រុស្ស៊ីនឹងវាយតម្លៃលើ​សញ្ញាពីសហរដ្ឋអាមេរិក និងកសាងជំហររបស់ខ្លួនលើផែនការសន្តិភាពអ៊ុយក្រែន

(VOVWORLD) - លោក Yuri Ushakov ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃទី ២១ ខែធ្នូបានឲ្យដឹងថា បន្ទាប់ពីការចរចារបស់បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីស្តីពីការវិនិយោគបរទេស និងសហប្រតិបត្តិការសេដ្ឋកិច្ច លោក Kirill Dmitriev នៅទីក្រុង Miami (សហរដ្ឋអាមេរិក) រុស្ស៊ីនឹងវាយតម្លៃលើសញ្ញាពីសហរដ្ឋអាមេរិក ដើម្បីកំណត់ថាសំណើណានៅក្នុងផែនការសន្តិភាពជាមួយអ៊ុយក្រែនអាចទទួលយកបាន និងមួយណាមិនអាចទទួលយកបានទាំងស្រុង។

លោក Yuri Ushakov បានសង្កត់ធ្ងន់ថា លោក Kirill Dmitriev នឹងនាំយកមកវិញនូវសញ្ញាដែលសហរដ្ឋអាមេរិកបានទទួលពីដៃគូអឺរ៉ុប និងពីអ៊ុយក្រែន។ រុស្ស៊ីនឹងពិភាក្សាលើព័ត៌មានទាំងអស់នេះ ហើយកំណត់ថា អ្វីដែលអាចទទួលយកបាន និងអ្វីដែលមិនអាចទទួលយកបាន។ លោក Yuri Ushakov បានឲ្យដឹងថា ទំនងជាសំណើភាគច្រើនដែលទាក់ទងនឹងផែនការសន្តិភាពនឹងមិនសមស្របសម្រាប់ភាគីរុស្ស៊ីទេ។ សំណើភាគច្រើនដែលដាក់ចេញក្នុងការចរចាជាមួយសហរដ្ឋអាមេរិក សុទ្ធតែមកពីភាគីអ៊ុយក្រែន និងអឺរ៉ុប ហើយយោងតាមការវាយតម្លៃរបស់តំណាងវិមានក្រឹមឡាំង សំណើទាំងនេះគឺ "មិនមានល្ខណៈស្ថាបនានោះឡើយ”។

ជំនួយការប្រធានាធិបតីរុស្ស៊ីក៏បានឲ្យដឹងថា រុស្ស៊ីនឹងនៅតែប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួនដែលបានពិភាក្សានៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក កាលពីខែសីហាកន្លងទៅ និងនៅក្នុងកិច្ចប្រជុំផ្សេងទៀតជាមួយអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