(VOVWORLD) - Ha Giang - តំបន់ខ្ពង់រាបថ្មនៅភាគខាងជើងនៃប្រទេសវៀតណាមជាមួយនឹងជួរភ្នំថ្មមុតស្រួចដូចមុខដាវ មានរចនាបថស្ថាបត្យកម្មដែលបានស្ថិតស្ថេរគង់វង្សអស់រយៈពេលជាច្រើនជំនាន់មកហើយនោះគឺផ្ទះជញ្ជាំងដី។ ផ្ទះជញ្ជាំងដី គឺជាលក្ខណៈវប្បធម៌ ជានិមិត្តរូបនៃភាពឧស្សាហ៍ព្យាយាម ភាពប៉ិនប្រសប់ និងការសម្របខ្លួនរបស់ប្រជាពលរដ្ឋជនជាតិ Mong, Dao, Tay... នៅទឹកដីប៉ូលខាងជើងវៀតណាម។
ផ្ទះជញ្ជាំងដីជាមួយនឹងស្ថាបត្យកម្មបុរាណនៅខ្ពង់រាប Ha Giang។ រូបថត៖ Khanh Hoa/VNA |
យ៉ាងណាមិញ ប្រការដ៏ ពិសេសជាងនេះទៅទៀត គឺផ្ទះជញ្ជាំងដីជាប្រពៃណីនេះ នាសព្វថ្ងៃកំពុងផ្លាស់ប្ដូរទៅពាក់អាវថ្មីមួយ ដោយក្លាយជាផ្ទះហូមស្ទេទេសចរណ៍សហគមន៍ ស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកស្វែងយល់ ស្នាក់នៅ ហើយសម្របខ្លួននឹងរបៀបរស់នៅរបស់អ្នកស្រុក។
គ្មានជាន់ច្រើន គ្មានបេតុងដែកថែប ផ្ទះជញ្ជាំងដី ត្រូវបានសាងសង់ឡើងពីដីនិងបាតដៃរបស់អ្នកស្រុក។ ជញ្ជាំងផ្ទះត្រូវបានផ្សំផ្ដុំដោយដីឥដ្ឋពីស្រទាប់មួយទៅស្រទាប់មួយទៀត ក្នុងរយៈពេលរាប់សិបថ្ងៃធ្វើការ។ ផ្ទះជញ្ជាំងដីនីមួយៗ គឺជាដំណើរការធ្វើពលកម្មដ៏ស្វិតស្វាញរបស់ប្រជាជន។
ដំបូលប្រក់ក្បឿង យិនយ៉ាង នៃផ្ទះជញ្ជាំងដី។ រូបថត៖ Khanh Hoa/VNA |
ដំបូលផ្ទះជាធម្មតាត្រូវបានប្រក់ដោយក្បឿង យិន-យ៉ាង ឬស្មៅ ដែលបង្កើតរូបរាងស្រទន់ និងលាយឡំជាមួយនឹងទេសភាពព្រៃភ្នំ។ ផ្ទះបែបនោះមិនត្រឹមតែរឹងមាំ ធន់នឹងកំដៅថ្ងៃនិងខ្យល់ភ្លៀងប៉ុណ្ណោះទេ ថែមទាំងត្រជាក់ស្រួលនៅរដូវក្តៅនិងកក់ក្តៅក្នុងរដូវរងារទៀតផង។ នេះគឺជាដំណោះស្រាយសំណង់ប្រកបដោយនិរន្តរភាពតាំងពីបុរាណកាល ដែលរហូតមកដល់បច្ចុប្បន្ននៅតែទាន់សម័យ។ លោក Ly Ta Muoi ម្ចាស់ផ្ទះហូមស្ទេ Quan Ba Taigoo នៅស្រុក Quan Ba ខេត្ត Ha Giang បានចែករំលែកថា៖
“ផ្ទះជញ្ជាំងដីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងវប្បធម៌របស់ប្រជាជននៅតំបន់ខ្ពង់រាប Ha Giang និយាយរួម ហើយសម្រាប់បងប្អូនជនជាតិ Dao នោះ គឺ ១០០% គ្រួសារនៅទីនេះបានសាងសង់ផ្ទះជញ្ជាំងដីបែបនេះ”។
មិនត្រឹមតែជាកន្លែងរស់នៅនោះទេ ផ្ទះជញ្ជាំងដី នាសព្វថ្ងៃនេះបានក្លាយជាចំណុចលេចធ្លោនៃទេសចរណ៍សហគមន៍នៅខេត្ត Ha Giang។ ពី Dong Van, Meo Vac, ទៅ Yen Minh, Quan Ba, ... គ្រួសារជាច្រើនបានជួសជុល ថែរក្សា និងគួបផ្សំយ៉ាងប៉ិនប្រសប់រវាងផ្ទះប្រពៃណី ជាមួយនឹងបរិក្ខារទំនើបៗ ដើម្បីបង្កើតជាផ្ទះហូមស្ទេដ៏ប្លែកពីគេ សម្បូរទៅដោយលក្ខណៈវប្បធម៌ ប៉ុន្តែនៅតែសមរម្យសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ លោក Luong Duy Doanh នាយកក្រុមហ៊ុនទេសចរណ៍ Five Stars បានឲ្យដឹងថា៖
