ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន នឹងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើង
(VOVWORLD) - នាថ្ងៃទី ១១ មេសា អញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាស នៃ ដំណើរទស្សនកិច្ចនៅវៀតណាម របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោកស៊ី ជីនពីង (ថ្ងៃទី ១៤ ដល់ ១៥ មេសា) តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស លោកតូ ឡឹម និងប្រធានរដ្ឋលោក លឿង គឿង, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់សឺន បានចាត់ទុកថា នេះជាព្រឹត្តិការណ៍នយោបាយការបរទេសដ៏សំខាន់របស់បក្សទាំងពីរ និងប្រទេសទាំងពីរ ដែលជះឥទ្ធិពលយូរអង្វែង លើការអភិវឌ្ឍទំនាក់ទ្វេភាគី។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺនផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានទាំងជាតិនិងអន្តរជាតិ អំពីសកម្មភាពកិច្ចការបរទេសនាពេលខាងមុខ (រូបថត៖ TTXVN) |
ក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក ស៊ី ជីនពីង នឹងអញ្ជើញមានជំនួបពិភាក្សាកម្រិតខ្ពស់ជាមួយអគ្គលេខាបក្ស លោក តូ ឡឹមនិងប្រធានរដ្ឋ លោក លឿង គឿង និងមានជំនួបជាមួយនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន ដើម្បីពិភាក្សាលើវិធានការនិងទិសដៅសំខាន់ៗ ក្នុងគោលបំណង ជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យផ្សេងៗ។ ក្រៅពីនោះ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោកស៊ី ជីនពីង ក៏នឹងអញ្ជើញចូលរួមក្នុងសកម្មភាពកិច្ចការបរទេសសំខាន់ៗ មួយចំនួនទៀត។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប៊ុយ ថាញ់ សឺន បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមកំពុងទន្ទឹងរង់ចាំ និងរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងសម្រេចបានលទ្ធផលល្អក្នុងទិដ្ឋភាពមួយចំនួនដូចជា៖ បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់; កំណត់ទិសដៅសំខាន់ៗ និងផ្នែកសំខាន់ៗសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ; ពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗ រវាងប្រទេសទាំងពីរ ក្នុងទិសដៅបង្កើនគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព; ដោះស្រាយដោយសមស្របរាល់បញ្ហាព្រំដែនដែលនៅសេសសល់ គ្រប់គ្រងនិងដោះស្រាយឲ្យបានល្អជាង រាល់ជម្លោះដែនសមុទ្រស្របតាមការយល់ដឹងរួមកម្រិតខ្ពស់។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃភាគីទាំងពីរនឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការប្រមាណ ៤០ លើវិស័យជាច្រើន បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពបន្ថែមទៀតនាពេលខាងមុខ៕