បំពង់បង្ហូរប្រេងសាំង Truong Son - រឿងព្រេងនៃដំណើរឯកភាពទឹកដីមាតុភូមិ

(VOVWORLD) - ក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះជាតិ ផ្លូវ Truong Son ប្រៀបប្រដូចជាសរសៃឈាមដ៏ធំសម្បើមសម្រាប់ដឹកជញ្ជូនកងទ័ព ស្បៀងអាហារ និងបរិក្ខារយោធាពីសមរភូមិក្រោយភាគខាងជើងទៅកាន់សមរភូមិមុខភាគខាងត្បូង។ នៅលើបណ្តាញចរាចរណ៍ដ៏មហិមារនោះ មានបំពង់បង្ហូរប្រេងសាំងដែលមានប្រវែង ១៧០០ គីឡូម៉ែត្រ ដែលលាតសន្ធឹងតាមបណ្ដោយប្រទេសជាតិ ហើយត្រូវបានពង្រីកឡើងដល់ជិត ៥០០០ គីឡូម៉ែត្រ ចាប់ពីខេត្ត Quang Ninh, Lang Son ទៅកាន់ខេត្ត Binh Phuoc។ 
 
មិនត្រឹមតែជាសំណង់ជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ បំពង់បង្ហូរប្រេងសាំង Truong Son ថែមទាំងជានិមិត្តរូបនៃឆន្ទៈដែកថែប ការច្នៃប្រឌិត និងការលះបង់ដ៏ស្ងៀមស្ងាត់របស់កងទ័ព និងប្រជាជនវៀតណាមក្នុងសម័យសង្គ្រាមទៀតផង។
បំពង់បង្ហូរប្រេងសាំង Truong Son - រឿងព្រេងនៃដំណើរឯកភាពទឹកដីមាតុភូមិ - ảnh 1ឧត្តមសេនីយ៍ត្រី Ho Sy Hau អតីតប្រធានស្នងការសេដ្ឋកិច្ច (ក្រសួងការពារប្រទេស) វិស្វកររចនា និងសាងសង់បំពង់បង្ហូរប្រេងសាំង Truong Son។ (រូបថត៖ VOV5)

សំណង់បំពង់បង្ហូរប្រេងសាំង Truong Son ត្រូវបានសាងសង់នៅខែមេសា ឆ្នាំ ១៩៦៨ ក្រោមឈ្មោះកូដ "ការដ្ឋានសំណង់ធារាសាស្ត្រលេខ ០១"។ នៅពេលនោះ ការវាយលុកសរុបនិងក្រោកឈរឡើងនានិទាឃរដូវឆ្នាំ ១៩៦៨ របស់កងទ័ព និងប្រជាជនវៀតណាមនៅភាគខាងត្បូង ទាមទារឲ្យមានការគាំទ្រជាបន្ទាន់បំផុត។ ប្រេងសាំងគឺជាកត្តាសំខាន់សម្រាប់ការតស៊ូ។ ទោះជាយ៉ាងនេះក្ដី ការមិនអាចដឹកជញ្ជូនប្រភេទឥន្ធនៈនេះ បានបណ្ដាលឱ្យការបញ្ជូនកងទ័ព ក៏ដូចជារបស់របរចាំបាច់ និងស្បៀងអាហារទៅកាន់សមរភូមិភាគខាងត្បូងត្រូវជាប់គាំង។ ឧត្តមសេនីយ៍ត្រី Ho Sy Hau អតីតប្រធានស្នងការសេដ្ឋកិច្ច (ក្រសួងការពារប្រទេស) វិស្វកររចនា និងសាងសង់បំពង់បង្ហូរប្រេងសាំង Truong Son បានរំលឹកថា៖

