កិច្ចសហប្រតិបត្តិការអប់រំវៀតណាម-ឥណ្ឌូនេស៊ី៖ មូលនិធិប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍និងយល់ដឹងគ្នា​ទៅ​វិញ​ទៅ​មក​

(VOVWORLD) - ក្នុងរយៈពេលជិត ៧០ ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងឥណ្ឌូនេស៊ី កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបានក្លាយជាសសរស្តម្ភដ៏សំខាន់មួយដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ថ្នាក់រៀនភាសា ការផ្លាស់ប្តូរនិស្សិត និងវគ្គបណ្តុះបណ្តាលពហុវប្បធម៌ កំពុងរួមចំណែកបង្កើនការយល់ដឹង និងទំនាក់ទំនងរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។

ជារៀងរាល់ព្រឹកថ្ងៃអង្គារ សាស្ត្រាចារ្យ Van Kim Hoang Ha បានបង្រៀនមុខវិជ្ជាបកប្រែភាសាឥណ្ឌូនេស៊ីដល់និស្សិតឆ្នាំទី ៣ នៃមុខវិជ្ជាឥណ្ឌូនេស៊ី មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ នេះគឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នបណ្តុះបណ្តាលភាសាឥណ្ឌូនេស៊ីចំនួនបីកន្លែងនៅវៀតណាម ក្រៅពីសាកលវិទ្យាល័យ Mo ទីក្រុងហូជីមិញ និងមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ។ នេះជាសញ្ញាវិជ្ជមាន បង្ហាញពីការយកចិត្តទុកដាក់រយៈពេលវែងក្នុងការបង្កើនការយល់ដឹងអំពីវប្បធម៌ ភាសា និងសង្គមឥណ្ឌូនេស៊ី។

កិច្ចសហប្រតិបត្តិការអប់រំវៀតណាម-ឥណ្ឌូនេស៊ី៖ មូលនិធិប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍និងយល់ដឹងគ្នា​ទៅ​វិញ​ទៅ​មក​ - ảnh 1ថ្នាក់បង្រៀនមុខវិជ្ជាបកប្រែភាសាឥណ្ឌូនេស៊ី។

បណ្ឌិត Tran Thi Thanh ប្រធានផ្នែកសិក្សាអាស៊ីអាគ្នេយ៍ ដេប៉ាតឺម៉ង់សិក្សាបូព៌ា មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ បានចែករំលែកថា៖ “យើងទទួលបានការគាំទ្រពីស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ ដោយបានបញ្ជូនគ្រូបង្រៀនជនជាតិដើមមកបង្រៀននិងបង្កើតទំនាក់ទំនងសហប្រតិបត្តិការតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យមួយចំនួននៅប្រទេសឥណ្ឌូនេស៊ី។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ និស្សិតកាន់តែច្រើននឹងចាប់អារម្មណ៍រៀនភាសា និងវប្បធម៌ឥណ្ឌូនេស៊ី។ តាមនោះ ការយល់ដឹងរបស់យុវវ័យអំពីឥណ្ឌូណេស៊ី នឹងត្រូវបានលើកកំពស់ រួមចំណែកលើកកម្ពស់ទំនាក់ទំនងវប្បធម៌ និងពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូនេស៊ី”។

ផ្ទុយទៅវិញ ប្រទេសឥណ្ឌូនេស៊ីក៏ស្វាគមន៍និស្សិតវៀតណាមមកសិក្សាតាមរយៈកម្មវិធីអាហារូបករណ៍ ដូចជា Darmasiswa ជាដើម។ ជារៀងរាល់ឆ្នាំមានអាហារូបករណ៍ប្រហែល ២០ សម្រាប់និស្សិតវៀតណាមទៅសិក្សាភាសា វប្បធម៌ និងសិល្បៈនៅប្រទេសឥណ្ឌូនេស៊ី។ កម្មវិធី BIPA (បង្រៀនភាសាឥណ្ឌូនេស៊ីសម្រាប់ជនបរទេស) របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ២០១៩ នៅប្រទេសវៀតណាមផងដែរ។ កញ្ញា Nguyen Thi Kieu  និស្សិតឆ្នាំទី៣ ផ្នែកសិក្សាអាស៊ីអាគ្នេយ៍ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ និងលោក Ha Van Loi មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់បានចែករំលែកអារម្មណ៍របស់ពួកគេ នៅពេលចូលរួមក្នុងវគ្គសិក្សា BIPA៖ “ខ្ញុំពិតជា មានសំណាងល្អណាស់ ដែលបានរៀនភាសាឥណ្ឌូនេស៊ី។ តាមរយៈការរៀនភាសា ខ្ញុំយល់កាន់តែច្បាស់អំពីវប្បធម៌និងប្រទេសរាប់ពាន់កោះ ហើយបានតភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិឥណ្ឌូនេស៊ីជាច្រើន”។

