ប្រទេសនានាផ្ញើសាររំលែកទុក្ខដល់ឥណ្ឌា
(VOVWORLD) - ភ្លាមៗ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះនៅប្រទេសឥណ្ឌា ក្នុងថ្ងៃ១២ ខែមិថុនា ប្រមុខរដ្ឋនិងមន្ត្រីជាន់ខ្ពស់មកពីប្រទេសផ្សេងៗ បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅក្នុងទម្រង់ជាច្រើន។
នៅក្នុងសារមួយទៅកាន់នាយករដ្ឋមន្ត្រី Modi ប្រមុខទីប្រឹក្សាបង់ក្លាដែសបានសង្កត់ធ្ងន់លើសាមគ្គីភាពជាមួយប្រជាជននិងរដ្ឋាភិបាលឥណ្ឌា ដោយបញ្ជាក់ថា នឹងគាំទ្រយ៉ាងពេញទំហឹងដល់ឥណ្ឌា។
ព្រះមហាក្សត្រ Charles នៃប្រទេសអង់គ្លេស និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក៏បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិទាំងអស់នៃអ្នករងគ្រោះដោយឧបទ្ទវហេតុនេះ។ ក្នុងការចូលរួមរំលែកទុក្ខ អគ្គលេខាធិការសមាគមអ្នកបើកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស Amy Leversidge បានសង្កត់ធ្ងន់ថា ប្រការសំខាន់គឺអនុវត្តន៍ការស៊ើបអង្កេតពេញលេញ និងទូលំទូលាយនៅពេលនេះ ដើម្បីបញ្ចៀសសោកនាដកម្មនាពេលអនាគត។ មុននោះ អាជ្ញាធរឥណ្ឌាបានប្រកាសថា មានពលរដ្ឋអង់គ្លេសចំនួន ៥៣ នាក់នៅលើយន្តហោះ។
នៅក្នុងអត្ថបទជាផ្លូវការមួយផ្ញើទៅកាន់នាយករដ្ឋមន្ត្រី Modi និងបង្ហោះនៅលើគេហទំព័រវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការរំលែកទុក្ខ និងការលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula Von Der Leyen បានសរសេរនៅលើបណ្តាញ X ដោយសង្កត់ធ្ងន់លើសាមគ្គីភាពរបស់អឺរ៉ុបជាមួយប្រទេសនិងប្រជាជនឥណ្ឌា។ ប្រធានាធិបតីបារាំង Emmanuel Macron នាយករដ្ឋមន្ត្រីអៀរឡង់ Michael Martin និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះ និងរដ្ឋាភិបាលឥណ្ឌា៕