មជ្ឈមណ្ឌលអភិរក្សនិងបង្កាត់ពូជសត្វសមុទ្រកោះស៊ីឆាង តភ្ជាប់ប្រជាជនឱ្យចូលរួមក្នុងការស្ដារឡើងវិញធនធានសមុទ្រ
(VOVWORLD) - ជាមជ្ឈមណ្ឌលបង្កាត់ពូជក្តាមខៀវ ក្រោមការឧបត្ថម្ភរបស់ម្ចាស់ក្សត្រីយ៍ថៃ Maha Chakri Sirindhorn (ម៉ាហា ចក្រី សិរិន្ទថន) កាលពីជាង ៤ ឆ្នាំមុន។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលនេះបានបើកធនាគារបង្កាត់ពូជ សត្វសមុទ្រចំនួន ៤ កន្លែងបន្ថែមទៀត ហើយបានប្តូរឈ្មោះទៅជាមជ្ឈមណ្ឌលអភិរក្ស និងបង្កាត់ពូជសត្វសមុទ្រកោះស៊ីឆាង។ បេសកកម្មចម្បងរបស់មជ្ឈមណ្ឌលគឺស្ដារឡើងវិញធនធាននិងប្រព័ន្ធអេកូឡូស៊ីសមុទ្រ តាមរយៈការតភ្ជាប់ឲ្យប្រជាជនគ្រប់រូបចូលរួមដោយផ្ទាល់ ជាពិសេសអ្នកនេសាទក្នុងស្រុក។
ក្រៅពីការងារចម្បងគឺទទួលនិងចិញ្ចឹមសត្វសមុទ្រមានពង រហូតដល់ពេលពងញាស់ និងដោះលែងទៅក្នុងសមុទ្រវិញ លោកបណ្ឌិត Nilnaj Chaitanawisuti ទទួលបន្ទុកមជ្ឈមណ្ឌលអភិរក្សនិងបង្កាត់ពូជសត្វសមុទ្រកោះស៊ីឆាង ក៏បានធ្វើការពន្យល់និងឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍ដែលចង់ស្វែងយល់អំពីគំរូអភិរក្សបៃតងនេះ។ បច្ចុប្បន្ន មជ្ឈមណ្ឌលមានសមាជិក ៨ នាក់ ដែលប្រតិបត្តិការធនាគារបង្កាត់ពូជសត្វសមុទ្រចំនួន ៥ រួមមាន ក្តាមខៀវ ខ្យងស័ង្ខ ផ្កាថ្មទន់ មឹក និងត្រីឆ្លាមឬស្សី។ ទាំងនេះសុទ្ធតែជាសត្វសមុទ្រដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ជួយឱ្យការនេសាទបែបប្រពៃណីរបស់ប្រជាននេសាទនៅលើកោះមានស្ថិរភាព និងនិរន្តរភាពជាង។
លោកស្រី Hathaimas Wanrat ជំនួយការស្រាវជ្រាវនៃមជ្ឈមណ្ឌល ឧទ្ទេសនាមពីបច្ចេកទេសដាំដុះផ្កាថ្មទន់។ |
លោកបណ្ឌិត Nilnaj Chaitanawisuti មានប្រសាសន៍ថា៖ “ក្តាមខៀវជាប្រភេទជលផលចម្បងមួយដែលភ្ញៀវទេសចរណ៍និយមចូលចិត្តខ្លាំង និងមានតម្លៃខ្ពស់។ រហូតមកដល់ពេលនេះ តម្រូវការក្តាមខៀវមានកម្រិតខ្ពស់បំផុត។ នាពេលខាងមុខ យើងខ្ញុំនឹងអភិវឌ្ឍន៍ខ្យងស័ង្ខទៅជាប្រភេទជលផលសំខាន់ក្នុងស្រុក ព្រោះវាមានតម្រូវការនិងមានតម្លៃខ្ពស់ ប្រហែល ១.០០០ បាត/គីឡូក្រាម។ តាមពិតទៅ នៅលើកោះស៊ីឆាងមិនមានខ្យងស័ង្ខទេ ប៉ុន្តែមានឆ្នេរខ្សាច់ដែលជាទីជម្រករបស់ខ្យងស័ង្ខ។ យើងបានបង្កើតធនាគាខ្យងស័ង្ខប្រហែល១ឆ្នាំហើយ។ មកទល់ពេលនេះ ខ្យងស័ង្ខចំនួន ១០.០០០ ត្រូវបានដោះលែទៅសមុទ្រ។ ឆ្នាំក្រោយមក ខ្យងស័ង្ខនឹងបង្ហាញខ្លួននៅលើទីផ្សារកោះស៊ីឆាង”។
លោកបណ្ឌិត Nilnaj Chaitanawisuti ។ |
ចំណែកឯត្រីឆ្លាមឬស្សី និងមឹក ថ្វីត្បិតតែត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការលើកទឹកចិត្តពីមជ្ឈមណ្ឌុល នៅពេលអ្នកនេសាទចាប់បានត្រីឆ្លាមឬស្សី ឬឃើញពងមឹកជាប់ក្នុងសំណាញ់ ពួកគេតែងតែនាំយកទៅមជ្ឈមណ្ឌលដើម្បីចិញ្ចឹមរហូតដល់ពេលពង់ញាស់ រួចដោះលែងទៅក្នុងសមុទ្រវិញ។ ប្រការនេះជួយបង្កើនចំនួនសត្វសមុទ្រ និងជលផលនៅលើកោះ ដែលធ្វើឱ្យការងារនេសាទកាន់តែងាយស្រួលជាង។ អ្នកស្រី Phanomwan Punthavikirtikan អាយុ 58 ឆ្នាំ ជាអ្នកនេសាទនៅលើកោះ បានចែករំលែកថា៖ “មជ្ឈមណ្ឌលបានចិញ្ចឹម និងបង្កាត់ពូជជាច្រើនប្រភេទ ចាប់ពីត្រី ខ្យង… ប្រការនេះជួយការពារកុំឲ្យជលផលអស់រលីង។ មិនត្រឹមតែជំនាន់យើងខ្ញុំប៉ុណ្ណោះទេ ថែមទាំងជំនាន់កូនចៅទៀតផង។ ខ្ញុំបានទៅមជ្ឈមណ្ឌល ២-៣ ដងហើយ បុគ្គលិកធ្វើបានល្អណាស់ នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជនយើង”។
