លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ វៀតណាមយល់និងគោរពតម្លៃនៃចំណងមិត្តភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ធ្នូ នៅទីក្រុងហាណូយ ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ បានបើកជាផ្លូវការ។ ប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ពិព័រណ៍ដោយមានការចូលរួមរបស់គណៈប្រតិភូអន្តរជាតិចំនួន ៦៦ ជាមួយនឹងសហគ្រាសឧស្សាហកម្មការពារជាតិជាង ២៤០ មកពីប្រទេសចំនួន ៤៩។
នាព្រឹកថ្ងៃទី ១៩ ធ្នូ នៅទីក្រុងហាណូយ ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ បានបើកជាផ្លូវការ។ (រូបថត៖ VOV5) |
ពិធីបើកត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ជាមួយនឹងកម្មវិធីសម្តែងសិល្បៈដ៏វិសេសវិសាលរបស់កម្មាភិបាលនិងយុទ្ធជនជាង ២០០០ នាក់នៃកងទ័ពប្រជាជនវៀតណាម; ជាពិសេសកម្មវិធីហោះហើរអបអរសាទររបស់កងទ័ពជើងអាកាសវៀតណាម ការបង្ហាញក្បាច់គុនរបស់កងកម្លាំងពិសេស និងការបង្ហាញជំនាញវិជ្ជាជីវៈរបស់កម្លាំងឆ្កែជំនាញឆ្មាំព្រំដែន ...
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក។ (រូបថត៖ VOV5) |
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ជាមួយនឹងសារ “សន្តិភាព - កិច្ចសហប្រតិបត្តិការ - អភិវឌ្ឍន៍” នោះ ការតាំងពិព័រណ៍បានរួមចំណែកជំរុញកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការការពារជាតិលើគ្រប់វិស័យ៖
“វៀតណាមជាប្រទេសដែលស្រឡាញ់សន្តិភាព គោរពសេចក្តីសុចរិត និងយុត្តិធម៌ក្នុងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ។ វៀតណាមម្ចាស់ការជំរុញកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ការយោគយល់គ្នាទៅវិញទៅមក បង្ហាញភាពស្មោះត្រង់ និងកសាងទំនុកចិត្ត; រួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងសុវត្ថិភាព ទប់ស្កាត់ជម្លោះ សង្គ្រាម ស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក។ ដោយបានឆ្លងកាត់ការឈឺចាប់ ពលីកម្ម និងការបាត់បង់ជាច្រើនដោយសារសង្គ្រាម វៀតណាមយល់និងគោរពតម្លៃនៃមិត្តភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”។
ពិធីកិច្ចបើកការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤។ |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមមានទិសដៅយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិដោយភាពម្ចាស់ការ ភាពខ្លួនទីពឹងខ្លួន ទំនើបនិងសមាហរណកម្មអន្តរជាតិ៖
“ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ គឺជាការបញ្ជាក់អំពីតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ; គឺជានិមិត្តសញ្ញានៃការជឿទុកចិត្ត ការគោរព និងសុច្ឆន្ទៈសហប្រតិបត្តិការរវាងប្រទេសនានា ដើម្បីពិភពលោកប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព; គឺជាសក្ខីភាពដ៏រស់រវើកចំពោះការគាំទ្រប្រកបដោយអត្ថន័យរបស់មិត្តភក្តិអន្តរជាតិចំពោះប្រទេស ប្រជាជន និងកងទ័ពប្រជាជនវៀតណាម ដែលជាកងទ័ពវីរភាពរបស់ប្រជាជាតិវីរភាព; ដែលបង្ហាញជានិច្ចពីភាពស្មោះត្រង់ ទំនុកចិត្ត និងការទទួលខុសត្រូវចំពោះមិត្តភក្តិអន្តរជាតិ”៕