អ្នកនេសាទកោះស៊ីឆាង៖ ច្នៃប្រឌិត​ដើម្បីរក្សា​មុខ​របរប្រពៃណី

(VOVWORLD) - នាប៉ុន្មានឆ្នាំកន្លងមកនេះ កន្លែងនេសាទជាច្រើនកាន់តែរួមតូច ធនធានជលផលបានធ្លាក់ចុះ ហើយកម្មករធ្វើការនេសាទនៅសមុទ្រក៏ថយចុះជាលំដាប់ផងដែរ ដែលប៉ះពាល់ដល់មុខរបរនេសាទប្រពៃណីរបស់សហគមន៍អ្នកនេសាទនៅលើកោះស៊ីឆាង (ខេត្តឈុនបុរី-ប្រទេសថៃ)។ ដើម្បីកែលម្អរបរចិញ្ជឹមជីវិត សហគមន៍អ្នកនេសាទនៅទីនេះបានច្នៃប្រឌិតដើម្បីរក្សាមុខរបរនេសាទប្រពៃណីផង និងបង្កើនប្រាក់ចំណូលផង។
អ្នកនេសាទកោះស៊ីឆាង៖ ច្នៃប្រឌិត​ដើម្បីរក្សា​មុខ​របរប្រពៃណី - ảnh 1ទូកនេសាទរបស់ប្រជាជនកោះស៊ីឆាង។

លោកស្រី Sunee Laomanee និងស្វាមីជាអ្នករស់នៅកោះស៊ីឆាង (ខេត្តឈុនបុរី-ប្រទេសថៃ) ហើយបានប្រកបរបរនេសាទជាច្រើនឆ្នាំមកហើយ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពនេសាទជួបការលំបាក ហើយក៏ពិបាកលក់ដែរ ដូច្នេះ លោកស្រី Sunee បានស្រាវជ្រាវ និងស្វែងយល់ពីការលក់ទំនិញតាមរយៈបណ្តាញសង្គម។              

“យើងលក់តាមហ្វេសប៊ុក ហើយផ្ញើទំនិញតាមប្រៃសណីយ៍ទៅទូទាំងប្រទេស យើងដឹកជញ្ជូនតាមប្រៃសណីយ៍ កាណូត ឬនៅកំពង់ផែ Sriracha ពួកគេនឹងយកឡានមកទទួលទំនិញ ហើយលក់បន្តទៀត”

អ្នកនេសាទកោះស៊ីឆាង៖ ច្នៃប្រឌិត​ដើម្បីរក្សា​មុខ​របរប្រពៃណី - ảnh 2ហ្វេសប៊ុករបស់លោកស្រី Sunee Laomanee ។

ជលផលរបស់គ្រួសារលោកស្រី Sunee Laomanee ភាគច្រើនចាប់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ ដូច្នេះហើយទើបវាតែងតែស្រស់ៗជានិច្ច។ អាស្រ័យលើចរន្តទឹកហូរ ជលផលដែលចាប់បានមានប្រហែល ៣០ - ៤០ គីឡូក្រាម។ ប្រសិនបើសមុទ្រស្ងប់ស្ងាត់និងអំណោយផលនោះ អាចចាប់បាន ៥០ - ៦០ គីឡូក្រាម។ ដោយសារពួកគេលក់តាមបណ្តាញសង្គម គុណភាព ការធានាអនាម័យ និងសុវត្ថិភាពចំណីអាហារត្រូវបានលោកស្រី Sunee និងស្វាមីយកចិត្តទុកដាក់ពិសេស។ បច្ចុប្បន្ន ចំនួនអតិថិជនកាន់តែច្រើនបានស្គាល់ដល់ និងកុម្ម៉ង់ទិញគ្រឿងសមុទ្រពីគ្រួសារលោកស្រី Sunee ។

អ្នកនេសាទកោះស៊ីឆាង៖ ច្នៃប្រឌិត​ដើម្បីរក្សា​មុខ​របរប្រពៃណី - ảnh 3លោកស្រី Sunee Laomanee ឆ្លើយបទសម្ភាស។

មិនត្រឹមតែជួយស្វាមីក្នុងការនេសាទនោះទេ លោកស្រី Sunee ក៏បានស្វែយល់និងរៀនចំណេះដឹងធ្វើម្ហូបបន្ថែមទៀត ដើម្បីអាចរៀបចំមុខម្ហូបជាច្រើនមុខពីគ្រឿងសមុទ្រដែលចាប់បាន។ ម្តងម្កាល លោកស្រី Sunee នឹងរៀបចំការ Livestream ឧទ្ទេសនាមពីរបៀបរៀបចំអាហារដល់អតិថិជន។ វិធីលក់បែបនេះបានជួយឱ្យ លោកស្រី Sunee Laomanee និងស្វាមីមានប្រភពចំណូលស្ថិរភាព ដើម្បីរក្សាមុខរបរប្រពៃណី លើកកំពស់ជីវភាពរស់នៅ និងថែទាំការសិក្សាសម្រាប់កូនៗ។  “យើងអាចរស់នៅបានស្រូល ព្រោះយើងលក់ក្នុងតម្លៃសមរម្យ គ្រប់គ្រាន់សម្រាប់ចិញ្ជឹមគ្រួសារនិងបញ្ជូនកូនៗទៅសាលារៀន។ យើងមិនត្រូវការប្រាក់ចំណេញច្រើនទេ គ្រាន់តែត្រូវការការងារ មិនចាំបាច់ធ្វើការឱ្យអ្នកណាទេ យើងធ្វើការតាមប្រព័ន្ធគ្រួសារ។ ហើយនៅថ្ងៃឈប់សម្រាក កូនៗរបស់យើងក៏ទៅសមុទ្រជាមួយយើងដែរ។ កូនខ្ញុំរៀននៅទីក្រុងបាងកក”។

