វិស័យ​ទេសចរណ៍​កម្ពុជាវិល​ទៅ​រក​ភាពប្រសើរដូច​មុនពេល​មាន​ជំងឺកូវីដ-១៩ ដោយចំនួន​​ភ្ញៀវកើន​ឡើង​ជាលំដាប់​

(VOVWORLD) - ទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួននៃសេដ្ឋកិច្ចកម្ពុជា ដោយដើរទន្ទឹមនឹងការនាំចេញសម្លៀកបំពាក់និងស្បែកជើង; កសិកម្ម; សំណង់ និងអចលនទ្រព្យ។ ក្រោយរយៈពេលរងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 វិស័យទេសចរណ៍កម្ពុជាកំពុងទទួលបានសញ្ញាវិជ្ជមាន ជាមួយនឹងសន្ទុះនៃការងើបឡើងវិញគួរឲ្យចាប់អារម្មណ៍។ ចំនួនភ្ញៀវអន្តរជាតិមកកម្ពុជាក្នុងឆ្នាំ២០២៤ កើនដល់ ៦,៧លាននាក់ លើសពីកម្រិតមុនជំងឺរាតត្បាតកូវីដ១៩។ បច្ចុប្បន្ននេះ ឧស្សាហកម្មគ្មានផ្សែងរបស់ប្រទេសនេះ កំពុងខិតខំប្រឹងប្រែងអនុវត្តផែនការថ្មីដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។

កេរ្តិ៍ដំណែលបរមបុរាណ សំណងស្ថាបត្យកម្មប្លែកៗ ទេសភាពធម្មជាតិចម្រុះ និងវប្បធម៌វិសេសវិសាល គឺជាប្រៀបខ្លាំងដែលជួយកម្ពុជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ បេតិកភណ្ឌពិភពលោកដែលត្រូវបានទទួលស្គាល់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដូចជា ឧទ្យានបុរាណវិទ្យាអង្គរ ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ្តិ៍ សុទ្ធតែជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ លើសពីនេះ ភ្ញៀវទេសចរក៏មានឱកាសស្វែងយល់ពីសម្រស់ធម្មជាតិ ជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលលាតសន្ធឹងលើខេត្តចំនួនបួនគឺ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។

“ខ្ញុំបានឃើញថា នៅទីននេះ នៅតែរក្សាបាននូវលក្ខណៈ “ដើម” ច្រើនជាងគោលដៅផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ ខ្ញុំធ្លាប់បានទៅប្រទេសថៃ ទេសចរណ៍នៅថៃក៏អស្ចារ្យដែរ ប៉ុន្តែមានលក្ខណៈ នៅក្នុងរចនាប័ទ្មការធ្វើដំណើរប្រកបដោយវិជ្ជាជីវៈ។ នៅពេលនោះ យើងនឹងពិបាករកឃើញចំណាប់អារម្មណ៍ ឬលក្ខណៈវប្បធម៌ដើម របស់ប្រជាជនក្នុងតំបន់ ដែលយើងអាចងាយស្រួលមើលឃើញនៅប្រទេសកម្ពុជា”។

“នេះជាលើកទីបីហើយ ដែលខ្ញុំមកទីនេះ ហើយខ្ញុំពិតជាស្រឡាញ់ទឹកដីនេះខ្លាំងណាស់។ នៅទីនេះ ខ្ញុំមានអារម្មណ៍សុខក្សេមក្សាន្ត ដោយមិនចាំបាច់ខ្វល់ខ្វាយអ្វីទាំងអស់។ ខ្ញុំចូលចិត្តការដើរលេង ស្វែងយល់ពីម្ហូបអាហារ សម្រាកលំហែកាយនៅឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ឬធ្វើដំណើរកម្សាន្តទៅកោះរ៉ុង។ សៀមរាបក៏ស្អាតណាស់ ប្រជាជនរួសរាយរាក់ទាក់ អាហារឈ្ងុយឆ្ងាញ់និងចម្រុះ។ រាល់ពេលដែលខ្ញុំសួរនរណាម្នាក់ ពួកគេតែងតែរីករាយប្រាប់ខ្ញុំថា "ទៅលេងកន្លែងនេះ សាកល្បងម្ហូបនេះ ម្ហូបនោះ" ។

