ស្វែងរុករកប្រាសាទចាមបុរាណ៖ បេតិកភណ្ឌដ៏រស់រវើកនៅខេត្ត Khanh Hoa

(VOVWORLD) - នៅតំបន់ឆ្នេរប៉ែកខាងត្បូងភូមិភាគកណ្ដាល
វៀតណាម ជាទឹកដីនៃសមុទ្រខៀវ ពន្លឺព្រះអាទិត្យ និងវាលខ្សាច់ មានប្រាសាទចាមបុរមបុរាណ ដែលនៅតែឈរស្ងៀមស្ងាត់នៅក្នុងលំហូរនៃពេលវេលា។ 

ស្វែងរុករកប្រាសាទចាមបុរាណ៖ បេតិកភណ្ឌដ៏រស់រវើកនៅខេត្ត Khanh Hoa - ảnh 1ប្រាសាទ Po Klong Garai ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១៣-១៤ ដោយគោរពបូជាព្រះបាទ Po Klong Garai។ (រូបថត៖ The Hung/VOV5)

ឥឡូវនេះ នៅពេលដែល Ninh Thuan និង Khanh Hoa រួមបញ្ចូលគ្នាជាខេត្តតែមួយ ដំណើរកំសាន្តស្វែងរុករក ប្រាសាទ Ponagar នៅ Nha Trang និងចង្កោមប្រសាទ Po Klong Garai នៅ Phan Rang បានក្លាយទៅជាផ្លូវបេតិកភណ្ឌដ៏កម្រមួយ។ មិនត្រឹមតែជាកន្លែងទេសចរណ៍ប៉ុណ្ណោះទេ នេះជាដំណើរវិលត្រឡប់មករកប្រភពដើមនៃវប្បធម៌ចម្ប៉ា ជាអរិយធម៌មួយដែលធ្លាប់បន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ត្រចះត្រចង់នៅលើទឹកដីភូមិភាគកណ្តាល។ 

ស្វែងរុករកប្រាសាទចាមបុរាណ៖ បេតិកភណ្ឌដ៏រស់រវើកនៅខេត្ត Khanh Hoa - ảnh 2ពិធី Duong Gian sat របស់ជនជាតិចាម ត្រូវបានប្រារព្ធឡើងដើម្បីបួងសួងសុំភ្លៀងធ្លាក់ និងអាកាសធាតុអំណោយផល។ (រូបថត៖ The Hung/VOV5)

នៅលើទីទួល Trau នៅក្នុងទីក្រុង Phan Rang - Thap Cham ចង្កោមប្រាសាទ Po Klong Garai ហាក់ដូចជាកាន់តែរស់រវើក នៅពេលដែលគេប្រារព្ធពិធី Duong Gian sat (ពិធីបួងសួងសុំភ្លៀងធ្លាក់ និងអាកាសធាតុអំណោយផល)។ នេះជាពិធីប្រពៃណីដ៏សំខាន់មួយរបស់ជនជាតិចាម ដែលធ្វើឡើងនៅដើមរដូវប្រាំង ពេលដែលមានភ្លៀងធ្លាក់តិចតួច។ ប្រជាជនរាប់រយនាក់ ស្លៀកពាក់សំលៀកបំពាក់ចម្ប៉ាប្រពៃណី ប្រមូលផ្តុំគ្នានៅជើងប្រាសាទ។ សំឡេងស្គរនិងត្រែលាយឡំជាមួយក្លិនធូបក្រអូប និងសំឡេងអធិស្ឋានលាន់លឺរំពង បង្កើតជាបរិយាកាសដ៏ស័ក្តិសិដ្ឋដែលអ្នកកម្រជួបប្រទះ។ លោក Paseh Man សមាជិកក្រុមអ្នកមុខអ្នកការជនជាតិចាមបានចែករំលែក៖

“ពិធី Duong Gian Sat គឺជាពិធីបួងសួងសុំឲ្យភ្លៀងធ្លាក់ និងអាកាសធាតុអំណោយផល ការប្រមូលផលដំណាំបានល្អ។ ពិធីនេះគឺត្រូវតែប្រារព្ធឡើង។ ស្ដេចទ្រង់បានស្ថាបនាឡើងទឹកដីនេះ ដូច្នេះ កូនចៅជនជាតិចាមនៅទីនេះគោរពបូជាព្រះអង្គ ហើយជារៀងរាល់ឆ្នាំ ត្រូវធ្វើពិធីនៅទីនេះ។ ប្រសិនបើស្តេចរបស់ជនជាតិចាម មិនបន្សល់ទុកប្រាសាទនេះទេ យើងមិនដឹងថាត្រូវគោរពបូជាព្រះអង្គនៅឯណាដែរ”។

