(VOVWORLD) - ប្រជាជនវៀតណាមកំពុងរស់នៅក្នុងប៉ុន្មានថ្ងៃសរទរដូវខែកញ្ញាដ៏គួរជាទីមោទន នៅពេលដែលប្រទេសទាំងមូលរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា។ នៅទីលាន Ba Dinh ប្រវត្តិសាស្ត្រកាលពី ៨០ ឆ្នាំមុន លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ បង្កើតឡើងសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ ស្ថិតនៅមជ្ឈមណ្ឌលរដ្ឋធានីហាណូយ ទីកន្លែងដ៏ពិសិដ្ឋនោះ សព្វថ្ងៃបន្តជាទីកន្លែងជួបជុំគ្នារបស់ប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិរាប់លាននាក់ ដើម្បីរំលឹកដល់ពេលវេលាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន។
ទីលាន "Ba Dinh" ត្រូវបានដាក់ឈ្មោះតាមចលនាក្រោកឈរឡើងប្រឆាំងអាណានិគមបារាំងនៅខេត្ត Thanh Hoa នៅចុងសតវត្សទី ១៩ ដូចសេចក្ដីរំលឹកអំពីស្មារតីដ៏មោះមុតរបស់ដូនតា។ ទីលានមានរយៈបណ្ដោយ ៣២០ ម៉ែត្រ ទទឹង ១០០ ម៉ែត្រ បែងចែកជាក្រឡាស្មៅចំនួន ២១០ ដែលមានផ្លូវធ្វើដំណើរនៅចន្លោះ។ នៅចំកណ្តាលទីលានមានបង្គោលទង់ជាតិកម្ពស់ ២៥ ម៉ែត្រ។ ស្ថាបត្យកម្មនៃទីលាន គឺជាការរួមបញ្ចូលគ្នានៃទីធ្លាសាធារណៈដ៏ធំទូលាយ ទេសភាពបៃតង ជាមួយនឹងសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដូចជា វិមានតម្កល់សពលោកប្រធានហូជីមិញ វិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី វត្ត Mot Cot និងវិមានរដ្ឋសភា។
៨០ឆ្នាំមុន នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានប្រវត្តិសាស្ត្រ Ba Dinh លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ បង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ (រូបថត៖ hanoionline.vn) |
ទីលាន Ba Dinh បានឆ្លងកាត់ការជួសជុលកែលម្អធំៗចំនួន ៥ លើក ដែលការជួសជុលម្ដងៗ សុទ្ធតែផ្សាភ្ជាប់នឹងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ។ នៅឆ្នាំ ១៩៤៥ ទីនេះត្រូវបានពង្រីកយ៉ាងសាមញ្ញដើម្បីទទួលស្វាគមន៍មនុស្សរាប់សែននាក់ក្នុងថ្ងៃឯករាជ្យជាតិ។ នៅឆ្នាំ ១៩៥៤ ទីលានត្រូវបានជួសជុលឡើងវិញបន្ទាប់ពីរដ្ឋធានីត្រូវបានរំដោះ។ នៅឆ្នាំ ១៩៦៩ ទីកន្លែងនេះត្រូវបានជួសជុលម្តងទៀត ដើម្បីបម្រើដល់ពិធីគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ ក្នុងដំណាក់កាលឆ្នាំ ២០០៨-២០១០ ទីនេះ ត្រូវបានកែលម្អគ្រប់ជ្រុងជ្រោយក្នុងឱកាសនៃមហាពិធីអបអរសាទរ ១០០០ ឆ្នាំនៃអតីតរាជធានីថាំងឡុង។ ចាប់ពីខែមិថុនាឆ្នាំ ២០២៥ មក ទីលាន Ba Dinh ត្រូវបានពង្រីកទៅភាគខាងត្បូង ដើម្បីកែលម្អទេសភាពនៃមជ្ឈមណ្ឌលនយោបាយជាតិ។ លោកវរសេនីយ៍ឯក Nguyen The Luc មេបញ្ជាការរងនៃកងពលទី១២ ក្រសួងការពារប្រទេស ដែលជាអង្គភាពទទួលបន្ទុកការជួសជុលទេសភាព បានឲ្យដឹងថា៖
“ផ្ទៃដីដែលត្រូវបានពង្រីកមានទំហំប្រហែល ៧៣០០ ម៉ែត្រការ៉េ រួមទាំងក្រឡាស្មៅចំនួន ២៨ និងចិញ្ចើមផ្លូវផងដែរ។ ទីធ្លា Hung Vuong ត្រូវបានពង្រីកដល់ ១០០០ ម៉ែត្រការ៉េ”។
ពិធីបង្ហូតទង់ជាតិនៅទីលាន Ba Dinh។ (រូបថត៖ Tri Anh/VTC News) |
