រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីសេដ្ឋកិច្ចវៀតណាមបង្កើនល្បឿន
(VOVWORLD) - ដោយយកឈ្នះលើការប្រែប្រួលដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៃស្ថានភាពពិភពលោក កំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០២៤ សម្រេចបាន ៧,០៩% លើសពីគោលដៅដែលរដ្ឋសភាបានដាក់ចេញ។
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទី ៤ និងឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ៦ មករា នៅទីក្រុងហាណូយ ប្រធានអគ្គនាយកដ្ឋានស្ថិតិ ក្រសួងផែនការ និងវិនិយោគ លោកស្រី Nguyen Thi Huong បានឲ្យដឹងថា៖ លទ្ធផលវិជ្ជមានក្នុង ឆ្នាំ ២០២៤ គឺជាចំណុចសំខាន់មួយសម្រាប់ឈានចូលឆ្នាំ ២០២៥ សេដ្ឋកិច្ចនឹងបង្កើនល្បឿននិងឈានដល់ទីបញ្ចប់ ដោយសម្រេចបាននូវគោលដៅខ្ពស់បំផុតក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម រយៈពេល៥ឆ្នាំ ដំណាក់កាល ២០២១ - ២០២៥។ វៀតណាមគឺជាចំណុចភ្លឺនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកជាមួយនឹងការព្យាករណ៍កំណើនខ្ពស់ជាងប្រទេសភាគច្រើននៅក្នុងតំបន់ ហើយការព្យាករណ៍ត្រូវបានបង្កើននាប៉ុន្មានខែចុងឆ្នាំ នៅពេលដែលបរិបទសេដ្ឋកិច្ចកាន់តែមានស្ថិរភាព។
ប្រធានអគ្គនាយកដ្ឋានស្ថិតិ ក្រសួងផែនការ និងវិនិយោគ លោកស្រី Nguyen Thi Huong ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទី ៤ និងឆ្នាំ ២០២៤។ រូបថត៖ mpi.gov.vn |
ក្នុងឆ្នាំ ២០២៤ ផលិតកម្មឧស្សាហកម្មមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់នៅពេលដែលតម្លៃឧស្សាហកម្មបានកើនឡើង ៨,៣២% ខ្ពស់ជាងតួរលេខឆ្នាំ ២០២៣ គឺ ៥,៣៤%។ ការនាំចេញទំនិញកើនឡើង ១៤,៣% ។ សន្ទស្សន៍ CPI ក្នុងឆ្នាំ ២០២៤ បានកើនឡើង ៣,៦៣% បើធៀបនឹងឆ្នាំមុន ឈានដល់គោលដៅដែលរដ្ឋសភាបានដាក់ចេញ។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មានកំណើន ១០,៦% ខ្ពស់ជាងកំណើន ៥,៤% ក្នុងឆ្នាំ ២០២៣។ លោកស្រី Nguyen Thi Huong បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយប្រការនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីសម្រេចបាននូវគោលដៅកំណើនក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់៕