(VOVWORLD) - ក្នុងបុព្វហេតុបង្រួបបង្រួមប្រទេសជាតិ ផ្លូវ Truong Son បានក្លាយជានិមិត្តរូបអមតៈ ដែលបង្ហាញពីឆន្ទៈប្តេជ្ញាតស៊ូប្រយុទ្ធ ប្ដេជ្ញាយកជ័យជំនះរបស់ប្រជាជាតិវៀតណាម។ នៅលើផ្លូវរឿងព្រេងនេះ កងទ័ព យុវជនស្ម័គ្រចិត្ត និងកងសេនាជននៅខ្សែជួរមុខបានជំនះលើគ្រោះថ្នាក់ទាំងឡាយ បើកផ្លូវ ការពារផ្លូវ ដើម្បីធានាការដឹកជញ្ជូនជំនួយពីភាគខាងជើង ទៅកាន់សមរភូមិភាគខាងត្បូង។ នេះមិនត្រឹមតែជាសរសៃឈាមចរាចរណ៍ ជាស្ពានតភ្ជាប់សមរភូមិក្រោយជាមួយនឹងសមរភូមិមុខប៉ុណ្ណោះទេ ថែមទាំងក៏ជានិមិត្តរូបនៃសេចក្តីប្រាថ្នានៃឯករាជ្យ សេរីភាព និងឯកភាពជាតិទៀតផង។
ក្បួនរថយន្តឆ្លងកាត់ផ្លូវ Truong Son ដើម្បីដឹកជញ្ជូនជំនួយដល់សមរភូមិភាគខាងត្បូង ដោយពាក្យស្លោក “ទាំងអស់គ្នាដើម្បីភាគខាងត្បូងជាទីស្រឡាញ់”។ (រូបថតឯកសារ) |
ផ្លូវ Truong Son ត្រូវបានបង្កើតចំថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ១៩៥៩)។ ចេញពីព្រៃ Truong Son ដ៏ធំល្វឹងល្វើយ ជំហានដំបូងរបស់យុទ្ធជននៃក្រុមយោធាពិសេស (ក្រុមលេខ ៥៥៩) បានចាប់ផ្តើមបើកផ្លូវទៅកាន់ភាគខាងត្បូង។ ក្នុងប៉ុន្មានឆ្នាំដំបូង ផ្លូវ Truong Son នៅតែមានលក្ខណៈដើម ដោយស្ទើរតែគ្មានអ្វីសោះក្រៅពីផ្លូវលំរដិបរដុប ផ្លូវភក់ និងជម្រាលថ្មចោតប៉ុណ្ណោះ។ មធ្យោបាយដឹកជញ្ជូនភាគច្រើនគឺ កាផា ឬកង់។ ឧត្តមសេនីយ៍ត្រី Hoang Anh Tuan អតីតអនុប្រធានស្នងការនយោបាយនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារប្រទេស បានរំលឹកថា៖
“ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ១៩៥៩ កម្លាំងដំបូងមានកម្មាភិបាល យុទ្ធជនតែ ៥០០ នាក់ប៉ុណ្ណោះ ដែលភាគច្រើនជាកម្មាភិបាលនិងយុទ្ធជនមកពីភាគខាងត្បូង។ ខ្សែផ្លូវនេះគឺជាខ្សែផ្លូវដែលយើងបានដំណើរការតាំងពីសម័យតស៊ូប្រឆាំងនឹងបារាំង ដូច្នេះគេហៅថាផ្លូវលំ។ វីរជនកងកម្លាំងប្រដាប់អាវុធ Nguyen Viet Sinh នៅពេលនោះ គឺជាយុទ្ធជននាំសារ។ តាមការគណនា ចម្ងាយដែលលោកបានធ្វើដំណើរស្មើនឹងរង្វង់មួយជុំវិញផែនដី”។
ឧត្តមសេនីយ៍ត្រី Hoang Anh Tuan អតីតអនុប្រធានស្នងការនយោបាយនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារប្រទេស។ (រូបថត៖ qdnd.vn) |
ដោយមានឆន្ទៈក្លាហានមោះមុត កងទ័ព និងប្រជាជនវៀតណាមបានប្រើប្រាស់ឧបករណ៍សាមញ្ញ ដើម្បីពង្រីកផ្លូវជាច្រើនឱ្យធំល្មមសម្រាប់យានយន្តឆ្លងកាត់។ ឧត្តមសេនីយត្រី Vo So អតីតមេបញ្ជាការរងនៃកងពលធំលេខ១២ ដែលជាយុទ្ធជនម្នាក់ក្នុងចំណោមយុទ្ធជន Truong Son ថ្ងៃនោះ បានឲ្យដឹងថា៖
“នៅឆ្នាំ ១៩៦៨ កងវរសេនាធំលេខ ៩៨ បានបើកផ្លូវចម្ងាយ ៥០០ គីឡូម៉ែត្រជាបន្តបន្ទាប់ ចាប់ពី Muong Lo (ខេត្ត Thanh Hoa) ទៅកាន់ចំណុចប្រសព្វព្រំដែន រហូតទៅដល់ខេត្តចំប៉ាសាក់ ដែលជាខេត្តចុងក្រោយរបស់ប្រទេសឡាវ។ កងទ័ពត្រូវឆ្លងកាត់ភ្នំខ្ពស់ ទន្លេបឹងបួរ។ ដំបូងឡើយ គ្មានបទពិសោធទេ ដូច្នេះមានតែយុវជនស្ម័គ្រចិត្តប៉ុណ្ណោះ ប៉ុន្តែភាគច្រើនជាកងវិស្វកម្ម និងកងទ័ពដើម្បីបើកផ្លូវ។ ក្រោយមក យើងបានប្រើគ្រឿងចក្រឈូសឆាយ និងគ្រឿងផ្ទុះមួយចំនួនដើម្បីបើកផ្លូវ”។
