សួនប្រមូលផ្ដុំរុក្ខជាតិ និងជួយសង្គ្រោះសត្វព្រៃ Lung Ngoc Hoang (ខេត្ត Hau Giang)
(VOVWORLD) - តំបន់អភិរក្សធម្មជាតិ Lung Ngoc Hoang នៅស្រុក Phung Hiep ខេត្ត Hau Giang ត្រូវបានគេចាត់ទុកថាជា "ដើមសួតបៃតង" នៃតំបន់ដីសណ្ដទន្លេ Cuu Long។ ទីនេះមិនត្រឹមតែមានប្រព័ន្ធរុក្ខជាតិ និងសត្វដ៏សម្បូរបែបប្រចាំតំបន់ដីសណ្ដទន្លេភាគខាងលិចប៉ុណ្ណោះទេ ថែមទាំងបានបង្កើតសួនប្រមូលផ្ដុំរុក្ខជាតិមួយ ក្នុងគោលបំណងប្រមូលសម្រាំង និងអភិរក្សរុក្ខជាតិចម្រុះក្នុងតំបន់ ហើយក៏ជាកន្លែងជួយសង្គ្រោះសត្វព្រៃទៀតផង។
សត្វស្លាបត្រូវបានជួយសង្គ្រោះ ថែទាំឲ្យជាសះស្បើយនៅសួនប្រមូលផ្ដុំរុក្ខជាតិ និងជួយសង្គ្រោះសត្វព្រៃមុនពេលត្រូវបានដោះលែងទៅកាន់ឧទ្យានជាតិ Cat Tien។ រូបថត៖ Tan Phong/VOV |
ជាមួយនឹងផ្ទៃដីប្រហែល ២៨០០ ហិកតា តំបន់អភិរក្សធម្មជាតិ Lung Ngoc Hoang គឺជាតំបន់ដីលិចទឹកនៃតំបន់ភាគខាងលិចទន្លេ Hau។ Lung Ngoc Hoang មានតំបន់អេកូឡូស៊ីផ្សេងៗគ្នាជាច្រើន។ តំបន់ការពារយ៉ាងតឹងតែង គឺជាតំបន់ស្នូលរបស់ Lung Ngoc Hoang ដែលមានទេសភាពរហោស្ថាន សម្បូរទៅដោយជីវៈចម្រុះ ជាកន្លែងអភិរក្សប្រភពហ្សែននៃរុក្ខជាតិ និងសត្វព្រៃប្រចាំតំបន់ ការពារជាអតិបរមាពីផលប៉ះពាល់ដោយកត្តាមនុស្ស។ Lung Ba Dia និង Lung Sen ជាលំនៅដ្ឋាននិងទីជម្រកសម្រាប់សត្វស្លាបព្រៃ សត្វព្រៃ សត្វក្នុងទឹក និងជលផល។ ហើយតំបន់ស្តារអេកូឡូស៊ី សម្រាប់ការពិសោធន៍ និងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីវាលភក់ បានប្រមូលសម្រាំងរុក្ខជាតិឱសថដ៏កម្រ និងមានតម្លៃជាច្រើន។
បច្ចុប្បន្ននេះ Lung Ngoc Hoang ជាទីជម្រករបស់សត្វ និងរុក្ខជាតិជាង ៩០០ប្រភេទ។ ក្នុងនោះមានសត្វកម្រជាច្រើនដែលត្រូវបានចុះបញ្ជីក្នុងសៀវភៅក្រហមវៀតណាម និងពិភពលោក។ យោងតាមលោក Lu Xuan Hoi នាយកតំបន់អភិរក្សធម្មជាតិ Lung Ngoc Hoang បានឲ្យដឹងថា ការបង្កើតសួនប្រមូលរុក្ខជាតិ រួមទាំងកន្លែងចិញ្ចឹម និងសង្គ្រោះសត្វព្រៃ គឺសំដៅប្រមូលផ្តុំរុក្ខជាតិ និងសត្វជាបណ្តើរៗ ដើម្បីជួយសម្រួលដល់ការស្រាវជ្រាវ និងអភិរក្ស ហើយទន្ទឹមនឹងនោះងាយស្រួលឧទ្ទេសនាមដល់ភ្ញៀវទេសចរនៅពេលអភិវឌ្ឍន៍ ទេសចរណ៍នាពេលអនាគតផងដែរ។
“យើងបានប្រមូលប្រភេទរុក្ខជាតិប្រចាំស្រុកមួយចំនួន និងមានតំបន់ចិញ្ចឹមសត្វដែលជិតផុតពូជ និងកម្រពិសេស។ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការប្រជាជនខេត្ត Hau Giang ផ្តល់ថវិកាដល់យើងដើម្បីចិញ្ចឹម អភិរក្ស និងការពារប្រភពហ្សែននេះ”។
លោក Tran Be Em ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងអភិរក្សតំបន់ដីលិចទឹក នៃតំបន់អភិរក្សធម្មជាតិ Lung Ngoc Hoang។ រូបថត៖ Tan Phong/VOV |
