(VOVWORLD) - រដ្ឋាភិបាលវៀតណាមនាថ្ងៃទី ២១ ខែធ្នូ បានប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម។ ទន្ទឹមនឹងនោះ ក៏បង្កើតក្រុមប្រឹក្សាប្រតិបត្តិនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម ដោយមានឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ្វាប៊ិញ ជាប្រធានក្រុមប្រឹក្សា។
សន្និសីទប្រកាសបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ រូបថត៖ VOV |
ក្នុងឱកាសនេះ VOV5 សូមឧទ្ទេសនាមនូវបញ្ជីមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលទាំង ១០ នៅលើពិភពលោក ដែលចាត់ថ្នាក់ដោយអង្គការ Z/Yen (ចក្រភពអង់គ្លេស) និងវិទ្យាស្ថានអភិវឌ្ឍន៍ចិន (CDI)។ ក្នុងនោះ រួមមានមជ្ឈមណ្ឌលចំនួន ៤ នៅសហរដ្ឋអាមេរិក មណ្ឌលចំនួន ៣ នៅប្រទេសចិន មណ្ឌលចំនួន ១ នៅចក្រភពអង់គ្លេស មណ្ឌលចំនួន ១ នៅសិង្ហបុរី និងមណ្ឌលចំនួន ១ នៅកូរ៉េខាងត្បូង។
១. ញូវយ៉ក (New York)
ទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេបំផុតរបស់ពិភពលោក ដែលមានទីស្នាក់ការនៃផ្សារហ៊ុនញូវយ៉ក (NYSE) និងផ្សារហ៊ុនបច្ចេកវិទ្យា Nasdaq។ នេះក៏ជាទីកន្លែងប្រមូលផ្តុំធនាគារវិនិយោគឈានមុខគេដូចជា Goldman Sachs និង Morgan Stanley រួមជាមួយនឹងសាជីវកម្មគ្រប់គ្រងទ្រព្យសកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។ ចំណុចខ្លាំងរបស់ទីក្រុងញូវយ៉កបានមកពីទំហំដ៏ធំសម្បើមនៃទីផ្សារមូលធន ធនាគារវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ធ្លាប់បានទៅទស្សនា និងរោទ៍កណ្តឹងបើកផ្សារហ៊ុន NYSE ដែលជាផ្សារហ៊ុនធំជាងគេបំផុតរបស់ពិភពលោក។ រូបថត៖ VOV |
២. ទីក្រុងឡុងដ៍ (London)
ទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្តូរប្រាក់បរទេសធំជាងគេបំផុតរបស់ពិភពលោក ដោយគ្រប់គ្រងប្រតិបត្តិការប្តូរប្រាក់បរទេសជាង ៤០% នៃពិភពលោក។ ទីក្រុងនេះក៏ឈានមុខគេក្នុងការធានារ៉ាប់រងសកល (ជាពិសេស Lloyd's) រួមជាមួយនឹងចំណុចខ្លាំងក្នុងហិរញ្ញវត្ថុបៃតង និងការគ្រប់គ្រងទ្រព្យសកម្ម។ ផ្នែកហិរញ្ញវត្ថុរួមចំណែកជាង ១២% នៃ GDP សរុបរបស់ចក្រភពអង់គ្លេស - ខ្ពស់បំផុតក្នុងចំណោមវិស័យទាំងអស់ - និងបង្កើតការងារធ្វើដោយផ្ទាល់ចំនួន ៤០០,០០០-៥០០,០០០កន្លែងនៅទីក្រុងឡុងដ៍ និងការងារចំនួន ២,៥ លានកន្លែងនៅទូទាំងប្រទេស។
៣. ហុងកុង (Hong Kong)
ទីក្រុងហុងកុង (ចិន) គឺជាទីផ្សារមូលធនបើកចំហបំផុតរបស់អាស៊ី និងជាច្រកទ្វារដ៏សំខាន់ ដែលតភ្ជាប់ជាមួយចិនដីគោក។ នៅឆ្នាំ ២០២២ សេវាកម្មហិរញ្ញវត្ថុមានចំនួនប្រហែល ២៣% នៃ GDP សរុបរបស់ទីក្រុង ដោយបង្កើតការងារធ្វើសម្រាប់មនុស្សចំនួន ២៧០,០០០ នាក់ (៧% នៃការងារសរុប)។ ចំណុចខ្លាំងរបស់ហុងកុង ស្ថិតក្នុងការចុះបញ្ជីភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម និងការទូទាត់ប្រាក់យន់ (RMB) នៅបរទេស។
៤. សិង្ហបុរី (Singapore)
ទីក្រុងសិង្ហបុរីគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏រឹងមាំបំផុតរបស់អាស៊ីអាគ្នេយ៍ ដែលល្បីល្បាញដោយមានតម្លាភាព ស្ថិរភាពនយោបាយ និងបរិយាកាសផ្លូវច្បាប់ប្រកបដោយសុវត្ថិភាព។ លើសពីនេះ ទីក្រុងសិង្ហបុរីក៏មានភាពលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុពាណិជ្ជកម្ម ហិរញ្ញវត្ថុសមុទ្រ និងសេវាកម្មគ្រប់គ្រងហានិភ័យសកល។ សេវាកម្មហិរញ្ញវត្ថុមានចំនួនប្រហែល ១៤% នៃ GDP សរុបរបស់ប្រទេសសិង្ហបុរី និងមានបុគ្គលិកប្រហែល ២៧០.០០០នាក់ (៧% នៃកម្លាំងពលកម្ម) ដែលប្រមូលផ្តុំក្នុងវិស័យដូចជា ធនាគារ ធានារ៉ាប់រង និង fintech៕
