នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន ធ្វើទស្សនកិច្ចនៅអគ្គក្រុមហ៊ុន ទិនកាង សាយហ្គន
(VOVWORLD) - នាថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានអញ្ជើញទៅទស្សនានិងធ្វើការនៅកំពង់ផែ ទិនកាង - កាតឡាយ ចំណុះអគ្គក្រុមហ៊ុន កំពង់ផែ ទិន កាង សាយហ្គននៃកងទ័ពជើងទឹក។
ថ្នាក់ដឹកនាំនៃកងទ័ពជើងទឹក និងអគ្គក្រុមហ៊ុនកំពុងផែទិនកាង សាយហ្គន បានស្វាគមន៍នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន (រូបថត៖ qdnd.vn) |
អញ្ជើញថ្លែងក្នុងពិធី នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានមានប្រសាសន៍ថា៖ រដ្ឋាភិបាលវៀតណាមបានបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ឡាវក្នុងការធ្វើអាជីវកម្ម និងប្រតិបត្តិការនៅកំពង់ផែ វូង អាង់ ដែលបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់ខ្លួនសម្រាប់ប្រទេសឡាវ ជួយ ឡាវពីប្រទេសគ្មានសមុទ្រ អាចមានផ្លូវទៅកាន់សមុទ្រ រួមចំណែកដល់កំណើនដ៏គួរឱ្យចាប់អារម្មណ៍នៃទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនាំចេញកសិកម្ម រ៉ែ និងអគ្គិសនី។ យោងតាមនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន លទ្ធផលនោះមានការរួមចំណែកយ៉ាងសំខាន់ពី សហគ្រាសការពារជាតិ និងសន្តិសុខវៀតណាម ជាពិសេសអគ្គក្រុមហ៊ុនកំពុងផែ ទិនកាង សាយហ្គន ដែលបានរៀបចំសកម្មភាពជាច្រើនដូចជាសិក្ខាសាលាតភ្ជាប់ពាណិជ្ជកម្មជាមួយសហគ្រាសទាំងក្នុង និងក្រៅប្រទេសដែលកំពុងប្រតិបត្តិការនៅប្រទេសឡាវ។
នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានបន្ថែមថា៖ បច្ចុប្បន្ននេះ ប្រទេសឡាវកំពុងស្ថិតក្នុងដំណើរការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង។ ដំណើរទស្សនកិច្ចទៅកាន់កំពង់ផែ ទិនកាង សាយហ្គន ជួយប្រទេសឡាវបានរៀនសូត្រ និងទទួលបានបទពិសោធន៍ក្នុងការគ្រប់គ្រងកំពង់ផែ ប្រតិបត្តិការ និងសេវាកម្មដឹកជញ្ជូន រួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃការនាំចូល និងនាំចេញទំនិញ៕