ទីក្រុងហូជីមិញនឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI
(VOVWORLD) - គម្រោងមជ្ឈមណ្ឌលទិន្នន័យ AI ដែលមានទីតាំងនៅក្នុងមណ្ឌលឧស្សាហកម្ម Tan Phu Trung ទីក្រុងហូជីមិញ ជាមួយនឹងទុនវិនិយោគចំនួន ២,១ ពាន់លានដុល្លារអាមេរិក នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំនេះ។
ព័ត៌មាននេះ ត្រូវបានប្រកាសដោយក្រុមវិនិយោគិន នៅក្នុងកិច្ចប្រជុំជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Van Duoc នៅព្រឹកថ្ងៃទី ១១ ខែមីនា។
គម្រោងនេះត្រូវបានតម្រងទិស សម្រាប់ផ្គត់ផ្គង់សមត្ថភាពគណនា បម្រើតម្រូវការនៃបញ្ញាសិប្បនិម្មិត និងការគណនាកម្រិតខ្ពស់ សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាតម្រូវការ AI ដែលជាកម្មសិទ្ធិរបស់សវៀតណាម។ បច្ចេកវិទ្យានៃគម្រោងនេះ ធានាបាននូវភាពសមស្របតាមនិន្នាការអភិវឌ្ឍន៍ទូទៅ បំពេញតាមស្តង់ដារបច្ចេកទេសខ្ពស់ សន្សំសំចៃថាមពល និងស្និទ្ធស្នាលជាមួយបរិស្ថាន។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ AI នៅមណ្ឌលឧស្សាហកម្ម Tan Phu Trung។ រូបថត៖ Thu Hoai/TTXVN |
គម្រោងនេះមានគោលបំណងកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យទំនើប និងបំពេញស្តង់ដារអន្តរជាតិ; ជំរុញការស្រាវជ្រាវនិងការអនុវត្តបញ្ញាសិប្បនិម្មិតនៅក្នុងផ្នែក និងវិស័យផ្សេងៗ; រួមចំណែកដល់ការបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅទីក្រុងហូជីមិញ។
ជាមួយនឹងការអនុវត្តគម្រោងនេះ ទីក្រុងហូជីមិញនឹងក្លាយជាមូលដ្ឋានដំបូងគេនៅក្នុងប្រទេសដែលសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដោយរួមចំណែកដល់ការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ក៏ដូចជាបញ្ហាផ្សេងទៀតដែលទីក្រុងកំពុងប្រឈមមុខ៕