នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមីនានិងរយៈពេល ៣ ខែដើមឆ្នាំ ២០២៥
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ មេសា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមីនានិងរយៈពេល ៣ខែដើមឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមីនា ឆ្នាំ ២០២៥ និងសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយមូលដ្ឋាន ដោយពិភាក្សាអំពីខ្លឹមសារសំខាន់ៗជាច្រើន (រូបថត៖ VGP/Nhat Bac) |
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចាត់ទុកថា នាពេលថ្មីៗនេះ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ហើយសមតុល្យសំខាន់ៗត្រូវបានធានា; ផលិតកម្មនិងអាជីវកម្មបង្ហាញសញ្ញា ប្រសើរឡើង; សន្តិសុខសង្គមត្រូវបានធានា ជីវភាពប្រជាជនបន្តបានកែលំអរ។ ទន្ទឹមនឹងនោះ កំណែទម្រង់រដ្ឋបាល ការប្រឆាំងអំពើពុករលួយ ការងារខ្ជះខ្ជាយ និងអវិជ្ជមានត្រូវបានលើកកម្ពស់; ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីត្រូវបានរក្សា; សណ្តាប់ធ្នាប់ និងសន្តិសុខសង្គមត្រូវបានធានា កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិត្រូវបានលើកកម្ពស់។
ថ្វីត្បិតដូច្នេះក៏ដោយ ប៉ុន្តែប្រមុខរដ្ឋាភិបាលក៏បានចង្អុលបង្ហាញពីការលំបាក និងបញ្ហាប្រឈមនានា រួមទាំងការប្រកាសរបស់សហរដ្ឋអាមេរិកអំពីការកែសម្រួលយ៉ាងខ្លាំងចំពោះគោលនយោបាយពន្ធដារ ដែលបានជះឥទ្ធិពលដល់ប្រទេសវៀតណាមផងដែរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទនោះ ចាំបាច់ត្រូវរក្សានូវអាកប្បកិរិយាស្ងប់ស្ងាត់ ក៏ដូចជាភាពម៉ឺងម៉ាត់ និងភាពវៃឆ្លាតរបស់ប្រជាជនវៀតណាម ដើម្បីដោះស្រាយ ដោយមានការច្នៃប្រឌិត មានភាពបត់បែន សមស្រប ប៉ុន្តែមានប្រសិទ្ធភាព ព្រមទាំង ចែករំលែកជាមួយដៃគូ ជាពិសេសកិច្ចសហប្រតិបត្តិការ បើកទូលាយទីផ្សារផ្សេងទៀត ការធ្វើពិពិធកម្មទីផ្សារ ការធ្វើពិពិធកម្មផលិតផល ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយតំបន់ផ្សេងទៀត។ ទន្ទឹមនឹងនោះ យើងត្រូវយល់អំពីស្ថានភាព និងឆ្លើយតបជាមួយនឹងគោលនយោបាយសកម្ម ទាន់ពេលវេលា បត់បែន និងមានប្រសិទ្ធភាព។
ទាក់ទងនឹងភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥ និងពេលវេលាដែលនៅសល់នៃឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ពីការងារត្រូវអនុវត្តន៍ភ្លាមៗ និងរយៈពេលវែង ដើម្បីអាចឆ្លើយតបទៅនឹងលទ្ធភាពកើតមានឡើងសង្គ្រាមពាណិជ្ជកម្ម និង គោលនយោបាយពន្ធគយទៅវិញទៅមករបស់សហរដ្ឋអាមេរិក។ ចាត់ទុកថានេះជាឱកាសដើម្បីខិតខំស្ទុះឈានទៅមុខ រួមចំណែកក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ទីផ្សារ ផលិតកម្ម និងការនាំចេញ។
ក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវផ្តោតលើការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប ៨ % ឬច្រើនជាងនេះយ៉ាងសកម្ម; ជាមួយគ្នានេះ រៀបចំអង្គភាពរដ្ឋបាលឡើងវិញ ក្នុងទិសដៅបង្រួម និងមានប្រសិទ្ធភាព...៕