នៅវេលាម៉ោង ៣ ទៀបភ្លឺ នៅពេលដែលប្រជាជនភាគច្រើននៅលើកោះស៊ីឆាងកំពុងដេក លោកស្រី Phanomwan Punthavikirtikan បានចាប់ផ្តើមការងាររបស់ខ្លួន គឺការទិញគ្រឿងសមុទ្រនៅខាងក្រៅកំពង់ផែនេសាទ។ ពីមុនគ្រួសាររបស់លោកស្រី Phanomwan មានទូកនេសាទមួយ ប៉ុន្តែត្រូវបោះបង់ការងារដោយសារអាយុចាស់ជរា និងខ្វះកម្មករ។ បន្ទាប់មក លោកស្រី Phanomwan និងស្វាមីបានប្តូរទៅប្រកបមុខរបរទិញនិងកែច្នៃគ្រឿងសមុទ្រវិញ ដើម្បីលក់ឱ្យប្រជាជននៅកោះ និងភ្ញៀវទេសចរ។ ប្រជាជននៅកោះជាច្រើននាក់ដែលគ្មានការងារធ្វើ ក៏ត្រូវបានលោកស្រី Phanomwan និងស្វាមីជួលឱ្យធ្វើការកែច្នៃគ្រឿងសមុទ្រផងដែរ។ ជាចម្បង លោកស្រី Phanomwan និងស្វាមីប្រមូលទិញសត្វមឹក។ បន្ទាប់ពីប្រមូលទិញមឹកពីកំពង់ផែនេសាទរួច លោកស្រី Phanomwan នឹងធ្វើការកែច្នៃ រួចហាលសម្ងួតវាមុនពេលវេចខ្ចប់។ ការងារនេះ ជួយឱ្យអ្នកកោះមួយផ្នែកមានប្រភពចំណូលស្ថិរភាព សម្រាប់ជីវភាពប្រចាំថ្ងៃ។

“មឹកនេះជាមឹកស្រស់ បន្ទាប់ពីកែច្នៃរួច យើងបង់ថ្លៃ ៣០០ បាតសម្រាប់មនុស្សម្នាក់ធ្វើការមួយវេន។ ចំណែកឯការបកមឹកគឺអាស្រ័យលើបរិមាណ ពោលគឺមនុស្សម្នាក់អាចធ្វើបានជាង១០០បាត។ ពេលប្រមូលមឹកស្ងួត យើងបង់លុយម្តងទៀតដើម្បីឱ្យពួកគេមានប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត”។

អ្នកនេសាទកោះស៊ីឆាង៖ ច្នៃប្រឌិត​ដើម្បីរក្សា​មុខ​របរប្រពៃណី - ảnh 4កែច្នៃសត្វមឹក។

ដោយសារមានវ័យចំណាស់ និងមិនសូវពូកែខាងបច្ចេកវិទ្យានិងស្មាតហ្វូននោះទេ ក្រៅពីលក់ដោយផ្ទាល់ទៅកាន់អ្នកស្រុក និងភ្ញៀវទេសចរណ៍ លោកស្រី Phanomwan មិនមានបណ្តាញលក់ធំទូលាយនោះទេ។ ដោយមានបុគ្គលិកនៃមន្ទីរទំនាក់ទំនងសាធារណៈខេត្តឈុនបុរី ដែលបានណែនាំនិងថតវីដេអូផ្សព្វផ្សាយសម្រាប់ផលិតផលមឹកស្ងួត បានជួយលោកស្រី Phanomwan ផ្លាស់ប្តូរថ្មី វិធីសាស្ត្រផ្សព្វផ្សាយកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាពជាង។ ពីនោះមក បានបង្កើនប្រាក់ចំណូលដល់គ្រួសាររបស់លោកស្រី Phanomwan ។

អ្នកនេសាទកោះស៊ីឆាង៖ ច្នៃប្រឌិត​ដើម្បីរក្សា​មុខ​របរប្រពៃណី - ảnh 5ការហាលសម្ងួតមឹក។

កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អ្នកនេសាទ ការគាំទ្ររបស់អាជ្ញាធរ មូលដ្ឋាន និងផ្នែកជលផលរបស់មូលដ្ឋាន  អាចជួយរក្សាមុខរបរនេសាទប្រពៃណីនៅលើកោះស៊ីឆាង។ គម្រោងមួយចំនួនកំពុងត្រូវបានអនុវត្តដូចជាគម្រោងដាំដុះផ្កាថ្មសិប្បនិម្មិត ការបង្កាត់ពូជសត្វសមុទ្រ នឹងជួយអភិវឌ្ឍធនធានសមុទ្រប្រកបដោយនិរន្តរភាពនៅលើកោះស៊ីឆាង តាមនោះរក្សាមុខរបរចិញ្ជឹមជីវិត និងបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍នេសាទក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