អេកូទេសចរណ៍សហគមន៍នៅឧទ្យានជាតិ Xuan Thuy

(VOVWORLD) - ឧទ្យានជាតិ Xuan Thuy គឺជាទីកន្លែងទេសចរណ៍ដ៏ល្បីល្បាញ ដោយមានប្រព័ន្ធអេកូឡូស៊ីចម្រុះ ដែលនាំមកនូវតម្លៃជាច្រើនដល់ខេត្ត Ninh Binh។ ទីនេះមិនត្រឹមតែជាតំបន់ដីសើមដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលចូលរួមក្នុងអនុសញ្ញា RAMSAR ប៉ុណ្ណោះទេ ថែមទាំងត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ជាតំបន់ស្នូលនៃបំរុងជីវមណ្ឌលពិភពលោកនៅក្នុងតំបន់ទន្លេក្រហម ហើយកំពុងត្រូវបានតែងតាំងដើម្បីក្លាយជាឧទ្យានបេតិកភណ្ឌអាស៊ានទៀតផង។

អេកូទេសចរណ៍សហគមន៍នៅឧទ្យានជាតិ Xuan Thuy - ảnh 1ឧទ្យានជាតិ Xuan Thuy គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយដែលមានប្រព័ន្ធអេកូឡូស៊ីចម្រុះ។ (រូបថត៖ Kim Lieu/VOV5)

ឧទ្យានជាតិ Xuan Thuy គឺជាតំបន់ដ៏ដែលទន្លេក្រហមហូរចូលទៅក្នុងឈូងសមុទ្រភាគខាងជើងវៀតណាម ដែលតំណាងឱ្យប្រព័ន្ធអេកូឡូស៊ីដីសើមនៅតំបន់មាត់ទន្លេជាប់សមុទ្រ។ នេះជាប្រព័ន្ធអេកូឡូស៊ីបើកចំហ មានជីវចម្រុះជាមួយនឹងសត្វនិងរុក្ខជាតិកម្រជាច្រើនប្រភេទ។

តំបន់ស្នូលនៃឧទ្យាននេះមានផ្ទៃដី ៧១០០ ហិកតា រួមទាំងវាលភក់ វាលខ្សាច់ជាច្រើននិងព្រៃកោងកាង។ ឧទ្យាននេះក៏ជាទីជម្រករបស់រុក្ខជាតិជាង ២០០ ប្រភេទ; សត្វអណ្តែតទឹក ១១០ ប្រភេទ; សត្វឥតឆ្អឹងកង ៣៨៥ ប្រភេទ ត្រី ១៥៥ ប្រភេទ សត្វល្អិត ៤២៧ ប្រភេទ... ឧទ្យានជាតិ Xuan Thuy ក៏ជា "ស្ថានីយ៍សត្វស្លាបអន្តរជាតិ" ឬ "ឋានសួគ៌" សម្រាប់សត្វស្លាបផងដែរ។ ដោយសារតែនេះជាទីកន្លែងបង្អង់ដំណើរ របស់សត្វស្លាបដែលធ្វើចំណាកស្រុកពីខាងជើងទៅខាងត្បូងដើម្បីជៀសវាងរដូវរងាត្រជាក់ ព្រមទាំងជាទីជម្រកសម្រាប់សត្វស្លាបចំនួន ២២២ ប្រភេទ រួមទាំងប្រភេទសត្វស្លាបទឹកដ៏កម្រជាច្រើនដែលត្រូវបានចុះបញ្ជីក្នុងសៀវភៅក្រហមអន្តរជាតិ។

អេកូទេសចរណ៍សហគមន៍នៅឧទ្យានជាតិ Xuan Thuy - ảnh 2សត្វកុកពណ៌សគឺជាសត្វពេញនិយមនៅក្នុងឧទ្យានជាតិ Xuan Thuy។ (រូបថត៖ Quang Quyet/VNA)

ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងដ៏ធំល្វឹងល្វើយ ទេសភាពធម្មជាតិបែបរហោស្ថាន ជីវចម្រុះ និងធនធានធម្មជាតិដ៏សម្បូរបែប ឧទ្យានជាតិ Xuan Thuy កំពុងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ ក្នុងនោះ អេកូទេសចរណ៍សហគមន៍ដែលជាគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយយកសហគមន៍មូលដ្ឋានធ្វើជាកត្តាស្នូល ត្រូវបានចាត់ទុកជាចំណុចផ្ដោតសំខាន់។