៥. សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)
ចំណុចខ្លាំងរបស់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ មកពីទំនាក់ទំនងជិតស្និទ្ធជាមួយ Silicon Valley ដែលជាប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោក។ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូគឺជាមជ្ឈមណ្ឌលសម្រាប់ការបណ្តាក់ទុនមូលធន និងដើមទុនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចាប់ផ្តើមអាជីវកម្ម។ ចំណុចខ្លាំងរបស់ទីក្រុងនេះក៏ស្ថិតក្នុងការអភិវឌ្ឍប្លុកឆេន(blockchain) គ្រីបតូ ការទូទាត់ឌីជីថល និងសេវាកម្មហិរញ្ញវត្ថុដែលដំណើរការដោយ AI។ ការបណ្តាក់ទុនមូលធន និង fintech បានបង្កើតខឿនសេដ្ឋកិច្ចច្នៃប្រឌិតដ៏ធំមួយ ដែលរួមចំណែករាប់រយប៊ីលានដុល្លារដល់ GDP សរុបរបស់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។
៦. ឈីកាហ្គោ (Chicago)
ទីក្រុងឈីកាហ្គោ(សហរដ្ឋអាមេរិក)គឺជា "រដ្ឋធានីនិស្សន្ទវត្ថុ" របស់ពិភពលោក ដែលមានទីស្នាក់ការកណ្តាលរបស់ CME Group និង Cboe។ ទីក្រុងនេះនាំមុខគេក្នុងការជួញដូរនាពេលអនាគត ដែលជាឧបករណ៍ការពារហានិភ័យសម្រាប់វិស័យថាមពល កសិកម្ម និងហិរញ្ញវត្ថុ។ សេវាកម្មហិរញ្ញវត្ថុរួមចំណែកប្រហែល ៨% នៃ GDP សរុបរបស់រដ្ឋ អ៊ីលីណយ និងប្រើប្រាស់ពលកម្មជាង ៣៣០.០០០ នាក់។
៧. ឡូសអាន់ជឺឡេស (Los Angeles)
ទីក្រុងឡូសអាន់ជឺឡេស (សហរដ្ឋអាមេរិក) គឺជាមជ្ឈមណ្ឌលដ៏ធំមួយសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិ មូលនិធិវិនិយោគ និងហិរញ្ញវត្ថុកម្សាន្តនៅសហរដ្ឋអាមេរិក។ សេវាកម្មហិរញ្ញវត្ថុរួមចំណែកជាង ៦០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំដល់សេដ្ឋកិច្ចក្នុងតំបន់។ ចំណុចលេចធ្លោនៃទីក្រុងឡូសអាន់ជឺឡេស គឺការតភ្ជាប់រវាងហិរញ្ញវត្ថុ ភាពយន្ត និងអចលនទ្រព្យ។
៨. សៀងហៃ (Shanghai)
ទីក្រុងសៀងហៃគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេនៅប្រទេសចិនដីគោក ដែលមានផ្សារហ៊ុនធំៗ ផ្សារ STAR និងធនាគាររដ្ឋជាច្រើន។ ទីក្រុងសៀងហៃកំពុងលេចចេញជាមជ្ឈមណ្ឌលសម្រាប់នាំចេញមូលបត្របៃតង និងហិរញ្ញវត្ថុនៃហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។
៩. សិនជិន (Shenzhen)
ទីក្រុងសិនជិន (ចិន) គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលជំរុញដោយសារជីវកម្មបច្ចេកវិទ្យាដូចជា Tencent និង Ping An។ ចំណុចខ្លាំងរបស់ទីក្រុងនេះ ស្ថិតក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ការទូទាត់ឌីជីថល បណ្តាក់ទុនមូលធន និងប្លុកឆេន(blockchain)។ ទីក្រុងសិនជិនគឺជាការរួមបញ្ចូលគ្នារវាងគំរូនវានុវត្តន៍បែប Silicon Valley ជាមួយនឹងទីផ្សារមូលធន និងវិស័យធនាគារ។
១០. សេអ៊ូល (Seoul)
ទីក្រុងសេអ៊ូលគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង ដែលប្រមូលផ្តុំនូវធនាគារធំៗ ក្រុមហ៊ុនធានារ៉ាប់រង និងផ្សារហ៊ុនកូរ៉េខាងត្បូង។ ទីក្រុងនេះមានប្រៀបខ្លាំងខាងមូលបត្របំណុល បច្ចេកវិទ្យាទូទាត់ និងធនាគារឌីជីថល៕