ផ្ទះនិងលេណដ្ឋាន D៦៧ - ទីបញ្ជាការពិសេសក្នុងបុព្វហេតុបង្រួបបង្រួមជាតិ

(VOVWORLD) - នៅក្នុងបរិវេណបេតិកភណ្ឌវប្បធម៌ពិភពលោក មជ្ឈមណ្ឌលព្រះបរមរាជវាំងថាំងឡុង ក្រៅពីស្លាក់ស្នាមនៅសេសសល់ក្នុងវិមានបុរាណនោះ នៅមានចំណុចលេចធ្លោពិសេសមួយទៀត។ នោះគឺជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃផ្ទះនិងលេណដ្ឋាន D៦៧ ដែលទីនោះត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលនៃទីបញ្ជាការ ជាទីស្នាក់ការកណ្ដាលនៃការិយាល័យនយោបាយ និងគណៈ កម្មាធិការយោធាបក្សមជ្ឈិម ដើម្បីដឹកនាំការអនុវត្តបេសកកម្មរំដោះភាគខាងត្បូង។

ផ្ទះនិងលេណដ្ឋាន D៦៧ - ទីបញ្ជាការពិសេសក្នុងបុព្វហេតុបង្រួបបង្រួមជាតិ - ảnh 1កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃផ្ទះនិងលេណដ្ឋាន D៦៧ គឺជាកន្លែងធ្វើការរបស់ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាបក្សមជ្ឈិមពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ ១៩៧៥។
(រូបថត៖ Phuc Tai/vovgiaothong.vn)

កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃផ្ទះនិងលេណដ្ឋាន D៦៧ គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយគោលជំហរនិងគោលមាគ៌ាទៅកាន់សមរភូមិទូទាំងប្រទេស និងសរមភូមិឥណ្ឌូចិនដូចជា៖ ការវាយប្រហារទូទៅនិងក្រោកឈរឡើងក្នុងបុណ្យតេតឆ្នាំ១៩៦៨; យុទ្ធនាការផ្លូវលេខ ៩ - Khe Sanh ឆ្នាំ១៩៦៨; យុទ្ធនាការផ្លូវលេខ ៩ - ភាគខាងត្បូងឡាវឆ្នាំ ១៩៧១; សង្គ្រាមបំផ្លិចបំផ្លាញតំបន់ភាគខាងជើង ១២ ថ្ងៃទាំងយប់ក្នុងឆ្នាំ ១៩៧២; ការបំពេញកាតព្វកិច្ចអន្តរជាតិចំពោះប្រទេសឡាវនិងកម្ពុជា ឬការរំដោះកោះសមុទ្រ។ ល។ វរសេនីយឯក សាស្រ្តាចារ្យរងបណ្ឌិត លោក Nguyen Manh Ha អតីតអនុប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាមបានឲ្យដឹងថា៖

ផ្ទះនិងលេណដ្ឋាន D៦៧ - ទីបញ្ជាការពិសេសក្នុងបុព្វហេតុបង្រួបបង្រួមជាតិ - ảnh 2វរសេនីយឯក សាស្រ្តាចារ្យរងបណ្ឌិត លោក Nguyen Manh Ha អតីតអនុប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម។ (រូបថត៖ VOV)

