កងកម្លាំងសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមចេញដំណើរទៅជួយសង្គ្រោះនៅប្រទេសមីយ៉ាន់ម៉ា
(VOVWORLD) - នៅរសៀលថ្ងៃទី ៣០ មីនា យន្តហោះដឹកកងកម្លាំងសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាម បានចេញដំណើរនៅវេលាម៉ោង ៣ និង ៣០ នាទីរសៀល ឆ្ពោះទៅកាន់ទីក្រុងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា)។
គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមបានឡើងយន្តហោះទៅបំពេញបេសកកម្មជួយសង្គ្រោះ ជំនះផលវិបាកនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ា (រូបថត៖ qdnd.vn) |
យប់នេះ គណៈប្រតិភូនឹងពិភាក្សាជាមួយប្រទេសមិត្ត និងបេសកកម្មអន្តរជាតិ ដើម្បីឯកភាពលើបេសកកម្មមួយចំនួននិងកំណត់ផែនការឆ្លើយតប។ តាមគម្រោង នៅព្រឹកថ្ងៃស្អែក (៣១ មីនា) កម្លាំងសង្គ្រោះនៃកងទ័ពវៀតណាមនឹងចាប់ផ្តើមបំពេញបេសកកម្ម។
នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងកងកម្លាំងសង្គ្រោះ មុននឹងចាកចេញទៅមីយ៉ាន់ម៉ា នារសៀលថ្ងៃទី៣០ ខែមីនា (រូបថត៖ TTXVN) |
មុននោះ នារសៀលថ្ងៃនេះ ក្នុងសន្និសីទប្រគល់ភារកិច្ចជូនកងកម្លាំងដែលចូលរួមជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានស្នើឱ្យសមាជិកគណៈប្រតិភូបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ មានស្មារតីទទួលខុសត្រូវខ្ពស់បំផុត សាមគ្គីភាព ឯកភាពគ្នា ពុះពារជំនះរាល់ការលំបាក សម្រេចបាននូវភារកិច្ចដែលបក្ស រដ្ឋ និងកងទ័ពប្រគល់ជូន៕