ទីក្រុងហាណូយក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម

(VOVWORLD) - ប៉ុន្មានថ្ងៃនេះ រដ្ឋធានីហាណូយត្រូវបានតុបតែងយ៉ាងស្រស់ឆើតឆាយដោយពណ៌ទង់ជាតិក្រហមផ្កាយមាស ត្រៀមខ្លួនស្វាគមន៍ការអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។ មិនត្រឹមតែជាទីកន្លែងប្រមូលផ្ដុំនៃសកម្មភាពនយោបាយ និងវប្បធម៌ទ្រង់ទ្រាយធំប៉ុណ្ណោះទេ ទីក្រុងហាណូយថែមទាំងបានក្លាយជាគោលដៅសម្រាប់ការទទួលបទពិសោធន៍ពិសេសៗសម្រាប់ភ្ញៀវទេសចរក្នុងឱកាសនេះទៀតផង។


 
ទីក្រុងហាណូយក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម - ảnh 1ទង់ជាតិបក់រវីកៗលើប៉មទង់ហាណូយ។ (រូបថត៖ Phuc Tai/VOV ចរាចរណ៍)

កាសស្តាប់ត្រចៀកថ្មីបំផុត និងអេក្រង់ទំនើប គឺជាឧបករណ៍ដែលទើបតែត្រូវបាននាំយកទៅក្នុងសារមន្ទីរវិចិត្រសិល្បៈវៀតណាមក្នុងប៉ុន្មានថ្ងៃដំបូងនៃខែសីហា ដើម្បីបម្រើភ្ញៀវទេសចរ។ លោក Nguyen Anh Minh នាយកសារមន្ទីរបានចែករំលែកថា៖

“ឆ្ពោះទៅមហាពិធីរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិ នាថ្ងៃទី ១៥ ខែសីហា យើងនឹងបើកការតាំងពិព័រណ៍ កុលបុត្រកុលធីតារបស់មាតុភូមិ បន្ទាប់មកគឺ កម្មវិធីប្រគុំតន្ត្រីខ្នាតតូច និងឆាកតន្ត្រីនានា។ ហើយចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកញ្ញា សារមន្ទីរនឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនាដោយឥតគិតថ្លៃ”។

ចំណែកឯនៅកេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ជាកន្លែងដែលយុទ្ធជនបដិវត្តន៍វៀតណាមត្រូវបានខ្មាំងសត្រូវ ចាប់ដាក់ឃុំឃាំងក្នុងអំឡុងការតស៊ូដណ្ដើមឯករាជ្យជាតិនោះ ការងារត្រៀមរៀបចំទទួលភ្ញៀវកំពុងត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់បំផុតតាមដែលអាចធ្វើទៅបាន។ សាលរង់ចាំ និងកន្លែងតម្រង់ជួរត្រូវបានរៀបចំឲ្យមានភាពងាយស្រួល ហើយប្រព័ន្ធកង្ហារ និងទឹកផឹក ត្រូវបានរៀបចំសម្រាប់បម្រើភ្ញៀវទេសចរក្នុងរដូវសម្បូរភ្ញៀវខាងមុខ។

“ខ្ញុំរីករាយណាស់ដែលបានមកកេរ្តិ៍ដំណែល ក្នុងឱកាសខួបលើកទី ៨០ ទិវាបុណ្យជាតិ ដើម្បីទទួលនូវអារម្មណ៍កាន់តែច្បាស់អំពីសេចក្ដីស្នេហាជាតិរបស់ប្រជាជនជំនាន់មុន ហើយខ្ញុំមានអារម្មណ៍មោទនភាពខ្លាំងណាស់ ដែលខ្លួនឯងជាជនជាតិវៀតណាម”។

មកទីក្រុងហាណូយក្នុងឱកាសនេះ ភ្ញៀវទេសចរមានជម្រើសពិសេសដើម្បីស្វែងយល់ពីរដ្ឋធានី។ នោះគឺជារថភ្លើងចំនួន ១០ ទូ ដែលបានរចនាឡើងមាន ២ ជាន់ ក្នុងនោះមានទូអ្នកដំណើរ ៥ ក្រោមប្រធានបទ ៥ ផ្សេងគ្នា ដោយភ្ជាប់ជាមួយនឹងឈ្មោះខ្លោងទ្វារល្បីៗទាំង ៥ ក្នុងប្រវត្តិសាស្ត្រហាណូយគឺ O Quan Chuong, O Cau Den, O Dong Mac, O Cau Giay និង O Cho Dua។

ទីក្រុងហាណូយក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិវៀតណាម - ảnh 2កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រពន្ធនាគារ Hoa Lo – “អាសយដ្ឋានក្រហម” មួយកន្លែង នៅក្នុងទីក្រុងហាណូយ។ (រូបថត៖ Anh Thu/VOV ចរាចរណ៍)