ស្វែងរុករកប្រាសាទចាមបុរាណ៖ បេតិកភណ្ឌដ៏រស់រវើកនៅខេត្ត Khanh Hoa - ảnh 3ប្រាសាទចាមបុរមបុរាណ នៅតែឈរស្ងៀមស្ងាត់នៅក្នុងលំហូរនៃពេលវេលា។ (រូបថត៖ The Hung/VOV5)

Po Klong Garai ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១៣ ដល់ ទី១៤ ដើម្បីគោរពបូជាស្ដេច Po Klong Garai ជាអ្នកគ្រប់គ្រងលំហូរទឹកដ៏ប៉ិនប្រសប់ ដែលបានសាងសង់ទំនប់ទប់ទឹក នាំទឹកមកកាន់វាលស្រែ ជួយសង្គ្រោះប្រជាជនពីគ្រោះរាំងស្ងួត។ សម្រាប់ជនជាតិចាម ប្រាសាទដ៏បុរមបុរាណទាំងនេះ មិនត្រឹមតែជាកន្លែងស័ក្តិសិទ្ធសម្រាប់ធ្វើសក្ការៈបូជាប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពចំពោះសម័យកាលអភិវឌ្ឍន៍ដ៏រុងរឿងនៃអាណាចក្រចំប៉ាបុរាណ ជាមួយនឹងរឿងរ៉ាវពិបាកពន្យល់ជាច្រើនទៀតផង។ 

ស្វែងរុករកប្រាសាទចាមបុរាណ៖ បេតិកភណ្ឌដ៏រស់រវើកនៅខេត្ត Khanh Hoa - ảnh 4ប្រាសាទ Ponagar ត្រូវបានសាងសង់ឡើងពីសតវត្សទី ៨ ដល់ទី ១៣ ដើម្បីគោរពបូជាទេពធីតា Ponagar (ព្រះម៉ែនៃទឹកដី)។ (រូបថត៖ The Hung/VOV5)

ចាកចេញពី Phan Rang ធ្វើដំណើរតាមផ្លូវជាតិតាមឆ្នេរសមុទ្រ ភ្ញៀវទេសចរនឹងមកដល់ទីក្រុង Nha Trang ជាកន្លែងដែលមានប្រាសាទ Ponagar ស្ថិតនៅមាត់ទន្លេ Cai។ ត្រូវបានសាងសង់ឡើងពីសតវត្សទី ៨ ដល់ទី ១៣ ប្រាសាទនេះគោរពបូជាទេពធីតា Ponagar (ព្រះម៉ែនៃទឹកដី) ដែលយោងតាមរឿងព្រេងនិទាន បានបង្រៀនប្រជាជនឱ្យចេះដាំដុះដំណាំ ត្បាញក្រណាត់ និងការពារទឹកដី។ នេះជាមជ្ឈមណ្ឌលជំនឿដ៏ធំមួយ ដែលទាក់ទាញភ្ញៀវទេសចររាប់សែននាក់ក្នុងមួយឆ្នាំ។

“ជនជាតិចាមបានសាងសង់ប្រាសាទទាំងនេះ ភាគច្រើនដើម្បីគោរពបូជាស្ដេច ព្រះម៉ែ និងព្រះអាទិទេពដ៏ខ្ពង់ខ្ពស់បំផុតក្នុងសាសនាហិណ្ឌូ។ រហូតដល់សតវត្សទី ១៧ កន្លែងនេះត្រូវបានជនជាតិវៀតណាមថែរក្សា។ ជនជាតិចាមបានសាងសង់ប្រាសាទនេះពីឥដ្ឋទាំងស្រុង ហើយប្រើថ្មសម្រាប់តុបតែង ប៉ុន្តែនៅពេលសាងសង់ ពួកគេមិនបានប្រើស៊ីម៉ងត៍ទាល់តែសោះ។ ចឹងហេតុអ្វីដែលដុំឥដ្ឋទាំងនេះនៅតែជាប់នឹងគ្នារហូតមកដល់សព្វថ្ងៃនេះ? ក្រឡែកទៅមើលដុំឥដ្ឋទាំងនេះ យើងឃើញថា គ្មានសារធាតុស្អិតនោះឡើយ ចឹងតើអ្វីបានភ្ជាប់ឥដ្ឋទាំងនេះ? រហូតមកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រនៅតែមិនទាន់ដឹងនៅឡើយ”។

