(VOVWORLD) - នាពេលថ្មីៗនេះ ជាលើកដំបូងដែលទីតាំងសម្ងាត់មួយក្នុងសម័យសង្រ្គាម លេណដ្ឋានសម្ងាត់របស់អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ដែល ស្ថិតនៅជ្រៅក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក ព្រះបរមរាជវាំងថាំងឡុង បានបើកទ្វារជាផ្លូវការសម្រាប់ទទួលភ្ញៀវទេសចរ។ លេណដ្ឋាននេះបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការធានានូវព័ត៌មានសម្ងាត់ ជួយរក្សាការបញ្ជាដល់យុទ្ធជន ផ្នែកទ័ព និងសមរភូមិទូទាំងប្រទេសក្នុងអំឡុងពេលតស៊ូ។
នៅមុខក្លោងទ្វារលេណដ្ឋានសម្ងាត់ - អគ្គសេនាធិការដ្ឋាន នៅក្នុងកេរ្តិ៍ដំណែលព្រះបរមរាជវាំង ថាំងឡុង - ទីក្រុងហាណូយ ត្រូវបានតុបតែងលម្អដោយទង់។ (រូបថត៖ Kim Lieu/VOV5) |
លេណដ្ឋានសម្ងាត់របស់អគ្គសេនាធិការដ្ឋានគឺជាផ្នែកមួយ នៃប្រព័ន្ធផ្លូវរូងក្រោមដីនៅតំបន់មជ្ឈមណ្ឌល ព្រះបរមរាជវាំងថាំងឡុង - ហាណូយ ក្រៅពីអគារលេណដ្ឋានគណៈកម្មការយោធាមជ្ឈិម (D67) និងលេណដ្ឋានបញ្ជាការប្រយុទ្ធ (T1)។ នេះជាកន្លែងដែលស្ថាប័ននានានៅក្នុងអគ្គសេនាធិការដ្ឋាន បានធ្វើការ និងនាំចេញសេចក្ដីសម្រេចសំខាន់ៗ រួមចំណែកដល់ជ័យជំនះរបស់ប្រទេសជាតិក្នុងឆ្នាំ១៩៧៥។
ក្នុងអំឡុងពេលសង្រ្គាម លេណដ្ឋានសម្ងាត់បានក្លាយជាសរសៃឈាមនៃព័ត៌មាន ដែលធានារាល់ការទំនាក់ទំនងសម្ងាត់។ ឯកសារ លិខិត របាយការណ៍ និងសារទូរលេខដឹកនាំដល់សមរភូមិ និងផ្នែកទ័ពទាំងអស់ ត្រូវបានផ្ញើរទៅវិញទៅមកជាបន្តបន្ទាប់ រួមចំណែកផ្ទាល់ទៅក្នុងការធានាការដឹកនាំ និងការបញ្ជានៃអគ្គបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម ជួយការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាមជ្ឈិម ប្រតិបត្តិការ និងដឹកនាំការតស៊ូ ការពារមាតុភូមិ។ លេណដ្ឋានត្រូវបានប្រើប្រាស់ច្រើនបំផុតក្នុងខែធ្នូ ឆ្នាំ ១៩៧២ នៅពេលដែលកងទ័ពជើងអាកាសអាមេរិកបានវាយប្រហារទីក្រុងហាណូយ និងទីក្រុង ហាយហ្វុងយ៉ាងសាហាវបំផុត។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Manh Ha អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បណ្ឌិតសភានយោបាយជាតិ
ហូជីមិញ មានប្រសាសន៍ថា៖
“ស្ថាប័នមួយក្នុងចំណោមស្ថាប័នដ៏សំខាន់បំផុតនោះ គឺស្ថាប័នទទួលបន្ទុកកិច្ចការសម្ងាត់។ នៅទីនោះ គេបានទទួល និងផ្ញើសារទូរលេខរាប់ម៉ឺនសន្លឹកក្នុងអំឡុងពេលតស៊ូសង្គ្រោះប្រទេសជាតិ។ ធានាការដឹកនាំដល់សមរភូមិឲ្យបានទាន់ពេលវេលា សម្ងាត់ និងសុវត្ថិភាព។ នៅពេលសត្រូវទម្លាក់គ្រាប់បែក ពួកគេបានចុះទៅលេណដ្ឋាន ធ្វើការទាំង ២៤ម៉ោង/៧ថ្ងៃ ដើម្បីធានាការបញ្ជា និងទំនាក់ទំនងដោយរលូនពីទីក្រុងហាណូយទៅកាន់សមរភូមិ ក៏ដូចជាផ្ទុយទៅវិញតាមនោះដើរតួនាទីយ៉ាងសំខាន់ក្នុងជ័យជំនះរួមរបស់ប្រទេសជាតិ”។