“នៅឆ្នាំ ១៩៦៧ នៅពេលដែលសង្រ្គាមបំផ្លិចបំផ្លាញរបស់ខ្មាំងសត្រូវ ចាប់ផ្ដើមផ្ទុះកាន់តែខ្លាំងនៅភាគខាងជើង គណៈកម្មាធិការយោធាបក្សមជ្ឈិម និងអគ្គបញ្ជាការដ្ឋានចង់កសាងផ្ទះសុវត្ថិភាពដើម្បីការពារប្រឆាំងនឹងគ្រាប់បែករបស់អាមេរិក។ ដូច្នេះ ប្រសិនបើមានយន្តហោះសត្រូវ ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាន និងអគ្គបញ្ជាការដ្ឋាន អាចផ្លាស់ទីពីអគាររដ្ឋបាលនៅក្បែរនោះទៅផ្ទះ D៦៧ បាន។ ប្រសិនបើគ្រាប់បែកធ្លាក់ចំ ជញ្ជាំងក្រាស់ណាស់ ហើយខ្លោងទ្វារក៏ត្រូវបានធ្វើយ៉ាងរឹងមាំ ធន់នឹងសំឡេង វិទ្យុសកម្ម និងសារធាតុគីមីពុលផងដែរ។ ផ្ទះនោះត្រូវបានបម្រុងទុកសម្រាប់កិច្ចប្រជុំសំខាន់ៗតែប៉ុណ្ណោះ។ ផ្ទះមានស្ថាបត្យកម្មសាមញ្ញ ងាយស្រួលប្រើប្រាស់ ប៉ុន្តែរឹងមាំ មានសុវត្ថិភាព ត្រូវបានសម្រេចរួចរាល់នៅឆ្នាំ ១៩៦៧ ដូច្នេះវាត្រូវបានគេហៅថាផ្ទះ D៦៧”។

ផ្ទះនិងលេណដ្ឋាន D៦៧ - ទីបញ្ជាការពិសេសក្នុងបុព្វហេតុបង្រួបបង្រួមជាតិ - ảnh 3បន្ទប់ប្រជុំរបស់ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាបក្សមជ្ឈិម។
(រូបថត៖ Phuc Tai/vovgiaothong.vn)

ផ្ទះ D៦៧ មាន ១ ជាន់ ចែកជា ៤ ល្វែង។ ល្វែងធំនៅចំកណ្តាលគឺជាបន្ទប់ប្រជុំរបស់ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាមជ្ឈិម។ ល្វែងតូចនៅខាងកើតជាកន្លែងធ្វើការរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ហើយល្វែងតូចនៅខាងលិចជាកន្លែងធ្វើការរបស់នាយឧត្តមសេនីយ៍ Van Tien Dung។ ទន្ទឹមនឹងនោះ លេណដ្ឋាន D៦៧ គឺជាផ្នែកមួយដ៏សំខាន់មួយនៃសំណង់នេះ ដែលបានសាងសង់ឡើងក្នុងពេលដំណាលគ្នានឹងអគារ D៦៧ ដោយដើរតួនាទីជាមជ្ឈមណ្ឌលបញ្ជាការបម្រុងក្នុងស្ថានភាពអាសន្ន។

ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៧៤ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៧៥ នៅលេណដ្ឋាន D៦៧ ការិយាល័យនយោបាយបានបើកការប្រជុំដោយប្តេជ្ញាចិត្តរំដោះភាគខាងត្បូងនៅឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៦ ហើយបានដឹកនាំ និងប្រតិបត្តិការជាបន្តបន្ទាប់នូវការវាយប្រហារសរុប និងការក្រោកឈរឡើងនៅនិទាឃរដូវឆ្នាំ ១៩៧៥ ដោយមានចំណុចកំពូលគឺយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ។ លោកវរសេនីយ៍ឯក Nguyen Manh Ha មានប្រសាសន៍ថា៖

“នៅពេលដែលយើងបើកការវាយប្រហារទូទៅក្នុងឆ្នាំ ១៩៧៥ តែងតែមានកិច្ចប្រជុំជាបន្តបន្ទាប់របស់ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាមជ្ឈិមនៅលេណដ្ឋាន D៦៧ នេះ។ ទីបំផុត តំបន់ផ្ទះ D៦៧ បានរីករាយទទួលដំណឹងជ័យជម្នះពីភាគខាងត្បូងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥”។

ផ្ទះនិងលេណដ្ឋាន D៦៧ - ទីបញ្ជាការពិសេសក្នុងបុព្វហេតុបង្រួបបង្រួមជាតិ - ảnh 4បន្ទប់ធ្វើការរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នៅផ្ទះ D៦៧។ លោកបានធ្វើការនៅទីនេះពីខែវិច្ឆិកា ឆ្នាំ ១៩៦៨ ដល់ឆ្នាំ ១៩៨០។ (រូបថត៖ Phuc Tai/vovgiaothong.vn)

