ប្រជាជននៅឃុំ Phong Lai (ខេត្ត Son La) ក្លាយជាអ្នកមានដោយការចិញ្ចឹមឃ្មុំតាមខ្សែសង្វាក់តភ្ជាប់
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជននៅឃុំ Phong Lai ស្រុក Thuan Chau ខេត្ត Son La បានបណ្តាក់ទុនលើការចិញ្ចឹមឃ្មុំតាមខ្សែសង្វាក់តភ្ជាប់។ ឆ្លៀត យកអត្ថប្រយោជន៍ពីបរិស្ថានធម្មជាតិដែលមានប្រភពអាហារសម្បូរបែប ការចិញ្ចឹមឃ្មុំបានរួមចំណែកបង្កើតការងារធ្វើសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជន និង ជួយប្រជាជននៅទីនេះក្លាយជាអ្នកមាន។
សហករណ៍សត្វឃ្មុំ Phong Lai កំពុងរក្សាទំហំចិញ្ចឹមឃ្មុំប្រហែល ១.០០០ ហ្វូង (រូបថត៖ Thanh Thuy/VOV) |
នៅឃុំ Phổng Lái ប្រជាជនប្រកបមុខរបរចិញ្ចឹមឃ្មុំគឺមានច្រើនឆ្នាំមកហើយ ប៉ុន្តែមុខរបរនេះ ចេះតែធ្វើឡើងដោយអំពើចិត្តប៉ុណ្ណោះ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្អែកលើប្រៀបខ្លាំងដែលមានព្រៃភ្នំ និងដើមឈើហូបផ្លែ គ្រួសារចិញ្ចឹមឃ្មុំបាន ចងសម្ព័ន្ធ និងបង្កើតសហករណ៍សត្វឃ្មុំ Phong Lai ដែលមានសមាជិកចំនួន ១៣ នាក់។ ជំនួសឱ្យការចិញ្ចឹមឃ្មុំតាមលក្ខណៈគ្រួសារតូចតាច គ្រួសារសមាជិកសហករណ៍ ត្រូវបានរៀបចំការចិញ្ចឹមឃ្មុំតាមផែនការ។ ពោលគឺ ផ្អែកលើកិច្ចសន្យាដែលបានចុះហត្ថលេខា សហករណ៍ផ្តល់កាលវិភាគដល់គ្រួសារសម្រាប់ផលិតកម្ម។ សម្ភារៈធាតុចូលក៏ត្រូវបានធ្វើឱ្យប្រសើរផងដែរ ដូច្នេះ រហូតមកដល់ពេលនេះ សហករណ៍កំពុងរក្សាទំហំចិញ្ចឹមឃ្មុំប្រហែល ១.០០០ ហ្វូង ដែលមានចំណូលប្រចាំឆ្នាំជាង ២,៥ ពាន់ លានដុង (១០០.០០០ ដុល្លារអាមេរិក)។ លោក Nguyen Van Thanh ប្រធាន សហករណ៍ សត្វឃ្មុំ Phong Lai ស្រុក Thuan Chau ខេត្ត Son La បានឲ្យដឹងថា៖ “សមាជិកសហករណ៍ទាំងអស់មានបទពិសោធន៍ច្រើនក្នុងការចិញ្ចឹមឃ្មុំ នេះគឺជាគុណសម្បត្តិផងនិងជាប្រៀបខ្លាំងរបស់សហករណ៍។ បន្ទាប់ពីបង្កើតសហករណ៍ យើងបានដំណើរការផលិតតាមស្តង់ដារ Vietgap។ សហករណ៍ បានកសាងម៉ាកយីហោ ... រហូតមកដល់ពេលនេះ ផលិតផលរបស់សហករណ៍ ឃ្មុំ Phong Lai មានវត្តមាននៅលើទីផ្សារ និងត្រូវបានគេស្គាល់ដល់ជាច្រើន”។
ជាមួយនឹងទម្រង់ចិញ្ចឹមតាមបែបធម្មជាតិ ការប្រមូលផល និងការរក្សាទុកតាមស្តង់ដាត្រឹមត្រូវ ទិន្នផល និងគុណភាពទឹកឃ្មុំត្រូវបានកើនឡើងឥតឈប់ឈរ។ ផលិតផលទឹកឃ្មុំរបស់សហករណ៍ត្រូវបានអ្នកប្រើប្រាស់កោតសរសើរយ៉ាងខ្លាំងដោយ សារតែរសជាតិផ្អែម ក្លិនក្រអូប និងពណ៌ដ៏ស្រស់ស្អាត។ គ្រួសាររបស់លោក Pham Xuan Son គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដំបូងគេដែលចិញ្ចឹមឃ្មុំនៅឃុំ Phong Lai ស្រុក Thuan Chau ខេត្ត Son La។ ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំ លោក Son ឲ្យដឹងថា ការចិញ្ចឹមឃ្មុំមិនទាមទារទុនវិនិយោគច្រើននោះទេ ប៉ុន្តែដើម្បីទទួលបានទិន្នផល និងគុណភាពទឹកឃ្មុំល្អបំផុត កសិករត្រូវយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ទៅតាមដំណើរការផលិតនិងតាមរដូវនីមួយៗ ជាពិសេសដំណើរការផលិតទឹកឃ្មុំតាមស្តង់ដារ អនុវត្តផលិតកម្មកសិកម្មល្អនៅវៀតណាម (VietGap)៖ “ក្រោយបានអនុវត្តន៍តាមស្តង់ដា VietGap គឺបរិស្ថានត្រូវតែស្អាត។ នៅពេលឃ្មុំទៅក្រេបលំអងផ្ការឃ្មុំ ត្រូវធានាលក្ខណៈវិនិច្ឆ័យគឺនៅដាច់ដោយឡែកពីថ្នាំបាញ់ ផ្លែឈើ និងថ្នាំដែលប្រើសម្រាប់ព្យាបាលជំងឺឲ្យឃ្មុំ ប្រភពទឹកឃ្មុំត្រូវតែស្អាត”។
ទឹកឃ្មុំត្រូវបានដាក់ចូលទៅក្នុងដប និងពាង ដោយមានតែមតាមដានប្រភពដើម (រូបថត៖ Thanh Thuy/VOV) |
ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារនូវផលិតផលទឹកឃ្មុំដែលធានានូវកិត្យានុភាព និងគុណភាព សហករណ៍បានផ្សព្វផ្សាយការយល់ដឹងអំពីដំណើរការផលិតតាមស្តង់ដារ VietGAP; មានវគ្គបណ្តុះបណ្តាលស្តីពីការការពារជំងឺ បច្ចេកទេសប្រមូលផល កែច្នៃ និងថែរក្សាផលិតផលទឹកឃ្មុំ... លោក Nguyen Van Tuan សមាជិកនៃសហករណ៍ សត្វឃ្មុំ Phong Lai បានចែករំលែកថា៖ “ផលិតផលទឹកឃ្មុំរបស់សហករណ៍របស់យើងបានចម្រោះជាតិទឹកបន្ទាប់ពីត្រូវបានប្រមូលផល។ បន្ទាប់មក ត្រូវបានដាក់ចូលទៅក្នុងដប និងក្រឡដែលមានតែមតាមដានប្រភពដើម។ ផលិតផលដែលពីមុនត្រូវបានបញ្ជាក់ដោយ VietGap ឥឡូវនេះបានទទួលផ្កាយ ៤ ពី OCOP។ ផលិតផលដែលបានដាក់លក់ក្នុងស្រុកនាពេលបច្ចុប្បន្ន មានភាពងាយស្រួលក្នុងការតាមដានប្រភពដើម ប្រជាជននឹងនរចិត្តប្រើប្រាស់ទឹកឃ្មុំពីសហករណ៍របស់យើង”។
ជាមធ្យមក្នុងមួយឆ្នាំ សហករណ៍ប្រមូលផលទឹកឃ្មុំបាន ៦០តោន។ ផលិត ផលទឹកឃ្មុំរបស់សហករណ៍ត្រូវបានឈ្មួញប្រមូលទិញ និងដក់លក់យ៉ាងទូលំទូលាយនៅហាងលក់រាយក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស។ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ៥ ឆ្នាំ សហករណ៍សត្វឃ្មុំ Phong Lai បានក្លាយទៅជាសហករណ៍ឆ្នើមក្នុងការអភិវឌ្ឍការចុញ្ចឹមឃុំយកទឹកឃ្មុំនៅស្រុក Thuan Chau។ ជោគជ័យក្នុងការកសាងផលិតផលកសិកម្មក្នុងស្រុកធម្មតា និងក្លាយជាផលិតផលកសិកម្មឆ្នើមរបស់ខេត្ត។
ការចិញ្ចឹមឃ្មុំក្នុងខ្សែសង្វាក់ផលិតកម្មតភ្ជាប់ កែច្នៃ និងប្រើប្រាស់បានជំរុញឲ្យមុខរបរចិញ្ចឹមឃ្មុំសម្រាប់យកទឹកឃ្មុំនៅក្នុងឃុំ Phong Lai និយាយដោយឡែកនិងផលិតកម្មកសិកម្មនៅស្រុក Thuan Chau ខេត្ត Son La និយាយរួម ក្នុងទិសដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នាំមកនូវតម្លៃខ្ពស់ជួយប្រជាជនក្លាយជាអ្នកមានប្រកបដោយនិរន្តរភាព៕