បំពេញតម្រូវការលំនៅដ្ឋាន និងសិទ្ធិទទួលបានលំនៅដ្ឋានរបស់ប្រជាជន
(VOVWORLD) - សម័យប្រជុំលើកទី ៤ នៃគណៈកម្មាធិការដឹកនាំមជ្ឈឹម ស្តីពីគោលនយោបាយលំនៅដ្ឋាន និងទីផ្សារអចលនទ្រព្យ បានធ្វើឡើងនាថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងហាណូយ។ សម័យប្រជុំនេះមានគោលបំណងដោះស្រាយឧបសគ្គអំពីរបៀបរបបចំពោះការជួល និងទិញលំនៅដ្ឋានសង្គម។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ដោយសង្កត់ធ្ងន់លើការសម្រេចបាន និងការលើសគោលដៅនៃការបង្ហើយផ្ទះ១០០ពាន់ខ្នងក្នុងឆ្នាំនេះ ឆ្ពោះទៅគោលដៅបង្ហើយលំនៅដ្ឋាន ១ លានខ្នង នៅឆ្នាំ ២០២៨ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបញ្ជាក់ថា ការអភិវឌ្ឍលំនៅដ្ឋានសង្គមបង្ហាញពីលក្ខណៈមនុស្សសាស្រ្ត និងរួមចំណែកដល់ស្ថិរភាពលំនៅដ្ឋានសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង វិស័យ និងមូលដ្ឋានមានការសម្រេចចិត្តបន្ថែមទៀតទាក់ទងនឹងលំនៅដ្ឋានសង្គម ដោយកំណត់អត្តសញ្ញាណ និងដោះស្រាយឧបសគ្គណាមួយដែលជួបប្រទះក្នុងអំឡុងពេលដំណើរការតាមរយៈគោលនយោបាយ និងយន្តការសមស្រប។ ទាក់ទងនឹងទីផ្សារអចលនទ្រព្យ និងលំនៅដ្ឋានពាណិជ្ជកម្ម លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
“ទីមួយ កសាងមូលដ្ឋានទិន្នន័យលំនៅដ្ឋានដែលគួរតែបង្ហើយរួចជាស្រេចនៅត្រីមាសទីមួយនៃឆ្នាំ ២០២៦ រួមមានមូលដ្ឋានទិន្នន័យលើទីផ្សារអចលនទ្រព្យ លំនៅដ្ឋានពាណិជ្ជកម្ម លំនៅដ្ឋានសង្គម លំនៅដ្ឋានបណ្តោះអាសន្ន លំនៅដ្ឋានទ្រុឌទ្រោម។ល។ ទីពីរ ដោះស្រាយឧបសគ្គលើរបៀបរបប ដូចជាការជួល ការទិញ លំនៅដ្ឋានសង្គម... ដោយធ្វើយ៉ាងម៉េចឲ្យមានភាពបត់បែន និងងាយស្រួលសម្រាប់ប្រជាជន និងអាជីវកម្មក្នុងការទិញ និងមានសិទ្ធិជួល ឬផ្ទេរ”។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាបន្តពិនិត្យ និងបំពេញបន្ថែមគ្រួសារនៅក្នុងតំបន់ដែលរងផលប៉ះពាល់ជាញឹកញាប់ដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុឱ្យមានគោលនយោបាយឧបត្ថម្ភធន ធានាសុវត្ថិភាពលំនៅដ្ឋាន ដើម្បីកុំឱ្យ "គ្មាននរណាម្នាក់ត្រូវទុកចោលពីក្រោយ" ក្នុងការទទួលបានសិទ្ធិលំនៅដ្ឋាន៕