កាយវិការរបស់ក្រុមហាម៉ាស និងអ៊ីស្រាអែលនៅមុនការចរចាដំណាក់កាលទី ២ នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ ក្រុមហាម៉ាសបានប្រកាសថា ត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយអ៊ីស្រាអែលលើដំណាក់កាលទី ២ នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា បន្ទាប់ពីបានបញ្ចប់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនិងអ្នកទោសប៉ាឡេស្ទីនក្នុងដំណាក់កាលទី ១ ។
នាថ្ងៃទី ២៦ ខែកុម្ភៈ ក្រុមហាម៉ាស និងអ៊ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីប្រគល់សាកសពចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៤ នាក់ និងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ៦០២ នាក់ មុនពេលដំណាក់កាលទី ១ បានបញ្ចប់។ បន្ទាប់ពីទទួលបានចំណាប់ខ្មាំង រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈថា នឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីបន្តការពិភាក្សា។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa'ar បានបញ្ជាក់ថា ប្រទេសនេះបានបញ្ជូនគណៈប្រតិភូទៅទីក្រុងគែរ ដើម្បីស្វែងយល់ពីលទ្ធភាពនៃការចរចា ហើយមិនបញ្ជាក់ពីការចរចាលើដំណាក់កាលទី ២ នោះទេ។
ក្រុមហាម៉ាសប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥។ រូបថត៖ REUTERS/TTXVN |
ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា មានរយៈពេល ៦ សប្តាហ៍នឹងបញ្ចប់នៅថ្ងៃទី ១ ខែមីនា ចំពិធីបុណ្យរ៉ាម៉ាដានរបស់អ្នកកាន់សាសនាឥស្លាម។ ដំណាក់កាលទី ២ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ ប៉ុន្តែត្រូវបានពន្យារពេលជាបន្តបន្ទាប់អស់រយៈពេលជិតមួយខែមកហើយ។ បច្ចុប្បន្ន ការចរចាលើដំណាក់កាលទី២មិនទាន់បានធ្វើឡើងទេ។ អ៊ីស្រាអែលបានស្នើដំណោះស្រាយមួយសម្រាប់ក្រុមហាម៉ាស បន្ទាប់ពីបញ្ចប់ការដោះលែងចំណាប់ខ្មាំងក្នុងដំណាក់កាលទី ១ រួមមាន៖ ក្រុមហាម៉ាស់ត្រូវរំសាយអាវុធ មេដឹកនាំក្រុមហាម៉ាសត្រូវនិរទេស ឬបោះបង់ការគ្រប់គ្រងតំបន់ហ្គាហ្សា។ ប្រសិនបើក្រុមហាម៉ាស់ទទួលយកលក្ខខណ្ឌមួយក្នុងចំណោម២នេះ ភាគីទាំងពីរនឹងចរចាដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀង ហើយចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែង ជម្លោះក៏នឹងបញ្ចប់ផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើក្រុមហាម៉ាស់បញ្ចប់បទឈប់បាញ់ ជម្លោះនឹងវិលត្រឡប់មកវិញ៕