ដំណើរទៅកាន់ Yen Tu-Vinh Nghiem-Con Son, Kiep Bac

(VOVWORLD) - បណ្ដុំកេរ្តិ៍ដំណែលនិងរមណីយដ្ឋាន Yen Tu-Vinh Nghiem-Con Son, Kiep Bac ទើបតែត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ បណ្ដុំបេតិកភណ្ឌនេះមិនត្រឹមតែជាភស្តុតាងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពស៊ីជម្រៅខាងវិញ្ញាណ ដែលតភ្ជាប់មនុស្សជាមួយនឹងធម្មជាតិនៅវៀតណាមទៀតផង។

ដំណើរទៅកាន់ Yen Tu-Vinh Nghiem-Con Son, Kiep Bac - ảnh 1បណ្ដាកេរ្តិ៍ដំណែលនៅក្នុងបណ្ដុំ Yen Tu - Vinh Nghiem - Con Son និង Kiep Bac សុទ្ធតែត្រូវបានចាត់ចំណាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិ កេរ្តិ៍ដំណែលជាតិពិសេស និងត្រូវបានការពារនៅកម្រិតខ្ពស់បំផុត។ (រូបថត៖ Truong Giang/VOV)

បណ្ដុំកេរ្តិ៍ដំណែលនិងរមណីយដ្ឋាន Yen Tu-Vinh Nghiem-Con Son-Kiep Bac គឺជាខ្សែសង្វាក់បេតិកភណ្ឌមួយ រួមមានកេរ្តិ៍ដំណែលចំនួន ១២ ស្ថិតនៅក្នុងតំបន់កេរ្តិ៍ដំណែលជាតិពិសេសចំនួន ៦ កន្លែង នៃខេត្តចំនួន ៣ គឺ Quang Ninh, Bac Giang (បច្ចុប្បន្នជា Bac Ninh) និង Hai Duong (បច្ចុប្បន្នជាទីក្រុង Hai Phong)។ បណ្ដុំកេរ្តិ៍ដំណែលនេះមានផ្ទៃដីសរុប ៥២៥,៧៥ ហិកតា ដែលមានទីតាំងនៅលើជួរភ្នំ Yen Tu ភាគឦសានប្រទេសវៀតណាម។ បណ្ដុំកេរ្តិ៍ដំណែលនេះមិនត្រឹមតែជាសំណង់ស្ថាបត្យកម្មដ៏បុរមបុរាណប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពដ៏រស់រវើកនៃការចាប់បដិសន្ធិ និងការអភិវឌ្ឍនៃព្រះពុទ្ធសាសនា Truc Lam ដែលបង្កើតឡើងដោយព្រះចៅអធិរាជ Tran Nhan Tong (១២៥៨-១៣០៨) កាលពីសតវត្សទី១៣។ 

ភាពស្រស់ស្អាតនៃ Yen Tu គឺជាការរួមផ្សំរវាងព្រៃភ្នំដ៏ធំល្វឹងល្វើយ ជាមួយនឹងលក្ខណៈបុរមបុរាណនិងស្ងប់ស្ងាត់នៃវត្តអារាម ព្រមទាំងជាភាពសម្បូរបែបនៃសារពើរុក្ខជាតិចម្រុះ និងរុក្ខជាតិឱសថដ៏មានតម្លៃផងដែរ។ នៅទីនេះមានអាស្រមនិងចេតិយរាប់រយ រូបចម្លាក់ថ្មធម្មជាតិ និងសិលាចារឹកព្រះពុទ្ធ។ តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋាន Yen Tu ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិពិសេសក្នុងឆ្នាំ ២០១២។ ជារៀងរាល់ឆ្នាំ តំបន់កេរ្តិ៍ដំណែលនេះទាក់ទាញភ្ញៀវទេសចរ ប្រជាជន និងពុទ្ធបរិស័ទរាប់លាននាក់មកទស្សនា។

“នេះជាលើកទីមួយហើយដែលខ្ញុំមកដល់ Yen Tu ដោយថ្មើរជើង មិនជិះកន្ត្រក់ខ្សែកាបនោះឡើយ។ នេះជាកន្លែងមួយក្នុងចំណោមកន្លែងដ៏ស្រស់ស្អាតបំផុតដែលខ្ញុំធ្លាប់បានទៅ ទេសភាពពិតជាអស្ចារ្យ និងស័ក្តិសិទ្ធណាស់”។

“ខ្ញុំបានឃើញថា ទីនេះពិតជាអស្ចារ្យម៉ែនទែន។ នេះគឺជាកន្លែងដែលអាចនាំមកនូវភាពសុខសាន្តផ្លូវចិត្តដល់ប្រជាជនវៀតណាមជាច្រើន”។

ដំណើរទៅកាន់ Yen Tu-Vinh Nghiem-Con Son, Kiep Bac - ảnh 2បេតិកភណ្ឌអរូបី គឺជាពិធីបុណ្យដែលត្រូវបានថែរក្សានៅក្នុងសហគមន៍អស់ជាច្រើនសតវត្សមកហើយ ដែលភាគច្រើនត្រូវបានស្ដារឡើងវិញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ (រូបថត៖ Truong Giang/VOV)

នៅវត្ត Vinh Nghiem ជាវត្តបុរាណមួយ ដោយមានសិល្បៈឆ្លាក់គម្ពីរនៃព្រះពុទ្ធសាសនា Truc Lam ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌឯកសារក្នុងឆ្នាំ ២០១២ នោះ បន្ទះឈើឆ្លាក់គម្ពីរព្រះពុទ្ធសាសនាដ៏បុរមបុរាណជាង ៣០០០ បន្ទះ នៅតែត្រូវបានរក្សាទុកនៅក្នុងវត្ត។ នេះគឺជា "កូដប្រភព" នៃព្រះពុទ្ធសាសនានិកាយ Truc Lam ដែលជាប្រព័ន្ធមនោគមវិជ្ជាដ៏វិសេសវិសាលនិងពោរពេញដោយអត្តសញ្ញាណវៀតណាមបំផុតក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនាវៀតណាម។ ព្រះតេជគុណ Thich Thanh Vinh ព្រះចៅអធិការរងវត្ត Vinh Nghiem មានពុទ្ធដីការថា៖

