នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងលោកជំទាវចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែន
(VOVWORLD) - កាលពីថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Las Americas រដ្ឋធានី Santo Domingo ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែនតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី សាធារណរដ្ឋដូមីនីកែន លោក Luis Abinader និងលោកជំទាវ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងលោកជំទាវ មកដល់អាកាសយានដ្ឋាន Las Americas រដ្ឋធានី Santo Domingo ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ
ដូមីនីកែន។ (រូបថត៖ VOV) |
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅអាកាសយានដ្ឋាន ដោយមានវត្តមានរបស់មន្ត្រីដូមីនីកែនមួយចំនួននិងតំណាងស្ថានទូតវៀតណាមប្រចាំនៅគុយបានិងទទួលបន្ទុកដូមីនីកែន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកជំទាវ និងគណៈប្រតិភូវៀតណាមបានអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធស្ថាបនិកសាធារណរដ្ឋដូមីនីកែន និងដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធស្ថាបនិកនៃសាធារណរដ្ឋដូមីនីកែន ក្នុងរដ្ឋធានី Santo Domingo។
ចាកចេញពីវិមានរំលឹកវិញ្ញាណក្ខន្ធ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានជួបជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ ដូមីនីកែន លោក Luis Rodolfo Abinader Corona និងបានជួបពិភាក្សាការងារជាផ្លូវការ។ លោកប្រធានាធិបតី Luis Rodolfo Abinader Corona បានចាត់តុកថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅ ដូមីនីកែនលើកនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបង្កើតសន្ទុះថ្មី និងបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ដូមីនីកែន។ ដូមីនីកែនមានបំណងចង់ពន្លឿនយុទ្ធសាស្ត្រពង្រឹងទំនាក់ទំនងការទូតជាមួយវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានជួបពិភាក្សាការងារជាផ្លូវការជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ ដូមីនីកែន លោក Luis Rodolfo Abinader Corona។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់ទុកថា៖ វៀតណាមនិងសាធារណៈរដ្ឋដូមីនីកែន មានភាពស្រដៀងគ្នាជាច្រើន៖ សេដ្ឋកិច្ចទាំងពីរអាចបំពេញបន្ថែមឲ្យគ្នានិងជំរុញគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ; ប្រទេសទាំងពីរមានវប្បធម៌ដ៏វិសេសវិសាល; មានភូមិសាស្ត្រនយោបាយសំខាន់នៅក្នុងតំបន់អាស៊ាន និងអាមេរិកខាងត្បូង; មានទំនុកចិត្ត នយោបាយខ្ពស់... នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីប្រទេសទាំងពីរជំរុញទំនាក់ទំនងសហប្រតិបត្តិការឱ្យឡើងកំពស់ថ្មី។ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យភាគីទាំងពីរពន្លឿនការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី; កិច្ចព្រមព្រៀងលើកទឹកចិត្តនិងការពារការវិនិយោគ; កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ ការអប់រំ បណ្តុះបណ្តាល ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចព្រមព្រៀងស្តីពីទិដ្ឋាការដែលបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ការផ្លាស់ប្តូររវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានពិភាក្សាអំពីវិធានការដើម្បីបន្តពង្រីកកិច្ចព្រមព្រៀងសហប្រតិបត្តិការ ព្រមទាំងពន្លឿនកិច្ចព្រមព្រៀងថ្មី និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យដូចជា ការពារជាតិ ទូរគមនាគមន៍ ប្រេងឧស្ម័ន ទេសចរណ៍ និងវិស័យផ្សេងៗទៀតដែលមានសក្តានុពល។ ក្នុងបរិបទនៃស្ថានភាពអន្តរជាតិបច្ចុប្បន្ន ភាគីទាំងពីរបានឯកភាពគ្នាអំពាវនាវឱ្យមានសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។ វៀតណាមនឹងធ្វើជាស្ពានសម្រាប់ ដូមីនីកែន សហប្រតិបត្តិការជាមួយអាស៊ាន ហើយ ដូមីនីកែន នឹងធ្វើជាស្ពានសម្រាប់វៀតណាមសហប្រតិបត្តិការជាមួយតំបន់អាមេរិកខាងត្បូងផងដែរ។
បញ្ចប់ជំនួបពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកែន លោក Luis Abinader បានធ្វើសន្និសីទសារព័ត៌មានរួមដើម្បីប្រកាសលទ្ធផលនៃជំនួបពិភាក្សា ហើយធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