ស្វែងរុករកប្រាសាទចាមបុរាណ៖ បេតិកភណ្ឌដ៏រស់រវើកនៅខេត្ត Khanh Hoa - ảnh 5ស្ថាបត្យកម្មដ៏វិសេសវិសាលនៃប្រាសាទចាមបុរាណ។ (រូបថត៖ The Hung/VOV5)

ការពន្យល់របស់មគ្គុទ្ទេសក៍ទេសចរណ៍នៅប្រាសាទ Ponagar បានជួយយើងឱ្យយល់បានចំណែកមួយ អំពីប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មដ៏ “អស្ចារ្យ” របស់ជនជាតិចាមបុរាណ។ លោក Nguyen Van Luat ជាភ្ញៀវទេសចរមកពីទីក្រុងហូជីមិញបានសម្តែងការចាប់អារម្មណ៍ចំពោះស្ថាបត្យកម្មដ៏វិសេសវិសាលនៃប្រាសាទចាមបុរាណ។ លោកបានចែករំលែក៖

"ពួកគេមានស្ថាបត្យកម្មដ៏ពិសេសនិងអស្ចារ្យ។ ពីដុំឥដ្ឋដោយគ្មានសារធាតុស្អិត ពួកគេអាចសាងសង់ឡើងប្រាសាទបែបនេះ គឺពិតជាមិនអាចនឹកស្មានដល់។ វាមិនអាចប្រឡំជាមួយស្ថាបត្យកម្មផ្សេងណាមួយឡើយ"។

ក្រឡេកមើលពីទីធ្លាប្រាសាទ ទីក្រុង Nha Trang លាតសន្ធឹងជាមួយស្ពានឆ្លងកាត់ទន្លេ ឆ្នេរសមុទ្រខៀវស្រងាត់ និងកោះលេចចេញនៅឯនាយសមុទ្រ។ មកទីនេះក្នុងរដូវបុណ្យប្រាសាទព្រះម៉ែ ភ្ញៀវទេសចរនឹងអាចជ្រមុខខ្លួនចូលក្នុងរបាំស្រមោលដ៏ប្រណិត សម្លេងស្គរ Paranung ដ៏រីករាយអ៊ូអរ និងស្ពកគ្រឿងដង្វាយចម្រុះពណ៌។ 

ការរួមបញ្ចូលគ្នានៃប្រាសាទ Po Nagar និងប្រាសាទ Po Klong Garai បានបង្កើតជាផ្លូវទេសចរណ៍វប្បធម៌ពិសេសមួយ ដែលតភ្ជាប់រឿងរ៉ាវទាំងពីររបស់ជនជាតិចាម៖ ចាប់ពីសមុទ្រខៀវ និងពិធីបុណ្យដ៏អ៊ូអរនៅ Nha Trang ទៅរកពន្លឺព្រះអាទិត្យ នៅ Phan Rang។ នេះគឺជាឱកាសមួយសម្រាប់ភ្ញៀវទេសចរស្វែងយល់កាន់តែស៊ីជម្រៅ អំពីអរិយធម៌ដែលធ្លាប់បានចែងចាំងពន្លឺរស្មីនៅអាស៊ីអាគ្នេយ៍ ព្រមទាំងរួមចំណែកផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌផងដែរ។ ដុំឥដ្ឋនិមួយៗ ចម្លាក់នីមួយៗ គឺជារឿងរ៉ាវមួយ និងជាខ្សែអំបោះដែលតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្ន។ ដំណើរទៅកាន់ប្រាសាទ Ponagar និង Po Klong Garai មិនត្រឹមតែជាដំណើរទស្សនាទេសភាពប៉ុណ្ណោះទេ ថែមទាំងជាការជួបជុំជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និងដួងព្រលឹងនៃទឹកដី Khanh Hoa ថ្មីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