ប្រព័ន្ធផ្សព្វផ្សាយថៃ៖ ផែនការរៀបចំឡើងវិញស្ថាប័នរដ្ឋរបស់វៀតណាមគឺជាការបោះជំហានដ៏ធំធែង
(VOVWORLD) - សារព័ត៌មានថៃជាច្រើនដូចជា Bangkok Post, The Nation និង Today សុទ្ធតែមានអត្ថបទស្តីពីការដែលរដ្ឋសភាវៀត ណាមអនុម័តលើផែនការបង្រួមក្បាលម៉ាស៊ីនរដ្ឋ ដោយបញ្ជាក់ថា នេះជាការបោះជំហានដ៏សំខាន់មួយដែលត្រូវបានវៀតណាមជំរុញយ៉ាងខ្លាំង ជាមួយនឹងគោលដៅសន្សំការចំណាយថវិកា និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធទាំង មូល។
កាសែត Online Today របស់ថៃបានចុះផ្សាយអត្ថបទដោយបញ្ជាក់ថា នេះត្រូវបានចាត់ទុកជាកំណែទម្រង់ដ៏ធំរបស់វៀតណាមចាប់តាំងពីការអនុវត្តគោលនយោបាយ "Doi Moi" (ផ្លាស់ប្តូរថ្មី) ក្នុងឆ្នាំ ១៩៨៦ ដែលជាដំណាក់កាលចាប់ផ្តើមសម្រាប់ដំណើរការសមាហរណកម្មរបស់វៀតណាមទៅក្នុងសេដ្ឋកិច្ចពិភពលោក និងសមិទ្ធិផលដ៏អស្ចារ្យនាពេលបច្ចុប្បន្ននេះ។ អត្ថបទក៏បានចាត់ទុកថា នេះជាការបោះជំហានយ៉ាងទាន់ពេលវេលារបស់វៀតណាមក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងពិភពលោក។
កាសែតធំៗក្នុងប្រទេសថៃបានរាយការណ៍អំពីការបង្រួមក្បាលម៉ាស៊ីនរដ្ឋនៅវៀតណាម។ រូបថត៖ PV/VOV-Bangkok |
ទន្ទឹមនឹងនោះ កាសែតអនឡាញ The Nation បានរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល(វិសោធនកម្ម) ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ដោយត្រួសត្រាយផ្លូវសម្រាប់ការអនុម័តលើផែនការកាត់បន្ថយ ១៥% ទៅ ២០% នៃក្បាលម៉ាស៊ីនរដ្ឋ។ នេះជាផែនការកំណែទម្រង់យ៉ាងដិតដល់ក្នុងបរិបទដែលវៀតណាមខំប្រឹងប្រែងកាត់បន្ថយការចំណាយនិងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពរដ្ឋបាល។
កាសែតបាងកកប៉ុស្តិ៍ ក៏មានអត្ថបទវិភាគអំពីផែនការបង្រួមក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាលវៀតណាម។ យោងតាមកាសែតបាងកកប៉ុស្តិ៍ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកាត់បន្ថយនីតិវិធីរដ្ឋបាលត្រូវបានចាត់ទុកជាគន្លឹះដើម្បីដោះសោគោលដៅកំណើនសេដ្ឋកិច្ច ៨% ដែលវៀតណាមកំពុងជំរុញក្នុងឆ្នាំនេះ ដោយមានគោលបំណងខិតខំជំរុញកំណើនពីរខ្ទង់ក្នុងឆ្នាំខាងមុខ។
អត្ថបទទាំងនេះក៏បានដកស្រង់សុន្ទរកថារបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម កាលពីខែធ្នូឆ្នាំ ២០២៤ ដោយបញ្ជាក់ថា ផែនការបង្រួមក្បាលម៉ាស៊ីនរដ្ឋគឺជារបៀបវារៈដ៏សំខាន់របស់ប្រទេសជាតិ៕