“ខ្ញុំត្រូវបានមិត្តភក្តិណែនាំអោយចូលរៀនវគ្គ BIPA នៅស្ថានទូតឥណ្ឌូនេស៊ី។ គ្រូបង្រៀនគឺជាជនជាតិដើម ដូច្នេះបានជួយខ្ញុំកែលម្អជំនាញភាសាឥណ្ឌូនេស៊ីបានច្រើន ជួយបម្រើការងាររបស់ខ្ញុំ ជាមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់”។

ក្រៅពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នបណ្តុះបណ្តាលភាសា និងវប្បធម៌ មហាវិទ្យាល័យជាច្រើននៅវៀតណាមនិងឥណ្ឌូនេស៊ីក៏បានបង្កើតទំនាក់ទំនង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផងដែរ។ យោងតាមសមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ ២០១៨ ដល់បច្ចុប្បន្ន យ៉ាងហោចណាស់មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២៤ ត្រូវបានចុះហត្ថលេខារវាងមហាវិទ្យាល័យនៅវៀតណាម និងឥណ្ឌូនេស៊ី។ ក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក តូ ឡឹម ទៅកាន់ប្រទេសឥណ្ឌូនេស៊ី កាលពីខែមីនា ឆ្នាំ ២០២៥ ប្រទេសទាំងពីរបានចុះហត្ថលេខានិងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងការអប់រំនិងបណ្តុះបណ្តាល រវាងបណ្ឌិតសភាការទូតវៀតណាម និងវិទ្យាស្ថានផ្សព្វផ្សាយនិងធុរកិច្ច LSPR របស់ឥណ្ឌូនេស៊ី។

សក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរត្រូវបានវាយតម្លៃខ្ពស់ដោយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi ដែលបាននិយាយថា នេះគឺជាវិស័យដែលទាមទារឱ្យមានយុទ្ធសាស្ត្ររយៈពេលវែង។ ឯកអគ្គរដ្ឋទូត Denny Abdi បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលទាំងពីរ ជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានសក្តានុពលជាច្រើនដែលមិនអាចប្រើប្រាស់បាន។ ជាមួយនឹងសាកលវិទ្យាល័យជាង ១.០០០ នៅក្នុងប្រទេសវៀតណាម និងជាង ៤.០០០ ក្នុងប្រទេសឥណ្ឌូនេស៊ី ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអប់រំនៅតែបើកចំហយ៉ាងខ្លាំង”។

ទន្ទឹមនឹងនោះ សាស្ត្រាចារ្យរង បណ្ឌិត Pham Van Thuy ប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្រ្ត មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សកលវិទ្យាល័យជាតិទីក្រុងហាណូយ បានឲ្យដឹងថា ដើម្បីរៀបចំឲ្យយុវជនជំនាន់ក្រោយមានសមត្ថភាពសម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្ម 4.0 នាពេលខាងមុខ កិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរចាំបាច់ត្រូវពង្រីកទៅស័យថ្មីៗបន្ថែមទៀត៖ “ក្រៅពីការផ្លាស់ប្តូរនិស្សិតនិងគ្រូបង្រៀមជាប្រពៃណី សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវនៅក្នុងប្រទេសទាំងពីរគួរតែបង្កើតកម្មវិធីដែលផ្តោតលើវិស័យទើបលេចចេញ ដូចជាបច្ចេកវិទ្យា នវានុវត្តន៍ និងចាប់ផ្តើមអាជីព ការប្រែប្រួលអាកាសធាតុ ឬថាមពលកកើតឡើងវិញ។ នេះ ជាទិសដៅជាក់ស្តែងដើម្បីគាំទ្រការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ប្រទេសទាំងពីរ និងតំបន់ទាំងមូលផងដែរ”។

ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគសម្រាប់អនាគត។ កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាងវៀតណាម និងឥណ្ឌូណេស៊ីនាពេលបច្ចុប្បន្ននេះ នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ ក្នុងដំណើរការកសាងសហគមន៍អាស៊ានដ៏ស្អិតរមួត និងសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