​ទេសចរណ៍​ឡាវ​មាន​កំណើន​គួរ​ឲ្យ​ចាប់អារម្មណ៍

(VOVWORLD) - វិស័យទេសចរណ៍កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្លាយជាវិស័យសេដ្ឋកិច្ចស្នូល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសឡាវផងដែរ។ រដ្ឋាភិបាលឡាវបានចាត់ទុកទេសចរណ៍ជាវិស័យសេដ្ឋកិច្ចមុខព្រួញ ដោយជំរុញការអភិវឌ្ឍនៃវិស័យជាច្រើន ទន្ទឹមនឹងនោះបានបង្កើតការងារធ្វើនិងប្រភពចំណូលជាច្រើន នាំមកនូវរូបិយប័ណ្ណបរទេសយ៉ាងច្រើនសម្រាប់ប្រទេសឡាវ រួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ឡាវឲ្យកាន់តែរឹងមាំ។

នៅឆ្នាំ ២០២៤ ប្រទេសឡាវបានដាក់ឱ្យដំណើរការ "ឆ្នាំទេសចរណ៍ឡាវ ២០២៤ " ទូទាំងប្រទេសជាមួយនឹងពាក្យស្លោក "ទេសចរណ៍សុវត្ថិភាព រីករាយជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ" ដោយបានទាក់ទាញភ្ញៀវទេសចរសរុបជាង ៨ លាននាក់ ក្នុងនោះមានភ្ញៀវក្នុងស្រុកជាង ៣.៩០០.០០០ នាក់ និងភ្ញៀវអន្តរជាតិជាង ៤.០០០.០០០នាក់។ ប្រាក់ចំណូលពីវិស័យទេសចរណ៍សម្រេចបានជាង ១,៧ ពាន់លានដុល្លារអាមេរិក លើសពីគោលដៅដែលបានដាក់ចេញ។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Kikeo Khaykhamphithoun ប្រធានគណៈកម្មការជាតិដឹកនាំការរៀបចំឆ្នាំទេសចរណ៍ឡាវ ២០២៤ បានឲ្យដឹងថា៖  “អាចមើលឃើញថា ប្រទេសឡាវបានអនុវត្តផែនការឆ្នាំទេសចរណ៍ឆ្នាំ២០២៤ ប្រកបដោយវិជ្ជាជីវៈ ស្របតាមផែនការដែលបានដាក់ចេញ។ ទន្ទឹមនឹងបរិយាកាសរីករាយនៃពិធីបុណ្យ នាឆ្នាំទៅមិញ ប្រទេសឡាវបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើន បរិមាណភ្ញៀវទេសចរបានកើនឡើងយ៉ាងខ្លាំង ដែលនាំមកនូវប្រភពចំណូលដ៏ធំធេងសម្រាប់ប្រទេសជាតិ”។

​ទេសចរណ៍​ឡាវ​មាន​កំណើន​គួរ​ឲ្យ​ចាប់អារម្មណ៍ - ảnh 1តូបថត៖ VOV

ដើម្បីសម្រេចបានសមិទ្ធផលទាំងនេះ ឡាវបានធ្វើការផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការ វិធីសាស្ត្រផ្សព្វផ្សាយរូបភាព ក៏ដូចជាវិធីសាស្ត្រប្រតិបត្តិការនៃវិស័យទេសចរណ៍។ ទាក់ទងនឹងគោលនយោបាយទិដ្ឋាការ ឡាវបានផ្លាស់ប្តូរខ្លឹមសារជាច្រើន ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ រួមទាំងការដាក់ចេញនូវគោលនយោបាយទិដ្ឋាការមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដូចជា៖ ការបង្កើនរយៈពេលស្នាក់នៅសម្រាប់ភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ សហរដ្ឋអាមេរិក កាណាដា អូទ្រីស បែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក អ៊ីស្លង់...។ ទាក់ទងនឹងការឃោសនានិងការផ្សព្វផ្សាយ រដ្ឋាភិបាលនិងទីភ្នាក់ងារទេសចរណ៍ឡាវបានឆ្លៀតយកបណ្តាញសង្គមដូចជា Facebook Instagram TikTok និង Youtube ដើម្បីឧទ្ទេសនាមពីទេសភាពធម្មជាតិ វប្បធម៌ និងម្ហូបអាហាររបស់ឡាវ ផ្តល់ព័ត៌មានលំអិតអំពីគោលដៅ ពិធីបុណ្យ និងសកម្មភាពទេសចរណ៍។ លើសពីនេះ រដ្ឋាភិបាលឡាវបានសហការយ៉ាងសកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើនជើងហោះហើរ ជាពិសេសតភ្ជាប់ជាមួយប្រទេសជិតខាងដូចជា ថៃ វៀតណាម និងចិន ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុនទេសចរណ៍ឱ្យសហការជាមួយដៃគូអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ប្រទេសឡាវ។ លោក អ៊ីម៉ាន ផានិត ប្រធានសមាគមទេសចរណ៍ទីក្រុងវៀងចន្ទន៍ បានមានប្រសាសន៍ថា៖ “ឡាវកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យភ្ញៀវទេសចរមកពីប្រទេសផ្សេងៗអាចធ្វើដំណើរទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំសកម្មភាពទេសចរណ៍ សន្និសីទ មជ្ឈមណ្ឌល និងការតាំងពិព័រណ៍អន្តរជាតិជាច្រើន។ ការធ្វើសមាហរណកម្ម និងលើកកំពស់វិស័យទេសចរណ៍ឡាវទៅកាន់ពិភព 5G នឹងជួយឱ្យប្រទេសឡាវ មានភាពងាយស្រួលក្នុងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន និងវិស័យវប្បធម៌ ជាមួយប្រទេសផ្សេងៗ ដោយនាំមកនូវផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធលើគ្រប់វិស័យ។ មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំក៏ប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយរូបភាពប្រទេសឡាវដ៏ស្រស់ស្អាតលើឆាកអន្តរជាតិផងដែរ"។

