ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគឺជាលំហូរដ៏សំខាន់នៅក្នុងទំនាក់ទំនងវៀតណាម - ចិន

(VOVWORLD) -  ក្នុងឱកាសខួបលើកទី ៧៥ ឆ្នាំនៃទិវាបុណ្យជាតិវៀតណាម ខួបលើកទី ៧១ ឆ្នាំនៃទិវាបុណ្យជាតិចិន និងខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន នាថ្ងៃទី ២៩ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញជួបសន្ទនាគ្នាតាមទូរស័ព្ទ។

ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគឺជាលំហូរដ៏សំខាន់នៅក្នុងទំនាក់ទំនងវៀតណាម - ចិន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ TTXVN) 

ក្នុងកិច្ចសន្ទនានេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋចិន តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងអ្នកជិតខាងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ព្រមទាំងអះអាងថា ចិននឹងបន្តគាំទ្រវៀតណាមដើម្បីបំពេញយ៉ាងល្អប្រសើរនូវភារកិច្ចជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជាប្រធានប្តូរវែនរបស់អាស៊ានក្នុងឆ្នាំ ២០២០។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំចិនរូបនេះបានសម្តែងនូវការត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយថ្នាក់ដឹកនាំវៀតណាម ក្នុងការជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថិរភាពរបស់តំបន់និងពិភពលោក។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping  បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម  ក៏ដូចជាកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងប្រទេសទាំង ២ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត នាពេលកន្លងមក។

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងវៀតណាមនិងចិនទោះបីឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រក៏ដោយ ប៉ុន្តែចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការតែងតែជាចរន្តដ៏សំខាន់ជានិច្ច។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានលើកឡើងថា ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ភាគីទាំងពីរបានធ្វើសកម្មភាពផ្លាស់ប្តូរគ្នា ក្នុងទម្រង់ជាច្រើន ហើយសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែកដល់ការពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - ចិនផងដែរ។ លើសពីនេះទៀត ភាគីទាំងពីរក៏បានរួមគ្នាដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ ជាពិសេសបញ្ហានៅសមុទ្រ តាមស្មារតីនៃការយល់ដឹងជាទូទៅរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរ ស្របតាមច្បាប់អន្តរជាតិ ដែលបានចូលរួមចំណែក រក្សាបរិយាកាសសន្តិភាព និងស្ថេរភាពសម្រាប់ការអភិវឌ្ឍរបស់បក្សនីមួយៗ និងប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