កិច្ចប្រជុំជាប្រចាំរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា
(VOVWORLD) - កាលពីរសៀលថ្ងៃទី ២៥ វិច្ឆិកា កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
កិច្ចប្រជុំជាប្រចាំរបស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា។
(រូបថត៖ VOV Phnom Penh) |
នេះគឺជាព្រឹត្តិការណ៍ជាប្រចាំដ៏សំខាន់ ដែលរួមផ្សំនឹងសមយុទ្ធរួមរវាងកងទ័ពនៃ ប្រទេសទាំងបី ហើយបានក្លាយជាគំរូនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស ជិតខាងទាំងបី។
នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួង ការពារជាតិវៀតណាមបានសង្កត់ធ្ងន់ថា៖ វៀតណាម - ឡាវ - កម្ពុជា គឺជាអ្នកជិតខាង ដ៏ជិតស្និទ្ធ។ កត្តាប្រវត្តិសាស្ត្រ និងធម្មជាតិបានបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងបីអាចគាំទ្រ និងបំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បី រួមរស់ អភិវឌ្ឍន៍ និងការពារគ្នាទៅវិញទៅមក។ វៀតណាមផ្តល់អាទិភាពកំពូលជានិច្ចដល់ការពង្រឹង និងពង្រីកទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត និងស្អិតរមួតជាមួយឡាវ និងកម្ពុជា។ លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានសង្កត់ធ្ងន់ថា៖ ជំនួបជាប្រចាំរវាងរដ្ឋមន្ត្រីក្រសួង ការពារជាតិនៃប្រទេសទាំងបី គឺជានិមិត្តរូបនៃចំណងសាមគ្គីភាព និងមិត្តភាពរវាង ឡាវ-វៀតណាម-កម្ពុជា។ កងទ័ពនៃប្រទេសទាំងបី គឺជាកម្លាំងស្នូលក្នុងការកសាង ការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏មានតម្លៃរវាង ប្រទេសទាំងបី។
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបីបានឯកភាពរក្សាប្រកបដោយ ប្រសិទ្ធភាពនូវយន្តការកិច្ចប្រជុំជាប្រចាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី; រៀបចំ ការហ្វឹកហ្វឺន និងសមយុទ្ធរួមគ្នាជាប្រចាំរវាងកងទ័ពនៃប្រទេសទាំងបី ដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី; បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការ គ្រប់គ្រង និងការពារព្រំដែន; ចែករំលែកព័ត៌មាន និងស្ថានភាពជាប្រចាំ បង្កើនការ ល្បាតរួមគ្នា ប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងបទល្មើសឆ្លងដែនគ្រប់ប្រភេទ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅតំបន់ព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច; បន្តពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីអន្តរជាតិ និងតំបន់ ជាពិសេសយន្តការនានាក្នុងអាស៊ាន៕