រថភ្លើងកំពុងត្រូវបានបង្ហើយយ៉ាងប្រញាប់ប្រញាល់ ដើម្បីអាចចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ១៩ ខែសីហាខាងមុខ។ ជារៀងរាល់ថ្ងៃ មានជើងរថភ្លើង ៣ ជើង ដែលចេញពីស្ថានីយហាណូយ ឆ្លងកាត់ស្ថានីយ៍ Long Bien, Gia Lam, Yen Vien និង Tu Son (Bac Ninh)។ លោក Mai Van Ngoc អ្នកគ្រប់គ្រងផ្នែកផលិតក្បាលរថភ្លើងនិងទូរថភ្លើង នៃក្រុមហុនភាគហ៊ុនរថភ្លើង Gia Lam បានចែករំលែកថា៖

“រថភ្លើង២ជាន់នេះ យើងមានផែនការរចនាអស់រយៈពេល២ឆ្នាំមកហើយ។ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ យើងបានផលិតរួចរាល់។ ចាប់ពីវត្ថុធាតុដើម សម្ភារៈ និងបច្ចេកទេស យើងបានយកចិត្តទុកដាក់យ៉ាងល្អិតល្អន់បំផុតដល់ទីតាំងនីមួយៗ ជ្រុងនីមួយៗ ដើម្បីបង្កើនសោភ័ណភាពរថភ្លើង។ យើងក៏បានច្នៃប្រឌិតផ្នែកខាងក្នុង និងការរៀបចំតុកៅអី ដើម្បីឲ្យអ្នកដំណើរ អាចគយគន់ទេសភាពខាងក្រៅផង និងថតរូប check-in ខាងក្នុងផង ដោយរក្សាបាននូវភាពប្រពៃណី ប៉ុន្តែក៏មានភាពទំនើប។ លើរថភ្លើងក៏មាន wifi និងកន្លែងសាកថ្មទូរស័ព្ទផងដែរ”។

ហាងកាហ្វេជាច្រើននៅទីក្រុងហាណូយ ក្នុងប៉ុន្មានថ្ងៃនេះ ក៏បានស្លៀកពាក់អាវពណ៌ក្រហមត្រចះត្រចង់ ជាមួយនឹងការតុបតែងជ្រុងៗ តាមប្រធានបទស្នេហាជាតិ។ គ្រប់ជ្រុងទាំងអស់ត្រូវបានតុបតែងយ៉ាងទាក់ទាញភ្នែក ជាកន្លែងថតរូប check-in សម្រាប់មនុស្សជាច្រើន។

“យើងនឹងបង្ហោះនៅលើបណ្ដាញសង្គមដូចជា Facebook, TikTok និង Instagram ពីព្រោះយើងពិតជាចង់រីកសាយភាយស្មារតីស្នេហាជាតិ ផ្សព្វផ្សាយដល់ភ្ញៀវទេសចរបរទេសអំពីទីតាំងថតរូបដ៏មានអត្ថន័យនេះ”។

“ខ្ញុំឃើញសិស្សានុសិស្ស និងសហការីថតរូបនៅទីតាំងតុបតែងលម្អ ដើម្បីស្វាគមន៍ទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា។ នេះក៏ជាហេតុផលមួយដែលធ្វើអោយខ្ញុំអន្ទះសារ និងចង់ថតរូបដើម្បីអបអរទិវាបុណ្យជាតិផងដែរ”។

សកម្មភាពសិក្ខាសាលានៅកន្លែងជាច្រើនក្នុងទីក្រុង ក្នុងឱកាសថ្ងៃទី ២ ខែកញ្ញា ក៏ទំនងជាបង្កើតបទពិសោធន៍ដ៏ទាក់ទាញផងដែរ។ ភ្ញៀវទេសចរអាចតុបតែងមួកដួន ប្រពៃណីជាមួយនឹងគំនូរទង់ជាតិ គំនូរទេសភាព រមណីយដ្ឋាននៃប្រទេសជាតិ; ឬសាកល្បងធ្វើម្ហូបអាហារ និងភេសជ្ជៈជាពណ៌លឿង ក្រហម ដែលជាពណ៌ទង់ជាតិវៀតណាមផងដែរ។ អ្នកស្រី Nguyen Dieu Linh ស្ថាបនិកនៃសិក្ខាសាលា Choi បានចែករំលែកថា៖

“នេះគឺជាកន្លែងមួយដែលភ្ញៀវទេសចរអាចមក មិនត្រឹមតែដើម្បីហូបឬទទួលបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែគេក៏ដឹងដែរថា វប្បធម៌វៀតណាមមានលក្ខណៈយ៉ាងដូចម្ដ៉េច ហើយស្មារតីស្នេហាជាតិរបស់ជនជាតិវៀតណាមយ៉ាងណា”។

ចាប់ពីការទស្សនាសារមន្ទី កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ រហូតដល់ការរៀបចំសកម្មភាព នៅគ្រប់ជ្រុងផ្លូវ រដ្ឋធានីហាណូយកំពុងនិទានរឿងស្នេហាជាតិតាមរបៀបផ្ទាល់ខ្លួន ទន់ភ្លន់តែមានមោទនភាពបំផុត។ ដំណើរកម្សាន្តស្វែងយល់ទីក្រុងហាណូយកាន់តែមានភាពរស់រវើក និងទាក់ទាញ មិនថាអ្នកមកទីនេះជាលើកដំបូង ឬត្រឡប់មកដើម្បីស្រឡាញ់ ហាណូយម្តងទៀតនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