“យើងខ្ញុំបានធ្វើតាមវិធីជាច្រើន។ ទ្រាប់កាបូបស្ពាយដោយនីឡុង ចាក់សាំងចូលហើយស្ពាយ។ ប៉ុន្តែនីឡុងមិនអាចផ្ទុកនឹងប្រេងសាំងបានទេ ដូច្នេះតែប៉ុន្មានម៉ោងប៉ុណ្ណោះសាំងបានបំបែកស្រទាប់នីឡុងនោះ។ ដំណោះស្រាយស្ពាយប្រេងសាំងមានប្រសិទ្ធភាពទាបនិងគ្មានសុវត្ថិភាពទេ ដូច្នេះវាមិនអាចធ្វើបាន។ បន្ទាប់នោះ យើងខ្ញុំបានប្រើប្រាស់ធុងតូចៗដើម្បីសែងឆ្លងកាត់ទីតាំងសំខាន់ៗដែលមានប្រវែងច្រើនគីឡូម៉ែត្រ ប៉ុន្តែត្រូវខ្មាំងសត្រូវវាយប្រហារយ៉ាងខ្លាំង។ ទីបំផុត យើងខ្ញុំបានផ្សារស័ង្កសីទៅជាបំពង់ ហើយយកបំពង់កៅស៊ូ បំពង់តង់ បំពង់ឬស្សី ភ្ជាប់គ្នាដោយសំបកកង់រថយន្ត ប៉ុន្តែក៏ត្រូវបំផ្លាញដោយប្រេងសាំងផងដែរ។ នោះគឺជាបំពង់ពិសេសបំផុតនៅលើពិភពលោក”។

បំពង់បង្ហូរប្រេងសាំង Truong Son - រឿងព្រេងនៃដំណើរឯកភាពទឹកដីមាតុភូមិ - ảnh 2យុទ្ធនារីនៃកងវរសេនាធំលេខ៥៩២ បញ្ជាការដ្ឋានលេខ៥៥៩ ដឹកជញ្ជូនបំពង់បង្ហូរប្រេងសាំង នៅខែមករា ឆ្នាំ១៩៧២។ (រូបថតឯកសារ)

មនុស្សដំបូងគេដែលមានគំនិតប្រើប្រាស់បំពង់បង្ហូរប្រេងសាំងពីរឈុត ដែលជាជំនួយពីសហភាពសូវៀត នៅសមរភូមិគឺលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ បន្ទាប់មក គណៈកម្មាធិការយោធាមជ្ឈិមបានសម្រេចចិត្តប្រើប្រាស់បំពង់បង្ហូរប្រេងសាំងនេះ ដើម្បីដឹកជញ្ជូនប្រេងសាំង ផ្គត់ផ្គង់ដល់សមរភូមិភាគខាងត្បូង។ ឆ្លងកាត់ព្រៃភ្នំ គ្រាប់បែកមីន បំពង់រាប់ម៉ឺន គ្រឿងបន្លាស់ ម៉ាស៊ីន ធុងកៅស៊ូរាប់សិបតោន... ត្រូវបានដឹកជញ្ជូនតាមស្មារបស់យុទ្ធជន។ លោកវរសេនីយ៍ឯក Nguyen Van Tao អតីតអនុប្រធានការិយាល័យបំពង់ ស្នងការប្រេងឥន្ធនៈលេខ ៥៥៩ នៅតែចងចាំរយៈពេលដែលលោកជាកម្មាភិបាលបច្ចេកទេសនៃកងអនុសេនាធំ ការដ្ឋានសំណង់លេខ ១៨ ដែលទទួលបន្ទុកសាងសង់បំពង់បង្ហូរប្រេងសាំងនៅយោធភូមិភាគទី ៤។

“ពេលសាងសង់បំពង់បង្ហូរប្រេងសាំងនេះ ខណៈដែលយើងខ្ញុំកំពុងសាកល្បងលាងទឹក ដើម្បីត្រៀមរៀបចំបូមសាំងនោះ ពួកខ្មាំងសត្រូវបានរកឃើញយើងខ្ញុំ។ នៅយប់ចុងខែធ្នូ ឆ្នាំ ១៩៦៨ គ្រាប់បែក B៥២ ត្រូវបានបានទម្លាក់ជាបន្តបន្ទាប់លើច្រកភ្នំ Mu Gia (ខេត្ត Quang Binh) ដែលកាត់តាមបំពង់នេះ។ ប៉ុន្មានថ្ងៃបន្ទាប់ មានការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ដោយយន្តហោះ B៥២ លើទីតាំងសំខាន់លេខ ០៥០ លើច្រកភ្នំ Mu Gia។ នៅពេលនោះ កងវិស្វកម្មបានបំផ្ទុះមីនបំបែកថ្ម ដើម្បីបង្កើតលេណដ្ឋានសម្រាប់កងទ័ពភ្ជាប់ខ្សែបំពង់ជាច្រើនដង ប៉ុន្តែនៅតែរងការបំផ្លិចបំផ្លាញដោយគ្រាប់បែក”។