សួនប្រមូលផ្ដុំរុក្ខជាតិ និងសង្គ្រោះសត្វព្រៃនៅ Lung Ngoc Hoang ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង ១ ហិកតា។ ទីនេះមានរុក្ខជាតិកម្រប្រចាំស្រុកជិត ៩០ ប្រភេទ។ ក្នុងរយៈពេល៣ឆ្នាំមកនេះ កន្លែងនេះបានជួយសង្គ្រោះ និងដោះលែងសត្វព្រៃជាង៣ពាន់គីឡូក្រាមឲ្យវិលត្រឡប់មក Lung Ngoc Hoang វិញ ដែលភាគច្រើនជាពស់ អណ្តើក សត្វស្លាប។ ល។ លោក Tran Be Em ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងអភិរក្សតំបន់ដីលិចទឹក នៃតំបន់អភិរក្សធម្មជាតិ Lung Ngoc Hoang បាននិយាយថា៖
“ជារៀងរាល់ឆ្នាំ អាជ្ញាធរមានសមត្ថកិច្ច តែងគ្រប់គ្រងសត្វកម្រ និងសត្វព្រៃ។ យើងពិនិត្យមើលថា តើប្រភេទសត្វណាខ្លះមានដើមកំណើតនៅទីនេះ យើងជួយសង្គ្រោះឲ្យជាសះស្បើយ និងដោះលែងវាត្រឡប់ទៅក្នុងព្រៃវិញ ហើយចំណែកឯប្រភេទសត្វខ្លះដែលមិនមានដើមនៅទីនេះ អនុរក្សព្រៃនឹងទាក់ទងជាមួយអង្គភាពផ្សេងទៀត ដើម្បីនាំពួកវាត្រឡប់ទៅស្រុកកំណើតវិញ។ ជាឧទាហរណ៍ នាពេលថ្មីៗនេះ អនុរក្សព្រៃបានបញ្ជូនប្រភេទសត្វស្លាប សត្វពង្រូល... ទៅកាន់ឧទ្យានជាតិ Cat Tien”។
ភ្ញៀវទេសចរទៅទស្សនាតំបន់អភិរក្សធម្មជាតិ Lung Ngoc Hoang។ រូបថត៖ Tan Phong/VOV |
ក្រៅពីរុក្ខជាតិកម្រ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរនោះ គឺសត្វជាច្រើនប្រភេទត្រូវបានចិញ្ចឹម និងថែទាំនៅទីនេះ រួមមាន៖ ក្រពើ ពស់ថ្លាន់ ពស់ថ្លាន់ ផ្លាស់ប្តូរហ្សែន... ពេលទៅទស្សនាសួនច្បារ អ្នកស្រី Le Thi Hien អ្នកស្រុកនៅឃុំ Tan Phu Thanh ស្រុក Chau Thanh A ខេត្ត Hau Giang មានអារម្មណ៍ថា៖
“ខ្ញុំបានទៅទស្សនាកន្លែងជាច្រើននៅតំបន់ដីសណ្តទន្លេ Cuu Long ប៉ុន្តែមិនទាន់ឃើញកន្លែងណាដែលមានក្រពើធំជាងក្រពើនៅ Lung Ngoc Hoang ទេ។ ទីនេះក៏ចិញ្ចឹម និងអភិរក្សសត្វកម្រជាច្រើនផងដែរ។ បរិយាកាសនិងទេសភាពមានភាពស្ងប់ស្ងាត់ មនោរម្យ។ ប្រសិនបើ អភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ីនៅទីនេះ នឹងទាក់ទាញភ្ញៀវទេសចរជាច្រើនណាស់”។
ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ទេសភាពមនោរម្យ រួមជាមួយនឹងជីវចម្រុះដ៏សម្បូរបែប សួនប្រមូលរុក្ខជាតិ និងតំបន់សង្គ្រោះសត្វព្រៃនៅ Lung Ngoc Hoang មានគុណសម្បត្តិ និងសក្តានុពលក្នុងការអភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ី។ តាមផែនការមេ ខេត្ត Hau Giang នឹងប្រែក្លាយតំបន់អភិរក្សធម្មជាតិ Lung Ngoc Hoang ជាបណ្តើរៗទៅជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំនៃមូលដ្ឋាន ហើយក្លាយជាតំបន់ទេសចរណ៍ជាតិនៅឆ្នាំ ២០៣០៕