អញ្ជើញមកទស្សនា វិមានលេខ ៣ របស់ស្ដេច Bao Dai នៅកណ្ដាលព្រៃស្រល់នៃទីក្រុង Da Lat ខេត្ត Lam Dong

(VOVWORLD) - នៅក្នុងជំនោខ្យល់អាកាសត្រជាក់ស្រស់ស្រាយនៃខ្ពង់រាប Lam Vien នៅកណ្តាលព្រៃស្រល់ពណ៌ខៀវស្រងាត់ មានវិមានមួយជាមួយនឹងអាយុកាលជាង ៨០ ឆ្នាំមកហើយ ដែលធ្លាប់ជាកន្លែងសម្រាកនិងធ្វើការរបស់ស្តេចចុងក្រោយនៃរាជវង្ស Nguyen ហើយក៏ជាស្តេចចុងក្រោយនៃរាជវង្សសក្តិភូមិរបស់ប្រទេសវៀតណាមផងដែរ។ នោះគឺវិមានលេខ ៣ របស់ស្ដេច Bao Dai ដែលជាគ្រាប់ពេជ្របុរាណនៃទីក្រុង Da Lat ដ៏រ៉ូមែនទីក។

អញ្ជើញមកទស្សនា វិមានលេខ ៣ របស់ស្ដេច Bao Dai នៅកណ្ដាលព្រៃស្រល់នៃទីក្រុង Da Lat ខេត្ត Lam Dong - ảnh 1វិមានលេខ ៣ Da Lat (ហៅម្យ៉ាងទៀតថា វិមានស្ដេច Bao Dai)។ (រូបថត៖ VOV)

ផ្លូវតូចមួយដែលនាំឡើងទួល Ai An បត់ក្រវិចក្រវៀនជុំវិញព្រៃស្រល់ក្នុងសង្កាត់ទី ៤ ក្រុង Da Lat ខេត្ត Lam Dong។ ខ្យល់អាកាសត្រជាក់ ក្លិនក្រអូបនៃជ័រស្រល់ភាយចេញតាមខ្យល់ ជាទីតាំងដែលវិមានលេខ ៣ Da Lat (ហៅម្យ៉ាងទៀតថា វិមានស្ដេច Bao Dai) លេចចេញយ៉ាងឆើតឆាយនិងប្រណិត។ នៅពេលចូលដល់ខ្លោងទ្វារភ្លាម ភ្ញៀវទេសចរហាក់ដូចជាវង្វេងនៅក្នុងពិភពមួយផ្សេងទៀត ជាមួយនឹងទិដ្ឋភាពដ៏ប្រណិត សុខសាន្តត្រាណ និងរ៉ូម៉ែនទីក។ 

ជាជនជាតិភាគខាងជើងដែលមក Da Lat ក៏ដូចជាវិមានលេខ ៣ ជាលើកដំបូង  លោកស្រី Dinh Thi Phuong ជាភ្ញៀវទេសចរមកពី Tuyen Quang មិនអាចជៀសផុតពីការចាប់អារម្មណ៍នឹងភាពស្រសស្អាតនៃស្ថាបត្យកម្ម ក៏ដូចជាតម្លៃប្រវត្តិសាស្ត្រនៃវិមាននេះ។

“នេះជាលើកដំបូងហើយដែលខ្ញុំបានមកទីនេះ។ ពីមុន ខ្ញុំបានសិក្សាថ្នាក់វិទ្យាល័យនៅទីនេះដែរ ប៉ុន្តែមិនចាំបានច្រើនទេ។ មកទីនេះខ្ញុំទាំងទស្សនា និងស្វែងយល់ចំណេះដឹងឡើងវិញ។ នៅក្នុងវិមាននេះ ខ្ញុំឃើញស្ថាបត្យកម្មពិតជាស្អាត បើនិយាយពីភាពទំនើបគឺនៅក្នុងសម័យកាលឆ្នាំ១៩៣៣ ស្ថាបត្យកម្ម និងគ្រឿងសង្ហារឹមនៅទីនេះពិតជាទំនើបមែនទែន”។

អញ្ជើញមកទស្សនា វិមានលេខ ៣ របស់ស្ដេច Bao Dai នៅកណ្ដាលព្រៃស្រល់នៃទីក្រុង Da Lat ខេត្ត Lam Dong - ảnh 2ភ្ញៀវទេសចរមកទស្សនាវិមានស្ដេច Bao Dai។ (រូបថត៖ VOV)

វិមានលេខ ៣ ត្រូវបានសាងសង់ពីឆ្នាំ ១៩៣៣ ដល់ឆ្នាំ ១៩៣៨ តាមរចនាបទបែបអឺរ៉ុប លាយជាមួយនឹងលក្ខណៈបែបអាស៊ី ជាមួយនឹង ២៥ បន្ទប់និង ២ ជាន់។ ជាន់ផ្ទាល់ដី ជាកន្លែងដែលស្តេច Bao Dai ធ្វើការ និងទទួលភ្ញៀវ។ ជាន់ខាងលើគឺជាកន្លែងស្នាក់នៅរបស់រាជវង្សានុវង្ស ដែលមានបន្ទប់ឯកជនសម្រាប់ស្ដេច ម្ចាស់ក្សត្រី Nam Phuong និងព្រះអង្គម្ចាស់ ព្រះនាង។