ស្ថិតនៅមជ្ឈមណ្ឌលទីក្រុងហាណូយ ទីលាន Ba Dinh មិនត្រឹមតែជាលំហដ៏ធំទូលាយ ជាមួយនឹងវាលស្មៅបៃតង និងផ្លូវដែលគ្របដណ្ដប់ដោយទង់ជាតិនិងផ្កា នៅក្នុងឱកាសពិធីបុណ្យសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងដែលគូសសញ្ញាព្រឹត្តិការណ៍ដ៏មហិមារបំផុតរបស់ប្រជាជាតិវៀតណាមទៀតផង។ ចាប់ពីវេទិកាជាប្រវត្តិសាស្ត្រនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ រហូតដល់ពិធីរំលឹកខួបអនុស្សាវរីយ៍និងពិធីមីទ្ទិញដ៏ធំរបស់ប្រទេសជាតិ ទីលាន Ba Dinh បានក្លាយជានិមិត្តរូបនៃឯករាជ្យ សេរីភាព និងសេចក្តីប្រាថ្នាឈានឡើងរបស់ប្រជាជាតិដ៏ក្លាហានមោះមុត។ចាប់តាំងពីឆ្នាំ ២០០១ មក ជារៀងរាល់ថ្ងៃ នៅទីលាន Ba Dinh ក៏ប្រារព្ធធ្វើពិធីកិច្ចថ្នាក់ជាតិរបស់វៀតណាម ដែលជាពិធីបង្ហូតទង់ជាតិនៅម៉ោង ៦ ព្រឹកក្នុងរដូវក្តៅ និងម៉ោង ៦ និង
៣០នាទី ព្រឹកក្នុងរដូវរងារ។
“ក្នុងទិវាបុណ្យសំខាន់ៗរបស់ប្រទេសជាតិ យើងមានអារម្មណ៍មោទនៈភាពណាស់ ពេលងើយមើលទង់ជាតិ ច្រៀងចម្រៀងជាតិ ឈរនៅមុខទីលានគោរពទង់ជាតិ។ យើងមានមោទនភាពណាស់ ដែលជាជនជាតិវៀតណាម”។
ជាពិសេស នៅប៉ុន្មានថ្ងៃដើមខែកញ្ញានេះ នៅទីលាន Ba Dinh ជាប្រវត្តិសាស្ត្រ ក៏បានប្រារព្ធពិធីព្យុហយាត្រា ដង្ហែរក្បួន ដើម្បីអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) ដោយមានប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់។
មោទនភាពជាតិគឺជាអារម្មណ៍រួម របស់ប្រជាជនវៀតណាមភាគច្រើន ជាពិសេសអ្នកដែលមានវត្តមាននៅទីលាន Ba Dinh។ សម្រាប់មនុស្សជាច្រើន នេះជាឱកាសមួយសម្រាប់ពួកគេដើម្បីយល់កាន់តែជ្រាលជ្រៅពីភាពស្រស់ស្អាតនៃសន្តិភាព ឯករាជ្យ សេរីភាព និងសុភមង្គល។
“ខ្ញុំជាអតីតយុទ្ធជននៃសមរភូមិ Quang Tri។ ខ្ញុំរំជួលចិត្តខ្លាំងណាស់ ដែលបានមកទីនេះ ចំនៅទិវាបុណ្យជាតិ។ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានលង់ខ្លួនទៅក្នុងស្មារតីជាតិ”។
“ថ្ងៃនេះឈរនៅមុខទីលាន Ba Dinh ដែលព័ទ្ធជុំវិញដោយទង់ជាតិ ផ្កាចម្រុះពណ៌ និងហ្វូងមនុស្សយ៉ាងច្រើនកុះករ ខ្ញុំមានអារម្មណ៍មោទនភាព និងសប្បាយរីករាយយ៉ាងក្រៃលែង។ បរិយាកាសគឺមិនអាចពិពណ៌នាបានឡើយ។ ខ្ញុំមានអារម្មណ៍ថា រូបខ្លួនត្រូវតែរស់នៅឱ្យកាន់តែប្រសើរឡើង ធ្វើអំពើល្អឲ្យបានច្រើន ដើម្បីរួមចំណែកយ៉ាងវិជ្ជមានដល់សង្គមជាតិ កសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន សក្តិសមនឹងអ្វីៗដែលដូនតាយើងបានលះបង់ ដើម្បីឱ្យយើងមានជីវភាពល្អប្រសើរដូចសព្វថ្ងៃនេះ”។
វគ្គហាត់សមនៃពិធីព្យុហយាត្រាដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី ២ ខែកញ្ញា។ (រូបថត៖ Le Chi/VOV5) |
ក្រៅពីប្រជាជនក្នុងស្រុក ភ្ញៀវទេសចរអន្តរជាតិជាច្រើនក៏មិនអាចលាក់បាំងការកោតសរសើររបស់ខ្លួនពេលទៅទស្សនាទីលាន Ba Dinh ក្នុងឱកាសទិវាបុណ្យជាតិដែរ។
“ខ្ញុំពិតជាសោមនស្សរីករាយណាស់ដែលបានមកទីនេះ។ ខ្ញុំអាចទទួលបានអារម្មណ៍នៃសេចក្ដីស្នេហារបស់ប្រជាជនវៀតណាមចំពោះមាតុភូមិ និងស្រុកកំណើត”។
“ពេលខ្ញុំមកទីនេះ ខ្ញុំទទួលបានអារម្មណ៍យ៉ាងច្បាស់ពីស្មារតីរបស់ជនជាតិវៀតណាម។ នោះគឺជាស្មារតីនៃសាមគ្គីភាព សេចក្ដីស្នេហាជាតិ និងការផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅ នៅពេលដែលមនុស្សគ្រប់គ្នាអបអរទិវាបុណ្យជាតិ”។
អស់រយៈពេល ៨០ ឆ្នាំកន្លងមក ទីលាន Ba Dinh គឺជានិមិត្តរូបដ៏ពិសិដ្ឋនៃមោទនភាពជាតិ ជាបេះដូងនៃទីក្រុងហាណូយ និងប្រទេសទាំងមូលជានិច្ច។ កន្លែងនេះមិនត្រឹមតែដំណាលរឿងរ៉ាវកាលពី ៨០ ឆ្នាំមុនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីកម្លាំងរស់របស់ជនជាតិវៀតណាមដែលជានិច្ចកាលគោរពអតីតកាល និងខិតខំឈានឡើងកសាងអនាគតទៀតផង៕