វិស័យ​ទេសចរណ៍​កម្ពុជាវិល​ទៅ​រក​ភាពប្រសើរដូច​មុនពេល​មាន​ជំងឺកូវីដ-១៩ ដោយចំនួន​​ភ្ញៀវកើន​ឡើង​ជាលំដាប់​ - ảnh 1ប្រាសាទ អង្គរវត្ត។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២៤ កម្ពុជានឹងទទួលភ្ញៀវអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើងជិត ២៣% បើធៀបនឹងឆ្នាំ ២០២៣ ដែលនាំមកនូវប្រាក់ចំណូល ៣,៦៣ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៨% បើធៀបនឹងឆ្នាំមុន។ លទ្ធផលនេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃគោលនយោបាយដែលកម្ពុជាបានអនុវត្តនាពេលកន្លងទៅ សំដៅជំរុញការផ្សព្វផ្សយអំពីគោលដៅនានា ធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងលើកលម្ពស់បទពិសោធន៍របស់ភ្ញៀវទេសចរណ៍។ កាលពីមុន ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា សមរម្យសម្រាប់តែភ្ញៀវទេសចរណ៍ធ្វើដំណើរដោយខ្លួនឯង(backpacker) ដែលមានការចំណាយតិច។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ជាមួយនឹងការវិនិយោគដ៏ខ្លាំងក្លាពីវិស័យឯកជន កម្ពុជាកំពុងដណ្តើមយកចំណែកអតិថិជនលំដាប់ខ្ពស់ជាបន្តបន្ទាប់ ជាមួយនឹងសណ្ឋាគារ រមណីយដ្ឋាន និងបទពិសោធន៍លំដាប់ពិភពលោកជាច្រើន។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) មានប្រសាសន៍ថា៖ “ជាមធ្យម ភ្ញៀវទេសចរអន្តរជាតិដែលស្នាក់នៅកម្ពុជារយៈពេល៥ថ្ងៃនឹងចំណាយប្រហែល ៦០០-៦៥០ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមានឆន្ទៈក្នុងការចំណាយរាប់ពាន់ដុល្លារសម្រាប់សេវាកម្មលំដាប់ផ្កាយ ៥ ។ លើសពីនេះ ភ្ញៀវទេសចរមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តែងតែមានទម្លាប់ទិញវត្ថុអនុស្សាវរីយ៍ជូនសាច់ញាតិនិងមិត្តភក្តិ ជាពិសេសភ្ញៀវទេសចរមកពីប្រទេសចិន។ ជាមធ្យមមនុស្សម្នាក់ៗ ទិញទំនិញហែល ១០០ ដុល្លារ។ ដូច្នេះហើយ យើងក៏ផ្តល់ជូននូវដំណោះស្រាយជំរុញផលិតកម្ម និងលើកកំពស់គុណភាពផលិតផលក្នុងស្រុក ដូចជា សិប្បកម្ម វាយនភណ្ឌសូត្រជាដើម ដែលជាលក្ខណៈវិសេសវិសាលរបស់កម្ពុជា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ”។

វិស័យ​ទេសចរណ៍​កម្ពុជាវិល​ទៅ​រក​ភាពប្រសើរដូច​មុនពេល​មាន​ជំងឺកូវីដ-១៩ ដោយចំនួន​​ភ្ញៀវកើន​ឡើង​ជាលំដាប់​ - ảnh 2ព្រះបរមរាជវាំងកម្ពុជា។ រូបថត៖ Getty Images

នៅឆ្នាំ២០២៥ កម្ពុជាមានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិពី ៧,២ ទៅ ៧,៥ លាននាក់។ ចាប់តាំងពីដើមឆ្នាំមក ផ្នែកចរណ៍របស់ប្រទេសនេះបានអនុវត្តន៍វិធានការជំរុញទេសចរណ៍ និងបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរដូចជា៖ កាត់បន្ថយថ្លៃសេវាទិដ្ឋាការអេឡិចត្រូនិក (e-Visa) សម្រាប់ទិដ្ឋាការពីរប្រភេទគឺ ទិដ្ឋាការទេសចរណ៍ (T) និងទិដ្ឋាការធម្មតា (E); ការដាក់ពង្រាយម៉ាស៊ីនលក់សំបុត្រដោយស្វ័យប្រវត្តិនៅប្រាសាទអង្គរ... ក្រសួងទេសចរណ៍កម្ពុជាក៏ជំរុញកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារតំណាងបរទេសនៅកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សព្វផ្សាយរូបភាពនៃ “ប្រទេសវត្តប្រាសាទ” ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព កក់ក្តៅ បៃតង ស្អាត និងរស់រាយរាក់ទាក់។

ជាមួយនឹងគោលនយោបាយថ្មីៗជាច្រើននិងការវិនិយោគដ៏ខ្លាំងក្លា ទេសចរណ៍របស់កម្ពុជាត្រូវបានរំពឹងថា នឹងបន្តរីកចម្រើននាពេលខាងមុខ។ គោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញ ចាប់ពីតំបន់ទីក្រុងដ៏អ៊ូអរ រហូតដល់ទីជនបទដ៏សុខសាន្ត ប្រាកដជានឹងនាំមកជូនភ្ញៀវទស្សនានូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានក្នុងដំណើរទៅរកឃើញ "ទឹកដីនៃវត្តប្រាសាទ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