រុស្ស៊ីនឹងមិនចាកចេញពីមជ្ឈិមបូព៌ាឡើយ; ត្រៀមខ្លួនរួចជាស្រេចដើម្បីទាក់ទងជាមួយរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump
Dang Cuong/VOV រុស្ស៊ី -  
(VOVWORLD) - កាលពីថ្ងៃទី១៤ ខែមករា ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ សហព័ន្ធ រុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា រុស្ស៊ីនឹងមិនចាកចេញពីមជ្ឈិមបូព៌ាឡើយ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov សន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ (រូបថត៖ Sputnik) |
រុស្ស៊ីនៅតែរក្សាស្ថានទូតរបស់ខ្លួនក្នុងប្រទេសស៊ីរី ហើយមានទំនាក់ទំនងជាប្រចាំជាមួយរដ្ឋាភិបាលថ្មីរបស់ស៊ីរី ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រការសន្ទនារវាងបក្សពួកនានា ដើម្បីជួយរក្សាស្ថិរភាពស្ថានការណ៍នៅស៊ីរី និងបានសម្តែងក្តីសង្ឃឹមថា បណ្តាប្រទេសឈូងសមុទ្រនឹងសហការគ្នាជាមួយរុស្ស៊ី ចិន អ៊ីរ៉ង់ក្នុងការដោះស្រាយបញ្ហាស៊ីរី។ រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរុស្ស៊ី-អ៊ីរ៉ង់ ដែលនឹងចុះហត្ថលេខានៅថ្ងៃទី ១៧ ខែមករា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី គឺមិនមានគោលបំណងប្រឆាំងនឹងប្រទេសណាមួយឡើយ។
ទាក់ទិននឹងទំនាក់ទំនងជាមួយអាមេរិក រដ្ឋមន្ត្រីការបរទេស Sergei Lavrov បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំនួបជាមួយរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ហើយបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងសិក្សាដោយប្រុងប្រយ័ត្ននូវទស្សនៈរបស់រដ្ឋបាលអាមេរិកថ្មីលើបញ្ហាពិភពលោក រួមទាំងអ៊ុយក្រែនផងដែរ។ ទាក់ទិននឹងទំនាក់ទំនងជាមួយចិន រដ្ឋមន្ត្រីការបរទេស Sergei Lavrov បានវាយតម្លៃថា ទំនាក់ទំនងរុស្ស៊ី-ចិន កាន់តែមានស្ថិរភាព និងរឹងមាំ ហើយជាកត្តាស្ថិរភាពបំផុតមួយនៅក្នុងឆាកអន្តរជាតិនាពេលបច្ចុប្បន្ននេះ។ ទាក់ទិននឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បានអះអាងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងលក្ខខណ្ឌថាសន្តិសុខរបស់រុស្ស៊ីត្រូវតែបានធានា ជាពិសេសការគំរាមកំហែងនៅព្រំដែនភាគខាងលិចនៃប្រទេសរុស្ស៊ីត្រូវតែលុបបំបាត់៕
Dang Cuong/VOV រុស្ស៊ី