគយគន់សម្រស់ធម្មជាតិដ៏រហោស្ថាន។
ចំណុចមួយក្នុងចំណោមចំណុចដ៏លេចធ្លោនៃការធ្វើដំណើរនេះ គឺជាទឹកអូរ Kem ជាទឹកអូរតូចមួយដែលហូរពេញមួយឆ្នាំ និងមានទឹកថ្លាត្រជាក់។
បន្តដំណើរ ភ្ញៀវនឹងមកដល់ទឹកជ្រោះ Trang ដែលប្រៀបដូចជាខ្សែសូត្រពណ៌ប្រាក់ នៅកណ្តាលព្រៃបៃតង ស្រស់ស្អាតមិនគួរឲ្យជឿ។
ធ្វើដំណើរឆ្ងាយជាងទៀត ទឹកជ្រោះ Dong Tien ដែលចែកជា ៣ ជាន់ គឺជាកន្លែងបង្អង់ដំណើរដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់ថតឡើងវិញនូវពេលវេលាដ៏អស្ចារ្យនៃធម្មជាតិ។
ជាលើកដំបូងមកដល់ទីនេះ និងសម្របខ្លួនទៅក្នុងធម្មជាតិនៅចង្កេះភ្នំភាគខាងកើត Tam Dao លោក Nguyen Van Quang ភ្ញៀវទេសចរ trekking ម្នាក់ មកពីទីក្រុងហាណូយ បានចែករំលែកដោយការរំភើបរីករាយថា៖
“នេះជាលើកដំបូងដែលខ្ញុំទៅកាន់ទឹកជ្រោះ Trang នៅ La Bang ហើយសម្រាប់ខ្ញុំ ដំណើរនេះក៏ល្មមកម្លាំង។ បន្ទាប់ពីឆ្លងកាត់កំណាត់ផ្លូវបេតុងដំបូង ពួកយើងបានឆ្លងកាត់កំណាត់ផ្លូវដ៏រដិបរដុបមួយ ទើបឡើងទៅកាន់ទឹកជ្រោះ។ ទេសភាពព្រៃភ្នំនៅទីនេះគឺរហោស្ថាន នៅតែមានសភាពដើម និងខ្យល់អាកាសត្រជាក់ស្រួលណាស់។ ជាមួយនឹងកម្ពស់ប្រហែល ៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ទឹកជ្រោះ Trang នៅទីនេះពិតជាស្រស់ស្អាតណាស់”។
ភ្ញៀវទេសចរមួយក្រុម ចាប់ផ្តើមដំណើរកម្សាន្ត trekking នៅចង្កេះភ្នំភាគខាងកើតនៃ Tam Dao។ (រូបថត៖ The Hung/VOV) |
បន្ទាប់ពីធ្វើដំណើរ trekking បាន ៣ ម៉ោង លោក Le Quang Tuan បានចែករំលែកថា៖
"ខ្ញុំដើរ trekking ត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះពីមាត់ព្រៃមកទីនេះ ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់។ នេះនឹងជាទីកន្លែងដ៏សមស្របសម្រាប់ភ្ញៀវទេសចរវ័យក្មេងដែលចង់ធ្វើដំណើរស្វែងរក និងផ្សងព្រេង។ មកទីនេះពិតជាអស្ចារ្យណាស់"
មិនត្រឹមតែដើរ trekking ប៉ុណ្ណោះទេ ភ្ញៀវទេសចរ ពេលមកដល់ចង្កេះភ្នំភាគខាងកើត Tam Dao នៃខេត្ត Thai Nguyen ក៏អាចចូលរួមសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ បោះជំរុំក្នុងព្រៃបៃតង ស្តាប់សំឡេងសត្វល្អិត និងទឹកហូរខ្សឹបខ្សៀវពេញមួយយប់; ងូតទឹកនៅក្នុងទឹកជ្រោះ ជ្រមុជខ្លួននៅក្នុងលំហូរទឹកត្រជាក់នៃធម្មជាតិ; ឬចូលរួមក្នុងដំណើរទេសចរណ៍សហគមន៍៖ ទទួលទានមុខម្ហូបរបស់អ្នកស្រុកដូចជា៖ មាន់ភ្នំ បាយក្រឡាន សាច់ជ្រូកអាំងក្នុងស្លឹកចេក។
បច្ចុប្បន្ននេះ តំបន់ La Bang និង Ky Phu មានផ្ទះសំណាក់បែប homestay និង farmstay ដ៏ស្អាតបាតជាច្រើន ដែលត្រូវបានសាងសង់ប្រកបដោយភាពសុខដុមជាមួយធម្មជាតិ។ ដំណើរកម្សាន្ត trekking តែងតែត្រូវបានអមដោយក្រុមមគ្គុទ្ទេសក៍ក្នុងស្រុកដែលមានចំណេះដឹងអំពីសណ្ឋានដី និងធម្មជាតិក្នុងតំបន់ ធានាសុវត្ថិភាព និងនាំមកនូវរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ពេញមួយដំណើរ។
