ពិភពលោកប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីអាវុធនុយក្លេអ៊ែរ

(VOVWORLD) - វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុង Stockholm (SIPRI) នៅថ្ងៃទី ១៧ ខែមិថុនា បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំដែលបញ្ជាក់ថាប្រទេសម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរនៅលើពិភពលោក កំពុងបង្កើនការវិនិយោគលើប្រភេទអាវុធប្រល័យលោកនេះ ដោយបង្កហានិភ័យយ៉ាងខ្លាំងក្លាដល់សន្តិសុខពិភពលោក។

យោងតាមរបាយការណ៍របស់ SIPRI បានឱ្យដឹងថា នៅឆ្នាំ២០២៣ ការចំណាយលើអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោកត្រូវបានប៉ាន់ប្រមាណឈានដល់ ៩១,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣% បើធៀបនឹងឆ្នាំ ២០២២ និងជាចំនួនដ៏ខ្ពស់កំណត់ត្រាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ។ លោក Wilfred Wan នាយកកម្មវិធីស្រាវជ្រាវអាវុធប្រល័យលោករបស់ SIPRI បានសង្កត់ធ្ងន់ថា ចាប់តាំងពីសង្គ្រាមត្រជាក់មក អាវុធនុយក្លេអ៊ែរមិនដែលមានតួនាទីលេចធ្លោនៅក្នុងទំនាក់ទំនងអន្តរជាតិដូចសព្វថ្ងៃនេះទេ។

យោងតាម SIPRI ប្រទេសម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរទាំង៩ (អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង) បានបង្កើនការចំណាយលើប្រភេទអាវុធនេះ ដែលសហរដ្ឋអាមេរិកជាប្រទេសចំណាយច្រើនជាងគេ ដោយមានចំនួន ៥១,៥ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺប្រទេសចិន (១១,៩ ពាន់លានដុល្លារ) និងរុស្ស៊ី (៨,៣ ពាន់លានដុល្លារ)។ SIPRI ជឿជាក់ថា និន្នាការកើនឡើងការចំណាយលើអាវុធនុយក្លេអ៊ែរនឹងបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយជំរុញឱ្យពិភពលោកប្រឈមមុខនឹងហានិភ័យសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