លោក Vu Quoc Dat នាយករងឧទ្យានជាតិ Xuan Thuy មានប្រសាសន៍ថា៖ “ឧទ្យានជាតិ Xuan Thuy ត្រូវបានគេស្គាល់ដល់ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីដីសើមគំរូ នៅតំបន់មាត់ទន្លេជាប់សមុទ្រនៅភាគខាងជើងវៀតណាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយមហាជន ជាមួយនឹងចំណង់ចំណូលចិត្តចង់ស្វែងយល់អំពីធម្មជាតិ ចំនួនភ្ញៀវទេសចរដែលមកឧទ្យានជាតិ Xuan Thuy បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មកដល់ Xuan Thuy ភ្ញៀវទេសចរអាចទស្សនាព្រៃកោងកាងនៅតំបន់មាត់ទន្លេជាប់សមុទ្រ ដូចជាមាត់ទន្លេក្រហម និងមាត់ទន្លេ Ba Lat។ ភ្ញៀវទេសចរអាចសាកល្បងការរាវក្តាម ដើរក្នុងភក់ចាប់ខ្យង ឬដាំដើមឈើនៅតំបន់ព្រៃកោងកាង។

ចំនួនភ្ញៀវទេសចរជាមធ្យមទៅកាន់ឧទ្យានជាតិ Xuan មានចំនួនពី ២០-២៥ ពាន់នាក់ក្នុងមួយឆ្នាំ ហើយដោយឡែកក្នុងអំឡុងថ្ងៃឈប់សម្រាក អាចទទួលភ្ញៀវទេសចរបានជាង ៤៥០០ នាក់។ ដំណើរកំសាន្តដូចជា៖ ទស្សនាសត្វស្លាបកម្រធ្វើចំណាកស្រុក ជិះទូកតាមមាត់ទន្លេ ដំណើរកំសាន្តតាមជនបទ ទទួលបទពិសោធន៍អំពីជីវភាពរស់នៅរបស់អ្នកនេសាទនៅឆ្នេរសមុទ្រ ឬការស្វែងរុករកព្រៃកោងកាង បាននាំមកនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញដល់ភ្ញៀវទេសចរ។ សិស្សានុសិស្សមកពីសាលាបឋមសិក្សានៅរដ្ឋធានីហាណូយបាននិយាយថា៖

“ខ្ញុំបានឃើញសត្វកុក សត្វស្លាប និងសត្វក្រៀលទៀត។ ពួកវាធំណាស់។ ខ្ញុំបានមើលឃើញសត្វទាំងអស់ដែលខ្ញុំចូលចិត្ត។ ខ្ញុំសប្បាយចិត្តណាស់”។

“ខ្ញុំសប្បាយចិត្តណាស់ដែលបានធ្វើដំណើរកម្សាន្តបែបនេះ។ វាជួយខ្ញុំដឹងពីប្រភេទសត្វស្លាបជាច្រើនទៀត ហើយឲ្យខ្ញុំទៅលេងកន្លែងជាច្រើន”។

ចំណែកឯលោក Felix Jones បុរសជនជាតិអង់គ្លេស នៅពេលដែលចូលរួមដំណើរកំសាន្តជាមួយប្អូនៗសិស្សានុសិស្សនៅឧទ្យានជាតិ Xuan Thuy បានចែករំលែកថា៖

“នេះជាលើកទីមួយហើយដែលខ្ញុំបានទៅទស្សនាតំបន់អភិរក្សជាតិក្នុងប្រទេសវៀតណាម។ ត្រូវតែនិយាយថា ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់ធម្មជាតិនិងភាពធំល្វឹងល្វើយនៃតំបន់នេះ។ តំបន់ដីសើមនេះក៏ស្រស់ស្អាតម៉ែនទែនជាមួយនឹងធម្មជាតិបែបព្រៃ។ មកទស្សនាទីនេះគឺគួរឱ្យចាប់អារម្មណ៍ណាស់”។

អេកូទេសចរណ៍សហគមន៍នៅឧទ្យានជាតិ Xuan Thuy - ảnh 3ជ្រុងមួយនៃព្រៃកោងកាងក្នុងឧទ្យានជាតិ Xuan Thuy។ (រូបថត៖ Quang Quyet/VNA)

ចំណុចលេចធ្លោនៃគំរូអេកូទេសចរណ៍នៅក្នុងឧទ្យានជាតិ Xuan Thuy គឺការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍទេសចរណ៍ ជាមួយនឹងការការពារបរិស្ថាន។ ភ្ញៀវទេសចរមិនត្រឹមតែបានស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងកម្មវិធីសិក្សាអំពីសត្វស្លាបដែលធ្វើចំណាកស្រុក ជីវិតក្នុងទឹក ដំណើរការស្តារព្រៃឈើ ក៏ដូចជាសកម្មភាពការពារបរិស្ថានផងដែរ។

មកឧទ្យានជាតិ Xuan Thuy ដើម្បីទស្សនាសត្វស្លាបចំណាកស្រុកដ៏កម្រដែលមានចុះបញ្ជីក្នុងសៀវភៅក្រហម ត្រូវការការពារជាបន្ទាន់ ឬដើរលេងក្នុងព្រៃកោងកាង... គឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ និងមានតម្លៃ ជាពិសេសសម្រាប់អ្នកដែលចង់រស់នៅយ៉ាងយឺតៗ ស្រឡាញ់ការសិក្សា ស្វែងយល់ និងស្រឡាញ់ធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