រុស្ស៊ីនិងបារាំងអំពាវនាវឱ្យ IAEA ធ្វើអធិការកិច្ចលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia

(VOVWORLD) - វិមានក្រឹមឡាំងកាលពីថ្ងៃទី ១៩ ខែសីហា បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យ មានអធិការកិច្ចឯករាជ្យមួយ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគ អាគ្នេយ៍អ៊ុយក្រែន។

រុស្ស៊ីនិងបារាំងអំពាវនាវឱ្យ IAEA ធ្វើអធិការកិច្ចលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia - ảnh 1ទិដ្ឋភាពទូទៅនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។ (រូបថតឯកសារ៖ AFP/VNA)
នៅថ្ងៃដដែល នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយ វិមានប្រធានាធិបតី បារាំងបានឲ្យដឹងថា លោកប្រធានាធិបតី Macron “គាំទ្រចំពោះការបញ្ជូនបេសកកម្ម អ្នកជំនាញមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទៅកាន់រោងចក្រ Zaporizhzhia ដោយមានការយល់ព្រមរបស់អ៊ុយក្រែន និងអង្គការសហប្រជាជាតិ"។ យោងតាមសេចក្តីប្រកាសនោះ លោកប្រធានា ធិបតី Macron នឹងបន្តពិភាក្សាជាមួយ សមភាគីរុស្ស៊ី "ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ អំពីបញ្ហាទាក់ទងនឹងរោងចក្រ Zaporizhzhia បន្ទាប់ពីភាគីនានាពិភាក្សាអំពីបញ្ហាបច្ចេកទេស ហើយមុនពេលដាក់ ពង្រាយបេសកកម្មផ្លូវការ"។
គួរបញ្ជាក់ផងដែរថា Zaporizhzhia  គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត នៅអឺរ៉ុប។ រោងចក្រនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីខែមីនាកន្លងមក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានការវាយប្រហារដោយយោធាជាច្រើនបានកើត មានក្នុងតំបន់នេះ។ បច្ចុប្បន្ននេះ រុស្ស៊ីនិងអ៊ុយក្រែន កំពុងចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់កាំភ្លើងធំទៅលើរោងចក្រនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