នាយករដ្ឋមន្ត្រីស្នើឲ្យបង្កើតពានរង្វាន់បន្ថែមទៀតដើម្បីលើកតម្កើងនារីវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងជាស្ត្រី នៃបណ្តាស្ថាប័នមជ្ឈិម និងបានប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ ២០២៥។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងជាស្ត្រីនៃបណ្តាស្ថាប័នមជ្ឈិម និងប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ២០២៥។ រូបថត៖ Lai Hoa/VOV |
ពានរង្វាន់នេះត្រូវបានដាក់ឈ្មោះតាមអ្នកគណិតវិទូស្ត្រីរុស្ស៊ីឆ្នើម នៃសតវត្សរ៍ទី ១៩ គឺលោកស្រី Sophia Kovalevskaia។ ក្នុងរយៈពេលជាង ៤១ ឆ្នាំ (ពីឆ្នាំ ១៩៨៥ - ២០២៦) មានសមូហភាពចំនួន ២៣ និងអ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមចំនួន ៥៨ នាក់បានទទួលពានរង្វាន់នេះ ដោយមានសមិទ្ធផលលេចធ្លោ និងការរួមចំណែកនូវគំនិតច្នៃប្រឌិតមានលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែងខ្ពស់។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ Lai Hoa/VOV |
នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងដំណើរការអភិវឌ្ឍន៍ និងនៅមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរ ស្ត្រីវៀតណាមគឺជាធនធានផ្ទៃក្នុងដ៏ខ្លាំងក្លា ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការដឹកនាំ និងធ្វើជាម្ចាស់លើឱកាសថ្មីៗ។ នាយករដ្ឋមន្ត្រីបានស្នើឱ្យសហភាពនារីវៀតណាមពិចារណារៀបចំពានរង្វាន់បន្ថែមទៀតដើម្បីលើកតម្កើងដល់អ្នកវិទ្យាសាស្ត្រជាស្ត្រី មិនត្រឹមតែក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រទៀតផង៖ “ខ្ញុំគិតថា គួរតែមានពានរង្វាន់មួយទៀត ក្រៅពីពានរង្វាន់ Kovalevskaia ដែលរៀបចំឡើងក្នុងឱកាសទិវានារីអន្តរជាតិ ទី ៨ ខែមីនា ដោយសារយើងក៏មានទិវានារីមួយផ្សេងទៀតដែរ គឺថ្ងៃទី ២០ ខែតុលា ជាទិវាប្រពៃណីរបស់នារីវៀតណាម។ ខ្ញុំស្នើឱ្យរៀបចំពានរង្វាន់ "ស្ត្រីដែលមានទេពកោសល្យ ច្នៃប្រឌិត និងលះបង់"។ តាមនោះ បង្ហាញពីវីរភាពនិងវប្បធម៌ស្នូលរបស់នារីវៀតណាម ហើយពានរង្វាន់នេះ ដាក់ឈ្មោះតាមលោកស្រី Nguyen Thi Thap (អ្នកដឹកនាំបដិវត្តន៍ដ៏ល្បីមួយ ជាអតីតប្រធានសហភាពនារីវៀតណាម និងជាស្ត្រីវៀតណាមតែម្នាក់គត់ដែលទទួលបានមេដាយផ្កាយមាស) រៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ខែតុលា ដើម្បីលើកតម្កើងដល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់នារីវៀតណាម”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថតរូបជាមួយតំណាងថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងជាស្ត្រីនៃបណ្តាស្ថាប័នមជ្ឈិម និងអ្នកដែលទទួលបានពានរង្វាន់ Kovalevskaia ឆ្នាំ២០២៥។ រូបថត៖ Lai Hoa/VOV |
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីសង្ឃឹមថា នារីវៀតណាមនឹងពង្រីកថែមទៀតនូវបេសកកម្មដ៏សំខាន់ នៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម៕