លោក Nguyen Thanh Luan នាយកមជ្ឈមណ្ឌលព័ត៌មានផ្សព្វផ្សាយទេសចរណ៍ខេត្ត Thai Nguyen។ (រូបថត៖ រូបថត៖ The Hung/VOV) |
លោក Nguyen Thanh Luan នាយកមជ្ឈមណ្ឌលព័ត៌មានផ្សព្វផ្សាយទេសចរណ៍ខេត្ត Thai Nguyen បានចែករំលែកថា៖
"នៅក្នុងដំណើរកម្សាន្ត Trekking នេះ យើងខ្ញុំដាក់ចេញគោលដៅ បង្កើតដំណើរទេសចរណ៍មួយហៅថា ទេសចរណ៍សហគមន៍ដែលផ្សារភ្ជាប់ជាមួយ Trekking។ នេះគឺជាផលិតផលថ្មីរបស់ Thai Nguyen ហើយសង្ឃឹមថាវានឹងអភិវឌ្ឍន៍បានល្អនាពេលអនាគត"។
មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ចង្កេះភ្នំខាងកើត Tam Dao ក៏មានតួនាទីជា “សួតបៃតង” នៃភូមិភាគឦសានផងដែរ។ ប្រព័ន្ធអេកូឡូស៊ីនៅទីនេះមានភាពចម្រុះជាមួយនឹងប្រភេទសត្វ រុក្ខជាតិកម្រជាច្រើនប្រភេទ អាកាសធាតុត្រជាក់ស្រួល និងសំណើមខ្ពស់ពេញមួយឆ្នាំ។
នៅទីនេះ កម្មវិធីដើរ trekking ទាំងអស់ ក៏ផ្តោតលើការអប់រំអំពីមនសិការការពារបរិស្ថានដល់ភ្ញៀវទេសចរ ដូចជា៖ មិនចោលសំរាម មិនបំផ្លាញធម្មជាតិ និងគោរពយ៉ាងដាច់ខាតនូវប្រព័ន្ធអេកូឡូស៊ីដើម។ នោះហើយជាអ្វីដែលបានជួយឱ្យសម្រស់ធម្មជាតិនៅទីនេះរក្សាបាននូវសភាពដើមបរិសុទ្ធដូចរាប់រយឆ្នាំមុន។
អំពីសក្ដានុពលក្នុងការធ្វើអាជីវកម្មទេសចរណ៍ Trekking នៅខេត្ត Thai Nguyen លោក Le Ngoc Linh នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍បានឲ្យដឹងថា៖
“ខេត្ត Thai Nguyen មានសក្ដានុពលច្រើនក្នុងការអភិវឌ្ឍទេសចរណ៍ Trekking នៅចង្កេះភ្នំភាគខាងកើត Tam Dao។ នៅទីកន្លែងជាច្រើនក្នុងខេត្ត ក៏អាចដាក់ឲ្យធ្វើអាជីវកម្មនូវសកម្មភាព trekking ផងដែរ ដើម្បីបង្កើតសកម្មភាពទេសចរណ៍ថ្មីៗជាច្រើន និងទាក់ទាញភ្ញៀវទេសចរ។ ផលិតផល trekking នៅចង្កេះភ្នំភាគខាងកើត Tam Dao បានបើកទិសដៅថ្មីសម្រាប់ទេសចរណ៍ Thai Nguyen នាពេលខាងមុខ”។
ចង្កេះភ្នំភាគខាងកើត Tam Dao ជាមួយនឹងផ្លូវព្រៃព្សៃ ទឹកជ្រោះដ៏អស្ចារ្យ និងព្រៃឈើថ្មោង ពិតជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តការធ្វើដំណើរកម្សាន្តផ្សងព្រេង ចូលចិត្តការសាកល្បង និងចង់ស្វែងរកការតភ្ជាប់យ៉ាងស៊ីជម្រៅជាមួយធម្មជាតិ។
ជាពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលកំពុងស្វែងរកប្រទេសវៀតណាមដែលមានភាពស្រស់ស្អាតលាក់កំបាំងពីធម្មជាតិដែលមិនទាន់ត្រូវបានមនុស្សទៅដល់នោះ ដំណើរកម្សាន្ត trekking នៅតាមចង្កេះភ្នំភាគខាងកើត Tam Dao នៅ Thai Nguyen នឹងក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន៕