នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញផ្ញើលិខិតជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (១៤-១៦ មេសា) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញផ្ញើលិខិតជូនពរដល់ប្រជាពលរដ្ឋខ្មែរ អ្នកមុខអ្នកការនិងព្រះសង្ឃ។
ពុទ្ធបរិស័ទនៅវត្តឃ្លាំង (ក្រុងសុកត្រាំង) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី (រូបថត៖ VOV) |
អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជាង ១,៣លាននាក់ តែងតែជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃផែនមហាសាមគ្គីជនជាតិទាំងមូល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាងនិងការពារជាតិ ដែលដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម។ បក្ស និងរដ្ឋវៀតណាម តែងតែកំណត់ការងារជនជាតិ និងសាសនាជាបញ្ហាយុទ្ធសាស្ត្រជាមូលដ្ឋាន យូរអង្វែង និងបន្ទាន់; ជាភារកិច្ចរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយ ហើយត្រូវតែយកចិត្តទុកដាក់ និងដឹកនាំយ៉ាងដិតដាម តាមគោលនយោបាយខ្ជាប់ខ្ជួនគឺ "គ្រប់ក្រុមជនជាតិទាំងអស់ស្មើភាពគ្នា សាមគ្គីភាព គោរព និងជួយគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍ជាមួយគ្នា”។
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋានបន្តផ្តល់អាទិភាពលើធនធានសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ កែលំអរជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនជាតិខ្មែរ; ដែលក្នុងនោះ ផ្តោតការយកចិត្តទុកដាក់ជាពិសេសលើវិស័យសុខាភិបាល អប់រំ និងវប្បធម៌; អនុវត្តន៍ការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៍ជនជាតិខ្មែរ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ ទន្ទឹមនឹងនោះ ពង្រីកតួនាទីរបស់ជនមានកិត្យានុភាព អ្នកមុខអ្នកការ បញ្ញវន្ត និងគំរូជឿនលឿនឆ្នើមក្នុងចំណោមក្រុមជនរួមជាតិខ្មែរ; បំផុសស្មារតី ជឿជាក់លើខ្លួនឯង ពង្រឹងខ្លួនឯង និងមោទនភាពជាតិក្នុងចំណោមជនរួមជាតិខ្មែរ រួមចំណែកបង្កើតកម្លាំងរួមនៃផែនមហាសាមគ្គីជនជាតិទាំងមូលក្នុងយុគសម័យថ្មី៕