ភ្ញៀវទេសចរអន្តរជាតិដំបូងមកវៀតណាមនៅដើមនិទាឃរដូវឆ្នាំម្សាញ់ សប្ដស័ក ២០២៥
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែមករា (ត្រូវនឹងថ្ងៃទី ១ នៃបុណ្យតេតឆ្នាំម្សាញ់ សប្តស័ក) មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Vinh Long បានរៀបចំពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិដំបូងដែលមកកាន់ខេត្ត Vinh Long នៅដើមនិទាឃរដូវនៃឆ្នាំថ្មី មកពីបណ្តាប្រទេស៖ អាល្លឺម៉ង់ បារាំង អូស្ត្រាលី អូទ្រីស ស្វីស...
ភ្ញៀវទេសចរដែលមក Vinh Long ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មីសុទ្ធតែទទួលបានអំណោយ។
(រូបថត៖ Chanh Tuy/VOV) |
ក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត Vinh Long បានជូនផ្កា និងអំណោយប្រពៃណីរបស់ខេត្តដល់ភ្ញៀវអន្តរជាតិ។ សកម្មភាពទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរអន្តរជាតិជាដំបូងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញពីប្រពៃណីវប្បធម៌ដ៏រួសរាយរាក់ទាក់របស់ប្រជាជន Vinh Long ព្រមទាំងក៏គូសសញ្ញានូវការចាប់ផ្ដើមថ្មីនៃផ្នែកទេសចរណ៍របស់ខេត្ត ក្នុងឆ្នាំ ២០២៥ ផងដែរ។
ភ្ញៀវទេសចរប៉ូឡូញជាង ៥០០នាក់មកទស្សនាខេត្ត Khanh Hoa។ (រូបថត៖ Thai Binh/VOV) |
នៅថ្ងៃដដែល ភ្ញៀវទេសចរប៉ូឡូញជាង ៥៣០ នាក់ នៅតាមជើងហោះហើររបស់ ក្រុមហ៊ុន SkyUp Airlines បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh។ នេះជាជើងហោះហើរដំបូងនៃឆ្នាំម្សាញ់ សប្ដស័ក ២០២៥ ដែលដឹកភ្ញៀវទេសចរមក ពីអឺរ៉ុបមកកាន់ទីក្រុង Nha Trang ខេត្ត Khanh Hoa។ ក្នុងអំឡុងពេល១០ថ្ងៃស្នាក់នៅ Nha Trang - Khanh Hoa ក្រុមភ្ញៀវទេសចរនឹងទៅទស្សនាឈូងសមុទ្រ Nha Trang ជិះទូកក្ដោងនៅឈូងសមុទ្រ Nha Trang។ លោកស្រី Nguyen Thi Le Thanh នាយិកា មន្ទីរទេសចរណ៍ខេត្ត Khanh Hoa បានឲ្យដឹងថា៖
“ការទទួលស្វាគមន៍ជើងហោះហើរពីទីផ្សារថ្មី គឺប្រទេសប៉ូឡូញ ក្នុងថ្ងៃដំបូងនៃ បុណ្យតេតប្រពៃណី គឺជាឱកាសសម្រាប់ខេត្ត Khanh Hoa ផ្សព្វផ្សាយទេសចរណ៍ដល់ ភ្ញៀវអឺរ៉ុប។ ខេត្ត Khanh Hoa កំពុងបន្តជំរុញទេសចរណ៍នៅទីផ្សារអឺរ៉ុប”៕