ពិភពលោកនិងប៉ាឡេស្ទីនស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា
(VOVWORLD) - បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងចលនាឥស្លាមហាម៉ាសត្រូវបានប្រកាសនៅព្រឹកថ្ងៃទី ១៦ មករា អង្គការសហប្រជាជាតិនិងប្រទេសជាច្រើនបានស្វាគមន៍ចំពោះរបកគំហើញនេះ ដោយបានចាត់ទុកវាជាសញ្ញាវិជ្ជមានក្នុងការរក្សាស្ថិរភាពនៅមជ្ឈិមបូព៌ា។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ចំពោះបទឈប់បាញ់នៅតំបន់ហ្គាហ្សា ចាត់ទុកវាជា "ជំហានដំបូងដ៏សំខាន់"៖ “អាទិភាពរបស់យើងគឺកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីជម្លោះ។ អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ និងពង្រីកការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាពដល់ប្រជាជនប៉ាឡេស្ទីនដែលត្រូវការជំនួយ។ ប្រការចាំបាច់គឺបទឈប់បាញ់ត្រូវដោះស្រាយឧបសគ្គផ្នែកសន្តិសុខនិងនយោបាយសំខាន់ៗ ក្នុងការផ្តល់ជំនួយនៅទូទាំងតំបន់ហ្គាហ្សា”។
ប្រជាជនប៉ាឡេស្ទីនបានប្រតិកម្មចំពោះព័ត៌មាននៃកិច្ចព្រមព្រៀងនេះដោយការសាទរតាមដងវិថីនៅទូទាំងតំបន់ហ្គាហ្សា។ មនុស្សជាច្រើនបានអបអរសាទរ គ្រវីទង់ជាតិប៉ាឡេស្ទីន និងរាំជាមួយគ្នា។
ប្រជាជនប្រមូលផ្តុំគ្នានៅមុខស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីថ្ងៃទី១៦ ខែមករា ដើម្បីអបអរបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ រូបថត៖ AFP |
ជម្លោះនៅតំបន់ហ្គាហ្សាអូសបន្លាយរយៈពេល ១៥ ខែ។ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូង បណ្តាលឲ្យមនុស្សប្រហែល ១.២០០នាក់បានស្លាប់ និងចាប់ចំណាប់ខ្មាំងរាប់រយនាក់ក្នុងខែតុលា ឆ្នាំ ២០២៣។ បន្ទាប់មក ទីក្រុង Tel Aviv បានបើកយុទ្ធនាការមួយនៅតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្សជាង ៤៦.៧០០នាក់ស្លាប់ និងមនុស្សជាង ១១០.០០០នាក់រងរបួស។
កិច្ចព្រមព្រៀងនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៩មករា។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាក់ថា ក្នុងរយៈពេល៦សប្តាហ៍ខាងមុខ អ៊ីស្រាអែលនឹងបន្តការចរចាលើបញ្ហាចាំបាច់ ដើម្បីឆ្ពោះទៅរកដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងជាមួយនឹងគោលដៅបញ្ឈប់ជម្លោះជាស្ថាពរ៕