ច្រកចូលលេណដ្ឋានសម្ងាត់។ (រូបថត៖ Kim Lieu/VOV5) |
ត្រឡប់មកទស្សនាកន្លែងដែលខ្លួនធ្លាប់ធ្វើការឡើងវិញ លោកស្រី Dang Thi Muon ជាយុទ្ធជនផ្នែកលេខកូដ នាយកដ្ឋានទទួលបន្ទុកកិច្ចការសម្ងាត់ ចំណុះអគ្គសេនាធិការដ្ឋានបានរំឭកថា៖
“ក្នុងយុទ្ធនាការ មានសារទូរលេខជាច្រើនណាស់ ពីលោក Le Duan លោក Pham Hung លោក Le Duc Tho ពីភាគខាងត្បូងផ្ញើមក ក៏ដូចជាសារទូរលេខពីភាគខាងជើងផ្ញើទៅ។ ផ្នែកលេខកូដធ្វើការពេញមួយថ្ងៃ ២៤/២៤ ពីព្រោះសារទូរលេខមានសារៈសំខាន់ខ្លាំងណាស់ ដែលជាការដឹកនាំជារៀងរាល់ម៉ោង រាល់នាទី ជាបន្តបន្ទាប់”។
លោកស្រីបណ្ឌិត Le Thi Minh Ly អនុប្រធានសមាគមបេតិកភណ្ឌវប្បធម៌វៀតណាមបានឲ្យដឹងថា៖
“ក្នុងអំឡុងពេលសង្រ្គាម មានបញ្ហាដែលមិនត្រូវបានរក្សាទុកដើម្បីធានាការសម្ងាត់ រួមទាំងរបៀបសាងសង់លេណដ្ឋាននេះ ក៏ជាអាថ៌កំបាំងជាតិដែរ។ ហេតុដូច្នេះ ធ្វើបានការតាំងបង្ហាញបែបនេះ គឺជាការងារស្មុគស្មាញណាស់។ យើងបានបង្កើតភាពទាក់ទាញសម្រាប់កេរ្តិ៍ដំណែលនេះ ដោយមានផ្ទាំងប៉ាណូពន្យល់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រ និងព័ត៌មានប្រវត្តិសាស្ត្រយ៉ាងត្រឹមត្រូវ តាមបែបវិទ្យាសាស្រ្ត តែសាមញ្ញ ដើម្បីឱ្យសាធារណជនអាចយល់បាន”។
ពេលមកទស្សនាលេណដ្ឋានសម្ងាត់ ភ្ញៀវទេសចរអាចមើលឃើញដោយផ្ទាល់នូវសារទូរលេខសម្ងាត់ រូបភាពរបស់កម្មាភិបាលនិងយុទ្ធជនដែលធ្វើការទាំងយប់ទាំងថ្ងៃ; យល់ច្បាស់ពីភាពសាហាវឃោរឃៅនៃសង្រ្គាម ក៏ដូចជាឆន្ទៈដ៏មោះមុតរបស់កងទ័ព និងប្រជាជនវៀតណាមផងដែរ។
កន្លែងដាក់តាំងវត្ថុដ៏មានតម្លៃ។.(រូបថត៖ Kim Lieu/VOV5) |
ចាប់តាំងពីបើកទ្វារទទួលភ្ញៀវ (ថ្ងៃទី ១៩ ខែសីហា) មក លេណដ្ឋានសម្ងាត់ បានក្លាយជាអាស័យដ្ឋានទាក់ទាញមួយនៅក្នុងរដ្ឋធានីហាណូយ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ជាពិសេសយុវជន។ មកទស្សនានៅទីនេះ អ្នកគ្រូនិងសិស្សានុសិស្សនៅសាលា ផ្កាយហាណូយ បានចែករំលែកថា៖
“អារម្មណ៍របស់កូនសិស្សនិងលោកគ្រូអ្នកគ្រូ ពេលចុះទៅលេណដ្ឋាន និងដកខ្យល់ដង្ហើមនៅទីនោះ គឺយើងមានអារម្មណ៍ច្បាស់អំពីស្មារតីស្នេហាជាតិ បរិយាកាសដ៏ពិសិដ្ឋ និងវីរភាពរបស់ប្រទេសជាតិ”។
“ពេលចុះទៅលេណដ្ឋាន ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះលេណដ្ឋានធំជាងការស្រមើស្រមៃរបស់ខ្ញុំច្រើន។ ខ្ញុំសប្បាយចិត្តនិងអន្ទះសារមែនទែន”។
កេរ្តិ៍ដំណែលបដិវត្តន៍ លេណដ្ឋានសម្ងាត់របស់អគ្គសេនាធិការដ្ឋាន បានរួមចំណែកបង្កើនតម្លៃដ៏លេចធ្លោនៃព្រះបរមរាជវាំងថាំងឡុង ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ ការងារអភិរក្ស និងលើកតម្កើងតម្លៃនៃកេរ្តិ៍ដំណែលនេះ មិនត្រឹមតែសំដៅអប់រំពីប្រពៃណីស្នេហាជាតិប៉ុណ្ណោះទេ ថែមទាំងបណ្ដុះនូវសេចក្ដីប្រាថ្នាចង់បានសន្តិភាពរបស់ប្រជាជាតិវៀតណាមទៀតផង៕