បើតាមលោកឧត្តមសេនីយត្រី Vo So ប្រសិនបើបរិមាណគ្រាប់បែក ដែលសត្រូវទម្លាក់លើវៀតណាមខាងជើងមានលើសពី ១០លានតោននោះ គឺផ្លូវ Truong Son តែឯងទទួលរងជាង ៤លានតោនហើយ។ ជារៀងរាល់ផ្លូវមួយម៉ែត្រ មានគ្រាប់បែកយ៉ាងហោចណាស់ពី៥ទៅ១០គ្រាប់។
កងវិស្វកម្មធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបោសសម្អាតគ្រាប់បែកមីន សាងសង់ស្ពានជាង ៣០០០ និងបំពេញរណ្តៅគ្រាប់បែករាប់ពាន់កន្លែង ដោយរក្សាការធ្វើចរាចរណ៍បានយ៉ាងរលូន។ បន្ទាប់ពីការសាងសង់រយៈពេល ១៦ ឆ្នាំ (១៩៥៩ - ១៩៧៥) ពីផ្លូវលំទំនាក់ទំនងសម្ងាត់ដែលលាក់ខ្លួននៅក្នុងព្រៃឈើនោះ ផ្លូវ Truong Son ត្រូវបានពង្រីកដោយមានប្រវែងសរុបជិត ១៧ ពាន់គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត-ក្រុងចំនួន ២០ ឆ្លងកាត់ប្រទេសចំនួន ៣៖ វៀតណាម ឡាវ កម្ពុជា; តភ្ជាប់តំបន់យុទ្ធសាស្ត្រ តំបន់យោធា បំពង់បង្ហូរប្រេង។ ផ្លូវនេះបានជួយដឹកជញ្ជូនសព្វាវុធ ស្បៀងអាហារ និងថ្នាំពេទ្យរាប់លានតោន ក៏ដូចជាធានាឲ្យកងទ័ពជាង ២ លាននាក់ធ្វើដំណើរចេញចូលសមរភូមិផងដែរ។ ឧត្តមសេនីយ៍ត្រី Luong Si Nhung អតីតមេបញ្ជាការកងពលធំលេខ ១២ បានរំលឹកថា៖
“កម្លាំងវិស្វកម្មបានបើកផ្លូវដោយធានាថាឈានអាចហូរបាន ប៉ុន្តែផ្លូវមិនអាចបិទបានទេ។ នៅដំណាក់កាលនោះ សត្រូវបានរារាំងដោយគ្រប់មធ្យោបាយ។ ចំណុចសំខាន់ៗ ត្រូវបានគេវាយប្រហារទាំងយប់ទាំងថ្ងៃ ដើម្បីរារាំងកងទ័ព និងប្រជាជនវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ កងទ័ពវៀតណាមបានបង្ហាញឆន្ទៈថា បិទផ្លូវនេះ យើងទៅតាមផ្លូវផ្សេង បាត់ខ្សែនេះ យើងទៅតាមខ្សែផ្សេង។ ដូច្នេះ ផ្លូវ Truong Son មានអ័ក្សបញ្ឈរចំនួន ៥ និងអ័ក្សផ្ដេកចំនួន ២១ ដោយធានាបាននូវការធ្វើចរាចរណ៍យ៉ាងរលូន ទំនិញអាចចូលមកភាគខាងត្បូងបានជានិច្ច”។
៥០ឆ្នាំក្រោយថ្ងៃរំដោះភាគខាងត្បូង ផ្លូវ Truong Son ពីមុន បានក្លាយទៅជានិមិត្តរូបនៃការអភិវឌ្ឍ និងសាមគ្គីភាព។ ក្នុងឆ្នាំ ២០១១ សមាគមកំណត់ត្រាវៀតណាមបានទទួលស្គាល់ផ្លូវ Truong Son ជាខ្សែផ្លូវយោធាមានតែមួយគ្មានពីរ ដោយមានប្រវែងដ៏ធំបំផុត សាងសង់ឡើងក្នុងលក្ខណៈសណ្ឋានដីដ៏លំបាកដោយមានកំពូលខ្ពស់បំផុតជិត ២១៨០ ម៉ែត្រ។ ឧត្តមសេនីយ៍ត្រី Luong Si Nhung បានចាត់ទុកថា៖
“ផ្លូវ Truong Son រឿងព្រេង នឹងត្រូវបានចងចាំជារៀងរហូតក្នុងប្រវត្តិសាស្ត្រជាតិ។ វាជាស្ពានតភ្ជាប់សង្គមនិយមភាគខាងជើងជាមួយនឹងខ្សែជួរមុខភាគខាងត្បូង។ អាចបញ្ជាក់បានថា បើគ្មានកងកម្លាំងនៃផ្លូវ Truong Son នោះទេ ភាគខាងត្បូងនឹងមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីរំដោះ និងយកឈ្នះលើសត្រូវឡើយ”។
ផ្លូវ Truong Son មិនត្រឹមតែជានិមិត្តរូបនៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាសរសៃឈាមចរាចរណ៍ដ៏សំខាន់របស់វៀតណាមក្នុងសម័យទំនើបទៀតផង។ ពីផ្លូវលំក្នុងសង្រ្គាម ផ្លូវនេះបានក្លាយជាខ្សែផ្លូវគោកដ៏សំខាន់ ដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងយ៉ាងរលូន នាំមកនូវកម្លាំងរស់ថ្មីដល់សេដ្ឋកិច្ច ដាស់សក្ដានុពលនៃតំបន់ និងមូលដ្ឋានភាគខាងលិចនៃប្រទេសជាតិ៕