លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនៅខេត្ត Ninh Binh
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ មករា ត្រូវនឹងថ្ងៃទី ៣ នៃបុណ្យតេត អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ ឆ្នាំ ២០២៥ នៅទីលាន Dinh Tien Hoang De ក្នុងទីក្រុង Hoa Lu ខេត្ត Ninh Binh។
អញ្ជើញថ្លែងមតិនៅពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។ ដូច្នេះ ការដាំដើមឈើ ការថែរក្សា និងការពារព្រៃឈើ ដែលផ្សារភ្ជាប់នឹងយុទ្ធសាស្ត្រ "សេដ្ឋកិច្ចបៃតង" មិនត្រឹមតែមានអត្ថន័យនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវគំរូកំណើនដោយផ្អែកលើការអភិវឌ្ឍ "ហេដ្ឋារចនាសម្ព័ន្ធបៃតង" ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់អរិយធម៌អេកូឡូស៊ីទៀតផង។ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើថា គ្រប់កម្រិត គ្រប់វិស័យ និងប្រជាជនគ្រប់រូប ត្រូវយល់ដឹងយ៉ាងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួន ក្នុងការការពារបរិស្ថានអេកូឡូស៊ី បង្កើតចលនាទូលំទូលាយ ជាមួយនឹងការខិតខំប្រឹងប្រែងរួមរបស់សហគមន៍ទាំងមូល៖ “អាជ្ញាធរខេត្ត Ninh Binh គ្រប់ជាន់ថ្នាក់ បណ្តាក្រសួង មន្ទីរ រណសិរ្សមាតុភូមិវៀតណាម អង្គភាពមជ្ឈឹមនិងមូលដ្ឋាន ត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមទម្រង់ជាក់ស្តែង រស់រវើក និងជាក់ស្តែងជាច្រើន នាំមកជូនមហាជននូវគោលបំណងនិងអត្ថន័យនៃបុណ្យតេតដាំដើមឈើ; អំពីតួនាទី ឥទ្ធិពលដ៏ទូលំទូលាយ អត្ថប្រយោជន៍ដ៏ធំធេង យូរអង្វែងនិងតម្លៃមនុស្សធម៌នៃការដាំដើមឈើ។ ទន្ទឹមនឹងនោះ ចូលរួមយ៉ាងក្លៀវក្លាក្នុងចលនាដាំដើមឈើ លើកកម្ពស់ការយល់ដឹងនិងមានវិធានការការពារព្រៃឈើ ទប់ស្កាត់ភ្លើងឆេះព្រៃ បញ្ឈប់ការកាប់ឈើខុសច្បាប់ ការដុតបំផ្លាញព្រៃឈើ និងការធ្វើអាជីវកម្មព្រៃឈើខុសច្បាប់”។
លោកអគ្គលេខាបក្សបានស្នើថា គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ គ្រួសារ និងប្រជាជនគ្រប់រូប ត្រូវយល់ដឹងឱ្យបានច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួន ក្នុងការការពារបរិស្ថានអេកូឡូស៊ី។ រូបថត៖ VOV |
មុននោះ នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញ អុជធូបរំលឹកវិញ្ញាណក្ខន្ធបុព្វការីជនដែលបានរួមវិភាគទានដល់ប្រទេសជាតិនៅវិហារស្តេច Dinh Tien Hoang និងវិហារស្តេច Le Dai Hanh នៅរមណីយដ្ឋានជាតិពិសេសនៃអតីតរាជធានី Hoa Lu ខេត្ត Ninh Binh។ លោកអគ្គលេខាបក្សក៏បានអុជធូបនៅវិហារស្តេច Ly Thai To ស្តេច Tran Nhan Tong និងបុព្វបុរសនៅវិមាន Kinh Thien ខេត្ត Ninh Binh ផងដែរ៕