ការដោះលែងត្រីឆ្លាមឬស្សីទៅក្នុងសមុទ្រវិញ។ |
មិនដូចក្តាមខៀវ និងខ្យងស័ង្ខនោះទេ ផ្កាថ្មទន់គឺជាប្រភេទជលផល ដែលត្រូវបានការពារដោយច្បាប់។ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យធ្វើអាជិវកម្ម ទិញ លក់ ឬកាន់កាប់ឡើយ។ បច្ចុប្បន្ននេះ ផ្កាថ្មទន់ក្នុងធម្មជាតិកំពុងថយចុះយ៉ាងខ្លាំង ដូច្នេះហើយមជ្ឈមណ្ឌលធ្វើការបង្កាត់ពូជ តាមរយៈការណែនាំអំពីរបៀបដាំដុះ និងលើកទឹកចិត្តភ្ញៀវទេសចរឱ្យចូលរួមដាំដុះផ្កាថ្មទន់។ ដូច្នោះហើយ ពួកគេនឹងសរសេរឈ្មោះ ឬនិមិត្តសញ្ញានៅលើពែងដាំផ្កាថ្ម បន្ទាប់មករក្សានៅចំការបណ្ដុះពូជ ឱ្យបុគ្គលិកមជ្ឈមណ្ឌលមើលថែរយៈពេល ១ឆ្នាំ មុននឹងដោះលែងទៅក្នុងសមុទ្រ។ នេះជាមជ្ឈមណ្ឌលដំបូងនិងតែមួយគត់ក្នុងប្រទេសថៃ ដែលបានដាំដុះផ្កាថ្មទន់។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរប្រមាណ ២០.០០០ នាក់ បានមកទស្សនានិងចូលរួមដោយផ្ទាល់ក្នុងការដោះលែងសត្វសមុទ្រនិងដាំផ្កាថ្មទន់នៅមជ្ឈមណ្ឌល។ លោកស្រី Hathaimas Wanrat បុគ្គលិកនៃមជ្ឈមណ្ឌលអភិរក្សនិងបង្កាត់ពូជសត្វសមុទ្រកោះស៊ីឆាង មានប្រសាសន៍ថា៖ “យើងមានចំការបណ្ដុះពូជផ្កាថ្មទន់ចំនួន ២ សម្រាប់ភ្ញៀវទេសចរចូលរួមក្នុងដំណើរការបង្កាត់ពូជផ្កាថ្ម។ នេះក៏ជាមធ្យោបាយមួយសម្រាប់លើកកម្ពស់ការយល់ដឹងរបស់យុវជនក្នុងប្រទេស អំពីការចូលរួមចំណែកអភិរក្សធនធានសមុទ្ររបស់ថៃ”។
សកម្មភាពរបស់មជ្ឈមណ្ឌលត្រូវបានវាយតម្លៃខ្ពស់ និងគាំទ្រដោយអាជ្ញាធរមូលដ្ឋាន។ អ្នកស្រី Siyamon Thianngam មន្ត្រីជលផលស្រុកកោះស៊ីឆាង មានប្រសាសន៍ថា៖ “នេះត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍នៅលើកោះ ជាកន្លែងចិញ្ចឹមនិងបង្កាត់ពូជសត្វសមុទ្រ ជួយបង្កើនធនធានជលផល។ ជាពិសេស នេះក៏ជាកន្លែងប្រមូលផ្តុំអ្នកនេសាទនៅលើកោះផងដែរ ព្រោះអ្នកនេសាទទាំងអស់នៅលើកោះបានយល់ដឹងនិងសហការជាមួយមជ្ឈមណ្ឌល”។
លោក Chusak Nanthithanthada ចៅសង្កាត់កោះស៊ីឆាង កំពុងដាំផ្កាថ្មទន់នៅមជ្ឈមណ្ឌល។ |
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលក្នុងតំបន់ក៏គាំទ្រសកម្មភាពរបស់មជ្ឈមណ្ឌលដោយរៀបចំការផលិតគំរូផ្កាថ្មសិប្បនិម្មិតសម្រាប់បញ្ចេញទៅក្នុងសមុទ្រ។ ទាំងនេះត្រូវបានចាត់ទុកជា "ជម្រកដ៏អស្ចារ្យសម្រាប់ត្រី និងសត្វសមុទ្រ"។ ការស្រុះចិត្តគំនិត និងកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋាន មជ្ឈមណ្ឌលអភិរក្សនិងបង្កាត់ពូជសមុទ្រកោះស៊ីឆាង និងប្រជាជន សុទ្ធតែមានគោលបំណងតែមួយគត់គឺស្ដារឡើងវិញធនធានសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព៕