បំពង់បង្ហូរប្រេងសាំង Truong Son នៅពេលនោះ ប្រៀបប្រដូចជាសមរភូមិដ៏សាហាវ រវាងអង្គទ័ពបច្ចេកទេសនៃកងទ័ពប្រជាជនវៀតណាម និងកម្លាំងទ័ពជើងអាកាសដ៏ខ្លាំងរបស់សត្រូវជាមួយនឹងអាវុធទំនើបបំផុតនៅពេលនោះ។ ឧត្តមសេនីយ៍ត្រី Ho Sy Hau បានមានប្រសាសន៍ថា៖

“ខាងសត្រូវតែងតែវាយប្រហារលើទីតាំងដ៏ទាប។ នៅពេលនោះ យើងត្រូវស្វែងរកទីតាំងខ្ពស់បំផុត ដែលសត្រូវមិនអាចនឹកស្មានដល់ ដើម្បីយកបំពង់បង្ហូរដល់ទីនោះ។ នោះគឺជាដំណោះស្រាយដ៏ក្លាហានមួយ ដែលវិស្វករត្រូវគិតគូរពីបញ្ហា ដែលមិនត្រូវបានបង្រៀននៅក្នុងសៀវភៅសិក្សានោះទេ ប៉ុន្តែយើងខ្ញុំត្រូវអនុវត្តន៍នៅ Truong Son ជាមួយនឹងរូបមន្តថ្មីៗ និងហានិភ័យមួយចំនួន។ ចុងក្រោយយើងខ្ញុំបាននាំយកបំពង់បង្ហូរឡើងកំពូលភ្នំនៅរយៈកម្ពស់ ៩១១ ម៉ែត្រ។ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៦៩ ប្រេងសាំងបានឆ្លងកាត់ចម្ងាយ ៥០ គីឡូម៉ែត្រពីជើងខាងកើតនៃភ្នំ Truong Son ទៅកាន់ Ban Co (ប្រទេសឡាវ) នៅភាគខាងលិច Truong Son”។

មកដល់ខែមីនា ឆ្នាំ១៩៧៥ កងទ័ព Truong Son បានសាងសង់ប្រព័ន្ធបំពង់បង្ហូរប្រេងសាំងដ៏ពេញលេញ ដែលមានប្រវែងសរុបរហូតដល់ ៥០០០គីឡូម៉ែត្រ។ ដោយជំនះលើការវាយប្រហារដោយកងទ័ពជើងគោករបស់សត្រូវ ក្នុងរយៈពេល ៧ ឆ្នាំចូលរួមក្នុងការដឹកជញ្ជូនយុទ្ធសាស្ត្រ (១៩៦៨ - ១៩៧៥) បំពង់បង្ហូរប្រេងសាំង Truong Son ដោយមានប្រវែងរាប់ពាន់គីឡូម៉ែត្រ បានសម្រេចភារកិច្ចយ៉ាងល្អ ដោយផ្គត់ផ្គង់ប្រេងសាំងចំនួន ៥,៥ លានម៉ែត្រគីបដល់ភាគខាងត្បូង បម្រើឱកាសយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ជាពិសេសការវាយលុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំ១៩៧៥។ បំពង់បង្ហូរប្រេងសាំងនេះ បានរួមចំណែកបង្កើតឡើងជ័យជម្នះនៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ។

ឧត្តមសេនីយទោ Dong Sy Nguyen មេបញ្ជាការកងពលលេខ ៥៥៩ ធ្លាប់បានអះអាងថា៖ “ប្រសិនបើផ្លូវ Truong Son ជារឿងព្រេងនោះ បំពង់បង្ហូរប្រេងសាំងគឺជារឿងព្រេងមួយនៅក្នុងរឿងព្រេងនោះដែរ”។ ចំណែកឯឧត្តមសេនីយ៍ទ័ពជើងអាកាសអាមេរិក Harry Aderholt និង Richard Serd ក៏បានធ្វើអត្ថាធិប្បាយដែរថា៖ "បំពង់បង្ហូរប្រេងសាំងរបស់វៀតណាម គឺជារឿងព្រេងដែលមានពិតៗ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