ក្រៅពីអត្ថន័យជាប្រវត្តិសាស្ត្រ ផ្ទះ D៦៧ ក៏ជានិមិត្តរូបនៃស្មារតីតស៊ូដ៏អង់អាចក្លាហានមោះមុត សមត្ថភាពសម្របខ្លួនទៅនឹងគ្រប់ការលំបាកទាំងអស់ និងការប្តេជ្ញាចិត្តដណ្ដើមឯករាជ្យរបស់ប្រជាជាតិវៀតណាមផងដែរ។ បច្ចុប្បន្ននេះ គ្រឿងសង្ហារឹមខាងក្នុងផ្ទះ និងលេណដ្ឋាន D៦៧ នៅតែត្រូវបានរក្សាដដែល ដោយជាវត្ថុប្រវត្តិសាស្ត្រដែលមានតម្លៃពិសេស។ លោក Nguyen Thanh Quang នាយកមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌថាំងឡុង ទីក្រុងហាណូយបានឲ្យដឹងថា៖

“វត្ថុនិងសំណង់នៅមានដដែល ចាប់ពីតុកៅអី រហូតដល់ទូរសព្ទ...អ្វីៗទាំងអស់បានធ្វើឲ្យយើងរំលឹកដល់អនុស្សាវរីយ៍ក្នុងសម័យកាលនោះ។ កេរ្តិ៍ដំណែលបដិវត្តន៍ទាំងនេះនៅតែកំពុង "រស់" ហើយនឹងរួមចំណែកក្នុងការដំណាលរឿងប្រវត្តិសាស្ត្រ។ នេះគឺជាប្រការដ៏សំខាន់មួយ ដើម្បីជួយឲ្យមនុស្សជំនាន់ក្រោយដែលមិនមានវត្តមានក្នុងសម័យសង្រ្គាម អាចថា ជីដូនជីតារបស់យើងបានខិតខំដោយអស់ពីកម្លាំងកាយចិត្តនិងប្រយុទ្ធយ៉ាងដូចម្ដ៉េច ដើម្បីដណ្ដើមបាននូវជ័យជំនះទាំងស្រុង នាំមកនូវឯករាជ្យសម្រាប់យើងសព្វថ្ងៃនេះ”។

វត្ថុពិសេសមួយនៅក្នុងលេណដ្ឋាន D៦៧ គឺជាទូរស័ព្ទដែលមានឈ្មោះថា "ទូរស័ព្ទលេខ ១"។ ភាពពិសេសនៅត្រង់ថាទូរសព្ទនេះភ្ជាប់ដោយផ្ទាល់ជាមួយនឹងទូរសព្ទរបស់លោកប្រធានហូជីមិញ ដែលដាក់នៅផ្ទះឈើក្នុងវិមានប្រធានរដ្ឋ ដូច្នេះហើយទើបថ្នាក់ដឹកនាំនៃនាយកដ្ឋានកុលយុទ្ធ អាចឆ្លើយដោយផ្ទាល់ភ្លាមៗជូនលោកប្រធានហូជីមិញ នៅពេលលោកទូរស័ព្ទទៅសួរអំពីស្ថានភាពប្រយុទ្ធ ឬដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញបេសកកម្មនៅទីនេះ។

ក្រោយពីឆ្នាំ ១៩៧៥ លេណដ្ឋាននេះស្ទើរតែមិនត្រូវបានប្រើប្រាស់ទៀតឡើយ។ ចាប់តាំងពីឆ្នាំ ២០១៧ មក ផ្ទះ និងលេណដ្ឋាន D៦៧ បានបើកឱ្យភ្ញៀវចូលទស្សនា។ នេះជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រយោធារបស់វៀតណាម ជាពិសេសជំនាន់វ័យក្មេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