“ផ្ទះហូមស្ទេនៅតែរក្សាបាននូវរចនាបថផ្ទះប្រពៃណី ប៉ុន្តែក៏ធានាបាននូវលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរផងដែរ។ ឧទាហរណ៍ ផ្ទះហូមស្ទេនៅតែមានល្វែងសហគមន៍ និងបន្ទប់ឯកជនសម្រាប់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរបរទេស ចូលចិត្តផ្ទះជញ្ជាំងដីបែបនេះខ្លាំងណាស់”។
ជីវភាពប្រចាំថ្ងៃនៅក្នុងផ្ទះជញ្ជាំងដី។ រូបថត៖ Khanh Hoa/VNA |
មកដល់ផ្ទះហូមស្ទេសហគមន៍នៅភូមិ Lo Lo Chai ស្រុក Dong Van ខេត្ត Ha Giang ពេលចូលដល់ខ្លោងទ្វារ ភ្ញៀវទេសចរត្រូវបានស្វាគមន៍ដោយចង្វាក់ភ្លេង និងក្បាច់របាំរបស់ជនជាតិ Lo Lo បន្ទាប់មកបានរីករាយនឹងភាពស្រស់ស្អាតនៃផ្ទះជញ្ជាំងដី។
សម្រាប់ភ្ញៀវទេសចរជាច្រើន បទពិសោធន៍នៃការរស់នៅក្នុងផ្ទះជញ្ជាំងដី គឺជាបទពិសោធន៍ដ៏ខុសប្លែកទាំងស្រុង ពីព្រោះនៅទីនេះ មនុស្សអាចរស់នៅយ៉ាងយឺតយ៉ាវ ផ្សារភ្ជាប់ជាមួយធម្មជាតិ ជាកន្លែងដែលវប្បធម៌មិនត្រឹមតែត្រូវបាននិទានប៉ុណ្ណោះទេ ថែមទាំងបានរស់នៅ បរិភោគជាមួយគ្នា និងអាចទទួលយកដោយគ្រប់អារម្មណ៍។
លោកស្រី Vo Thi Thanh Truc ភ្ញៀវទេសចរពីទីក្រុង Da Nang ដែលលើកដំបូងមក Ha Giang បានសម្តែងថា៖
"នៅក្នុងភូមិនីមួយៗ ខ្ញុំតែងតែថតទេសភាពដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះ។ វាពិតជាវិសេសវិសាល និងទាក់ទាញណាស់។ ខ្ញុំចូលចិត្តភាពសាមញ្ញៗបែបនោះ។ ព្រឹកនេះខ្ញុំបានដើរលេងជុំវិញផ្ទះ ហើយផ្ទះនីមួយៗនៅទីនេះធ្វើឱ្យខ្ញុំមានចំណាប់អារម្មណ៍អស្ចារ្យណាស់"។
ភ្ញៀវទេសចរក៏បានស្ដាប់រឿងរ៉ាវអំពីជនជាតិ Mong, Dao, Lo Lo និងរៀនធ្វើនំ ដាំស្រាពោត ឬគ្រាន់តែអង្គុយនៅក្បែរចង្ក្រានអុសពេលយប់ ស្តាប់សំឡេងគែននៅកណ្ដាលព្រៃភ្នំ ឬកាន់តែសប្បាយជាងនេះទៅទៀត គឺរាំជាមួយអ្នកស្រុក។ និយាយពីភាពទាក់ទាញនៃផ្ទះជញ្ជាំងដី សម្រាប់ភ្ញៀវទេសចរអន្តរជាតិ លោក Ly Ta Muoi ម្ចាស់ផ្ទះហូមស្ទេ Quan Ba Taigoo បានឲ្យដឹងបន្តបន្ថែមទៀតថា៖
"នៅទីនេះ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ដ៏ប្លែកពីគេ ដែលផ្តល់ឱ្យពួកគេនូវអារម្មណ៍ដែលមិនអាចរកឃើញនៅកន្លែងផ្សេងៗបានឡើយ។ បច្ចុប្បន្ននេះ ភ្ញៀវពិតជាចូលចិត្តផ្ទះជញ្ជាំងដីបែបនេះ"។
នៅសព្វថ្ងៃនេះ ខេត្ត Ha Giang នៅតែរក្សាបាននូវផ្ទះជញ្ជាំងដី ដូចការរំលឹកមួយអំពីតម្លៃនៃអត្តសញ្ញាណ។ នោះគឺជាសក្ខីភាពដ៏រស់រវើកដែលបញ្ជាក់ថា៖ វប្បធម៌ ប្រសិនបើរក្សាដោយវិធីត្រឹមត្រូវ វាមិនត្រឹមតែមិនហួសសម័យទេ ថែមទាំងក្លាយជាគោលដៅទាក់ទាញទៀតផង៕