នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ ជ្រើសរើសដៃគូ និងបច្ចេកវិទ្យាសមស្រប ដើម្បីអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរ និញ ធួន ២
(VOVWORLD) - ចាំបាច់ត្រូវជ្រើសរើសដៃគូ និងបច្ចេកវិទ្យាសមស្រប ដើម្បីអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរ និញ ធួន ២ ឲ្យបានឆាប់រហ័ស។ នេះជាការណែនាំរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការដឹកនាំការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានធ្វើឡើងនាយប់ថ្ងៃទី ៧ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ)។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ដឹកនាំសម័យប្រជុំ។ រូបថត៖ Lai Hoa/VOV |
នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បំពេញឯកសារ និងរបាយការណ៍ស្តីពីការបញ្ចប់កិច្ចសហប្រតិបត្តិការវិនិយោគនិងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ និញធួន ២ ជាមួយដៃគូមុន ហើយត្រៀមខ្លួនសម្រាប់ការចរចា ស្របតាម បទបញ្ញត្តិនៃសន្ធិសញ្ញាអន្តរជាតិ និងច្បាប់ពាក់ព័ន្ធ។ ទន្ទឹមនឹងនោះ ត្រូវរៀបចំផែនការចរចាលើបញ្ហាដែលមិនទាន់ដោះស្រាយ ដើម្បីពិភាក្សា និងចរចាជាមួយដៃគូទាក់ទងនឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ និញធួន ១ ហើយរាយការណ៍ជូនភ្នាក់ងារសមត្ថកិច្ច អំពីបញ្ហាជំពាក់ជំពិន ដើម្បីធានាការបញ្ចប់រួចរាល់នៅខែមករា ឆ្នាំនេះ ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសម័យប្រជុំ ។ រូបថត៖ Lai Hoa/VOV |
នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងការបរទេសបន្តគាំទ្រក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សារជីវកម្មអគ្គិសនីវៀតណាម (EVN) សារជីវកម្មថាមពល និងឧស្សាហកម្មជាតិវៀតណាម (PVN) និងស្ថាប័នពាក់ព័ន្ធនានា ក្នុងដំណើរការផ្លាស់ប្តូរ និងចរចាជាមួយដៃគូ និងផ្តល់យោបល់ជាបន្ទាន់តាមរយៈបណ្តាញការទូត ដើម្បីជំរុញការដោះស្រាយការលំបាក និងឧបសគ្គក្នុងកិច្ចសហប្រតិបត្តិការវិនិយោគនិងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ៕