លើសពីនេះ វិស័យទេសចរណ៍ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការងារធ្វើសម្រាប់សង្គមទាំងមូល បង្កើតប្រាក់ចំណូល ជំរុញធុរកិច្ចទេសចរណ៍ អាជីវកម្មពាក់ព័ន្ធ ផលិតកម្មកសិកម្ម សិប្បកម្ម ឱ្យក្លាយជាផលិតផលទេសចរណ៍បម្រើភ្ញៀវទេសចរណ៍ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់ប្រជាជននៃបណ្តាជនជាតិឡាវ ក្នុងការថែរក្សាធនធានទេសចរណ៍ប្រកបដោយនិរន្តរភាព ពិសេសអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ កសិកម្ម ធ្វើឱ្យទេសចរណ៍ក្លាយជាភារកិច្ចរួមរបស់គ្រប់វិស័យ ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មជ្ឈដ្ឋាន។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Kikeo Khaykhamphithoun បានបន្ថែមថា៖ “ឆ្នាំទេសចរណ៍ឡាវឆ្នាំ ២០២៤ បានលើកទឹកចិត្តដល់ការអភិរក្ស និងការស្ដារឡើងវិញនូវកេរ្តិ៍ដំណែលធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ និងទំនៀមទម្លាប់ ដ៏ល្អប្រសើររបស់ប្រជាជនឡាវ។ តាមរយៈកម្មវិធីនេះ វិស័យទេសចរណ៍ឡាវត្រូវបានអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី ដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់និងពិភពលោក។ តាមនោះ លើកកម្ពស់សំឡេងរបស់ប្រជាជននិងប្រទេសឡាវនៅលើឆាកអន្តរជាតិ”

ទាក់ទងនឹងការតំរង់ទិសនៃផែនការឆ្នាំ ២០២៥ រដ្ឋាភិបាលឡាវនឹងផ្តោតលើការកែលម្អខ្សែផ្លូវទៅកាន់គោលដៅទេសចរណ៍អាទិភាព និងកន្លែងទេសចរណ៍ មធ្យោបាយដឹកជញ្ជូនដើម្បីបម្រើភ្ញៀវទេសចរឲ្យធ្វើដំណើរដោយភាពងាយស្រួល សុវត្ថិភាព គួរអោយចាប់អារម្មណ៍ និងបំពេញតាមស្តង់ដារ;  លើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ទេសចរណ៍ឱ្យកែលម្អសកម្មភាព និងសេវាកម្មទេសចរណ៍ឱ្យមានភាពចម្រុះ ដោយការចូលរួមពីសហគមន៍មូលដ្ឋាន និងវិស័យឯកជនជាមួយនឹងមេរៀនដ៏សំបូរបែប; បន្តលើកកម្ពស់គុណភាព និងស្តង់ដារសេវាកម្មរបស់ធុរកិច្ចទេសចរណ៍ទូទាំងប្រទេស ដោយផ្តោតលើការវាយតម្លៃនិងបញ្ជាក់ស្តង់ដារទេសចរណ៍អាស៊ាន និងស្តង់ដារទេសចរណ៍ឡាវ ដើម្បីធានាថា ភ្ញៀវទេសចរណ៍ទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាននិងមានសុវត្ថិភាព។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Kikeo Khaykhamphithoun បានចែករំលែក៖បន្តរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ជាដំណាក់កាលចំនួន ៣ គឺរយៈពេលខ្លី មធ្យម និងរយៈពេលវែង លើវិស័យនីមួយៗ ដោយផ្តោតការយកចិត្តទុកដាក់លើផែនការលម្អិត កំណត់ទិសដៅនិងគោលដៅច្បាស់លាស់សម្រាប់ដំណាក់កាលនីមួយៗ សម្រាប់តំបន់និងខេត្តនីមួយៗ។ ផ្តោតសំខាន់និងវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន។ នេះជាបញ្ហាដែលទាមទារឲ្យមានការចូលរួមពីគ្រប់ក្រសួង គ្រប់ផ្នែក និងអង្គភាពសេដ្ឋកិច្ច ទាំងឯកជន និងសាធារណៈ”

នៅឆ្នាំ ២០២៥ រដ្ឋាភិបាលឡាវរំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិជាង ៤,៣ លាននាក់ ខ្ពស់ជាងចំនួន ៤,១ លាននាក់ក្នុងឆ្នាំ ២០២៤ នាំមកនូវប្រាក់ចំណូលប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ ទេសចរណ៍ក្នុងស្រុកក៏ត្រូវបានយកចិត្តទុកដាក់ ជាមួយក្តីរំពឹងថានឹងមានភ្ញៀវទេសចរក្នុងស្រុកយ៉ាងតិច ៤,១ លាននាក់ បង្កើតប្រាក់ចំណូលបានជាង ៦៧៨ លានដុល្លារអាមេរិក ជាមួយនឹងការស្នាក់នៅជាមធ្យមចំនួនបីថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