“វត្ត Vinh Nghiem មានតួនាទីសំខាន់ចំនួនពីរ។ មុននេះ វត្តជាមជ្ឈមណ្ឌលបង្រៀនព្រះធម៌នៃព្រះពុទ្ធសាសនា Truc Lam និងជាកន្លែងឆ្លាក់ បោះពុម្ព និងចែកចាយគម្ពីរព្រះពុទ្ធ។ យើងខ្ញុំឆ្ពោះទៅរកវិធីសាស្ត្រអភិរក្សបន្ទះឈើឆ្លាក់គម្ពីរទាំងនេះដោយការបកប្រែ។ គណៈអភិបាលវត្តបែងចែកឈុតគម្ពីរនីមួយៗ ឈុតណាដែលមានតម្លៃជាក់ស្តែងសម្រាប់សង្គមសម័យទំនើបបច្ចុប្បន្ន នឹងត្រូវបានបកប្រែជាមុន។ ចាប់តាំងពីឆ្នាំ២០១៥ មក វត្តបកប្រែគម្ពីរបាន ៣ ឈុតដែលមានតម្លៃប្រើប្រាស់ខ្ពស់”។ 

ដំណើរទៅកាន់ Yen Tu-Vinh Nghiem-Con Son, Kiep Bac - ảnh 3គណៈប្រតិភូវៀតណាមក្នុងសម័យប្រជុំលើកទី៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ (រូបថត៖ Truong Giang/VOV)

ប្រសិនបើវត្ត Vinh Nghiem ជាទីកំណើតនៃព្រះពុទ្ធសាសនានិកាយ Truc Lam នោះ គឺ Con Son - Kiep Bac ជាកន្លែងដែលស្មារតីនៃព្រះពុទ្ធសាសនា Truc Lam ត្រូវបានបំផុសឡើងក្នុងដួងចិត្តប្រជាជន ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិត និងអាជីពរបស់មេទ័ព និងឥស្សរជនវប្បធម៌ដ៏ល្បីឈ្មោះរបស់វៀតណាម។ កើតមកនិងស្ថិតស្ថេរគងវង្សជាមួយនឹងប្រវត្តិសាស្រ្ត ហើយបង្កប់នូវវប្បធម៌នៃតំបន់ជាច្រើន Con Son - Kiep Bac បានក្លាយជារតនៈសម្បត្តិនៃវប្បធម៌ទាំងរូបីនិងអរូបី ជាមួយនឹងទម្រង់ចម្រុះ និងខ្លឹមសារដ៏សម្បូរបែប ជាការប្រមូលនៃកិច្ចខិតខំប្រឹងប្រែង មនោគមន៍ ប្រាជ្ញា និងមនោសញ្ចេតនា របស់បុព្វការីជនជំនាន់មុន ដែលបានថែរក្សា និងការពាររហូតមកដល់សព្វថ្ងៃនេះ។ យោងតាមលោកស្រី Pham Thi Hue អនុប្រធានផ្នែកទេសចរណ៍ - សេវាកម្មគណៈគ្រប់គ្រងតំបន់កេរ្តិ៍ដំណែល Con Son - Kiep Bac ឲ្យដឹងថា វិហារ Kiep Bac ត្រូវបានគោរពដោយប្រជាជនគ្រប់ស្រទាប់វណ្ណៈ ហើយក្លាយជានិមិត្តរូបនៃភាពសុខដុមរមនារវាងជំនឿសាសនា និងទឹកចិត្តប្រជាជន។

“វិហារ Kiep Bac នៅតែអភិរក្សនិងរក្សាទុកតម្លៃរូបី និងអរូបីដ៏សម្បូរបែបជាច្រើន។ លើសពីនេះទៅទៀត វិហារ Kiep Bac ក៏អភិរក្សទំនៀមទម្លាប់ប្រពៃណីជាច្រើនដូចជា៖ ទំនៀមទម្លាប់បរិបោលអង្លែលឆ្អឹងជើងដំរី ដើម្បីបួងសួងសុំសុខភាពល្អ ឬទំនៀមទម្លាប់ចូលតាមទ្វារឪពុក ចេញតាមទ្វារម្តាយ”។

ពីកំពូលភ្នំ Yen Tu ដ៏ស័ក្តិសិទ្ធ ឆ្លងកាត់វត្តបុរាណ Vinh Nghiem រហូតដល់កេរ្តិ៍ដំណែល Con Son - Kiep Bac គោលដៅនីមួយៗក្នុងបណ្ដុំកេរ្តិ៍ដំណែល-រមណីយដ្ឋាន Yen Tu - Vinh Nghiem - Con Son - Kiep Bac ដែលទើបតែត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកនោះ ពិតជាប្រភពប្រវត្តិសាស្ត្រមួយ ជាទីប្រសព្វគ្នានៃជំនឿ និងអត្តសញ្ញាណ នៃអតីតកាល និង
បច្ចុប្បន្ន។ ហួសពីតម្លៃខាងក្នុងនោះ បេតិកភណ្ឌទាំងនេះត្រូវបានពិភពលោកស្គាល់ដល់ ទទួលស្គាល់ និងគោរពប្រតិបត្តិ តាមនោះអាចបង្កើតតម្លៃថ្មីៗក្នុងសម័យសមាហរណកម្មរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