លោក Hoang Van Trinh មគ្គុទ្ទេសក៍ទេសចរណ៍ក្រុមភ្ញៀវទេសចរមកពី Tuyen Quang បានចែករំលែកថា៖

“ភ្ញៀវទេសចរដែលមកទីនេះសុទ្ធតែវាយតម្លៃថា កន្លែងនេះពិតជាប្រណិត ហើយ វត្ថុនៅទីនេះត្រូវបានរក្សាទុកឲ្យនៅដដែល និងស្អាត។ នេះជាគោលដៅដ៏ល្អមួយដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ ហើយនាំមកនូវចំណូលសេដ្ឋកិច្ចទេសចរណ៍សម្រាប់ Da Lat”។

នៅ វិមានលេខ ៣ ខ្លោងទ្វារឈើនៅតែរក្សាបាននូវពណ៌នៃពេលវេលា ពន្លឺចែងចាំងកាត់តាមបង្អួចធំៗ មកលើតុធ្វើការរបស់ស្តេចចុងក្រោយនៃប្រទេសវៀតណាម។ នៅលើជញ្ជាំង រូបថតពណ៌សខ្មៅ និងឆាយាល័ក្សរបស់ស្តេច Bao Dai ហាក់ដូចជាកំពុងនិទានរឿងរ៉ាវអំពីអតីតកាលដ៏រុងរឿង របស់ស្តេចចុងក្រោយមួយអង្គនេះ។

អញ្ជើញមកទស្សនា វិមានលេខ ៣ របស់ស្ដេច Bao Dai នៅកណ្ដាលព្រៃស្រល់នៃទីក្រុង Da Lat ខេត្ត Lam Dong - ảnh 3បន្ទប់ទទួលភ្ញៀវក្នុងវិមាន។ (រូបថត៖ VOV)

ក្នុងដំណើរកំសាន្តនៅទីក្រុង Da Lat ជាមួយគ្រួសារលើកនេះ អ្នកស្រី Thu Thuy អាយុ ៣០ឆ្នាំ មកពីទីក្រុងហាណូយ បានចែករំលែកពីអារម្មណ៍ និងតម្លៃនៃវិមាន Bao Daiនៅពេលដែលអ្នកស្រីនាំកូនៗមកទស្សនា និងទទួលបទពិសោធន៍។

“បើនិយាយពីទេសភាព និងស្ថាបត្យកម្ម ខ្ញុំគិតថានេះជាកន្លែងដែលមិនគួររំលងពេលមក Da Lat។ វិមាននេះស្ថិតនៅលើទួលស្រល់ ដែលមានទេសភាពរ៉ូម៉ែនទីក និងខ្យល់អាកាសបរិសុទ្ធ។ ត្រូវតែទទួលស្គាល់ថា កាលពីជាង ៨០ ឆ្នាំមុន ពួកគាត់មានស្ថាបត្យកម្ម និងគ្រឿងសង្ហារឹមដ៏ស្រស់ស្អាត និងទំនើប មិនចាញ់ពីពេលបច្ចុប្បន្នទេ ដែលពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល។ ហើយមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ វិមានលេខ ៣ នេះ ថែមទាំងជួយឱ្យខ្ញុំយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រ និងជីវិតរបស់ស្តេច Bao Dai ដែលជាស្តេចចុងក្រោយរបស់វៀតណាមទៀតផង។ ដំណើរទស្សនាលើកនេះ មិនត្រឹមតែជាការកំសាន្តប៉ុណ្ណោះទេ ថែមទាំងជួយឲ្យខ្ញុំ និងកូនៗទទួលបានចំណេះដឹងប្រវត្តិសាស្ត្របន្ថែមទៀតពីការពិតទៀតផង”។

ជារៀងរាល់ថ្ងៃ ភ្ញៀវទាំងក្នុងស្រុកនិងបរទេសរាប់រយនាក់ បានមកទស្សនាវិមានលេខ ៣ ក្នុងទីក្រុង Da Lat ខេត្ត Lam Dong។ ភ្ញៀវទេសចរមកទីនេះមិនត្រឹមតែដើម្បីថតរូបប៉ុណ្ណោះទេ ថែមទាំងបានទទួលអារម្មណ៍ពីភាពស្រស់ស្អាតបែបបុរាណ ដែលស្ថិតនៅក្នុងធម្មជាតិដ៏ស្រស់បំព្រង ហើយស្ដាប់រឿងរ៉ាវ អំពីរាជវង្សមួយដែលបានកន្លងផុតទៅជាយូរលង់ណាសមកហើយ។ កន្លែងនេះមិនត្រឹមតែរក្សាបាននូវសញ្ញាសម្គាល់នៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាផ្ទាំងគំនូរប្រកបដោយភាពសុខដុមរមនា រវាងមនុស្ស ស្ថាបត្យកម្ម និងធម្មជាតិ Da Lat ជាចំណុចលេចធ្លោដែលភ្ញៀវទេសចរទាំងក្នុងស្រុកនិងបរទេសគួរមកទស្សនានិងស្វែងយល់ម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