ទឹក​ប្រាក់ជិត ១២០.០០០ ដុល្លារ ត្រូវបានបរិច្ចាកតាម​រយៈកម្មវិធីសិល្បៈ "វៀតណាមមោះមុត"

(VOVWORLD) - នាយប់ថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងហាណូយ ទូរទស្សន៍ឌីជីថល VTC និងវិទ្យុសំឡេងវៀតណាម (VOV) បានសម្របសម្រួលជាមួយកាសែត Ha Noi Moi និងក្រុមហ៊ុន Oscar Media រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “វៀតណាមមោះមុត” សំដៅរួមដៃគ្នាដើម្បីប្រជាជនរងផលប៉ះពាល់ដោយខ្យល់ព្យុះ។ 

នេះគឺជាកម្មវិធីសប្បុរសធម៌សំដៅបរិច្ចាគថវិកាទាំងអស់ដែលបានរៃអង្គាស ដល់ប្រជាជននៅតំបន់រងគ្រោះដោយទឹកជំនន់ តាមរយៈគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម។

ទឹក​ប្រាក់ជិត ១២០.០០០ ដុល្លារ ត្រូវបានបរិច្ចាកតាម​រយៈកម្មវិធីសិល្បៈ កម្មវិធីសិល្បៈ "វៀតណាមមោះមុត" បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសិល្បៈ Au Co (ហាណូយ) នាយប់ថ្ងៃទី ១៧ កញ្ញា។ រូបថត៖ VTC News

កម្មវិធីនេះ បាននាំមកជូនទស្សនិកជននូវការសម្តែងសិល្បៈ អំពីសេចក្តីស្រលាញ់អាណិតអាសូររវាងមនុស្ស និងលើកទឹកចិត្តប្រជាជនឱ្យជម្នះពុះបារលើការឈឺចាប់និងការបាត់បង់ដែលបណ្តាលមកពីទឹកជំនន់នៅបណ្តាខេត្តភាគខាងជើង។ ដោយការរំជួលចិត្តចំពោះរូបភាព និងព័ត៌មាននៅក្នុងបទយកការណ៍ និងការចែករំលែករបស់អ្នកយកព័ត៌មាន លោក Nguyen Khac Tuan មកពីសារជីវកម្មអប់រំនិងវិនិយោគ EI បានឲ្យដឹងថា៖

“ទឹកជំនន់លើកនេះគួរឱ្យភ័យរន្ធត់ណាស់។ ពេលមើលវីដេអូនេះ ខ្ញុំមានអារម្មណ៍ខ្លោចផ្សានិងអាណិតខ្លាំងណាស់ ហើយតាមរយៈកម្មវិធីនេះ ខ្ញុំចង់ផ្តាំផ្ញើទឹកចិត្តរបស់ខ្លួននិងសារជីវកម្ម ទៅកាន់ជនរងគ្រោះដោយទឹកជំនន់ ដោយបរិច្ចាគសាច់ប្រាក់ចំនួន ១០០ លានដុង (ជាង ៤.៣០០ដុល្លារអាមេរិក) និងអាហារូបករណ៍អប់រំមានតម្លៃសរុប ១ ពាន់លានដុង (ជាង ៤៣.០០០ ដុល្លារអាមេរិក)។ រូបខ្ញុំផ្ទាល់ក៏ចង់ជាអ្នកឧបត្ថម្ភដល់កុមារកំព្រាចំនួន ១០នាក់ក្រោយទឹកជំនន់រហូតដល់ពេលប្អូនៗបានចូលរៀនមហាវិទ្យាល័យ”។

តាមរយៈកម្មវិធីនេះ អ្នកឧបត្ថម្ភ និងសប្បុរសជនបានបរិច្ចាគថវិកាចំនួន ២.៨៥០ លានដុង (ជិត ១២០.០០០ ដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភប្រជាជននៅតំបន់រងគ្រោះដោយព្យុះទីហ្វុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